Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា​៖ អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ឥណ្ឌា​

spot_img

​ភ្នំពេញ​៖ ជា​លទ្ធផល សេចក្តីព្រាង​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​ត្រូវបាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ការអនុម័ត​យល់ព្រម​ដោយ​ឥត​កែប្រែ និង​ចាត់ទុក​ជា​ការប្រញាប់ ក្នុង​សម្លេង​គាំទ្រ​ចំនួន ៤៩ សំឡេង លើ​សមាជិក​-​សមាជិកា​វត្ត​មាន​ចំនួន ៥០​។​

​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម តំណាង​រាជរដ្ឋាភិបាល បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​ការពា​រ​សេចក្តីព្រាងច្បាប់​ស្តីពី​កា​រ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​១១ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​នេះ ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​ព្រម​ចំនួន ១១៣ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃ​ចន្ទ ១៤ ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។​

​លោក ប៉ាន សូរ​ស័ក្តិ បន្តថា កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍ ដូចខាងក្រោម​៖

១) បើក​ច្រកចូល​ទីផ្សារ​បាន​ទូលាយ​ជាង​មុន ដល់​អ្នក​ផ្តល់​សេវាកម្ម​នៃ​ប្រទេស​សមាជិក​ហត្ថលេខី​ទាំងអស់ រួម​ទាំង​កម្ពុជា​ផង​ដែរ​។ ប្រទេស​អភិវឌ្ឍន៍​តិចតួច ដូចជា កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ត្រូវបាន​ទទួល​នូវ​ប្រព្រឹត្តិកម្ម ពិសេស និង​ដោយឡែក ដូចជា បើក​ច្រក​ទីផ្សារ​ផ្នែក​សេវា​នៅ​ក្រៅប្រទេស និង​ផ្តល់​ភាពទន់ភ្លន់​ក្នុងការ​ធ្វើ សេរីភាវូបនីយកម្ម ជា​ជំហានៗ និង​តាម​វិស័យ​អាទិភាព​ស្របតាម​កំរិត​នៃ​ការអភិវឌ្ឍ​ជាដើម​។​

២) ជំរុញ​ឲ្យមាន​ការកើន​ឡើង​នូវ​វិនិយោគទុន​ផ្នែក​សេវា ដែល​នឹង​បង្កើត​ការងារ បង្កើន​ចំណូល​ពន្ធ ពង្រឹង​គុណភាព​និង​ការប្រកួតប្រជែង​នៃ​ការផ្គត់ផ្គង់​សេវា​នៅក្នុង​ប្រទេស​។​

៣) ផ្តល់​ភាពទន់ភ្លន់​ដល់​ភាគី​ទាំងអស់ ដើម្បី​រក្សា​ការពារ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​វិស័យ​សេវា ដែល​មាន​លក្ខណៈ​រសើប ព្រមទាំង​ផ្តល់​លទ្ធភាព​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចរចា​គ្នា ដោយ​ឈរ​លើ​ផលប្រយោជន៍​ទៅវិញទៅមក​។​

៤) ពង្រីក​ពាណិជ្ជកម្ម​សេវាកម្ម​នៅក្នុង​តំបន់​ទាំងពីរ តាមរយៈ​ការផ្គត់ផ្គង់ និង​ប្រើប្រាស់​សេវាកម្ម ឆ្លងកាត់​ព្រំដែន​លើ​ផ្នែក​សេវាកម្ម​ដែល​មិន​មាន​ការផ្គត់ផ្គង់​ក្នុងស្រុក​។ កិច្ចព្រមព្រៀង​នេះ នឹង​លើក​ទឹកចិត្ត​ឲ្យមាន​ការ បង្កើត​ការិយាល័យ​អាជីវកម្ម ឬ​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​គ្រប់គ្រង​បម្លាស់​ទី​របស់​រូបវន្តបុគ្គល​ជំនាញ​។​

​ចំពោះ​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ការសន្យា​បន្ថែម​ទៀត​ពី​ភាគី​ឥណ្ឌា លើស​ពី​អ្វី​ដែល​ភាគី​ឥណ្ឌា​បាន​សន្យា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៅ​លើ​វិស័យ និង​អនុវិស័យ ដូចខាងក្រោម ៖
១៖ វិស័យ​ធុរកិច្ច​២៖ វិស័យ​ទំនាក់ទំនង​៣៖ វិស័យ​សំណង់ និង​សេវា​ពាក់ព័ន្ធ​វិស្វកម្ម​៤៖ វិស័យ​ទេសចរណ៍ និង​សេវា​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×