Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងពេល​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ មន្ត្រី​ណា​ប្រព្រឹត្តិ​ខុស ពី​ការណែនាំ​របស់​ថ្នាក់ដឹកនាំ នឹងត្រូវ​ដាក់ពិន័យ​

spot_img

​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាសថា មន្ត្រី​រូប​ណា​ធ្វើ​ខុសពី​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ក្នុងការ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មិន​ត្រូវបាន​លើកលែង​ឡើយ នឹងត្រូវ​ដាក់ពិន័យ និង​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​ជាមួយ​មន្ត្រី នៃ​ការិយាល័យ​ចរាចរណ៍ និង​មន្ត្រី​ចរាចរណ៍​តាម​បណ្តា​អធិការ​ខណ្ឌ​ទាំង​១៤ ដែលមាន​មន្ត្រី​ចូលរួម​សរុប​ចំនួន ៧២៨ នាក់ ( បែក​ចែកជា ៤ វេណ​ផ្សេងគ្នា ) ដើម្បី​ផ្សព្វផ្សាយ​ការប្រជុំ ដក​ពិសោធន៍​នៃ​ការអនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ស្នងការ បាន​កោតសរសើរ​ដល់​កម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​ទាំងយប់​ថ្ងៃ ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ជា​លទ្ធផល នៃ​ការអនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​រយ​:​ពេល ១៣​ថ្ងៃ​កន្លងមកនេះ បានបង្ហាញ​ជា​លទ្ធផល​វិជ្ជមាន ដោយ​កាត់បន្ថយ​គ្រោះ​ចរាចរណ៍ បាន​រហូតដល់ ៤០% ជាពិសេស​ធ្វើ​ឲ្យ​អ្នកបើកបរ​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់ ដោយ​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវាត់ គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ ។ ល ។​

​ម្យ៉ាងវិញទៀត ឯកឧត្តម​ស្នងការ បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវតែមាន​ការអត់ធ្មត់​ខ្ពស់ មាន​អាកប្បកិរិយា និង​សម្តី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​ស្នងការ បាន​សង្កត់ធ្ងន់ថា ក្នុងពេល​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ បើ​មន្ត្រី​ណា​ប្រព្រឹត្តិ​ខុស ពី​ការណែនាំ​របស់​ថ្នាក់ដឹកនាំ មន្ត្រី​នោះ​នឹងត្រូវ​ដាក់ពិន័យ ក៏ដូចជា ការអនុវត្តន៍​តាម​វិន័យ​កងកម្លាំង ។​

​ជាពិសេស ឯកឧត្តម​ស្នងការ បានបញ្ជាក់​យ៉ាងច្បាស់ ដល់​មន្ត្រី​ទាំងអស់ ត្រូវតែ​ធ្វើជា​គំរូ​ល្អ ដល់​ប្រជាពលរដ្ឋ ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ ត្រូវតែ​ពាក់មួក​សុវត្ថិភាព មាន​ស្លាក​លេខ ពាក់​ខ្សែក្រវាត់ និង​កុំ​និយាយ​ទូរស័ព្ទ​ពេល​បើកបរ ( អាចនិយាយបាន​ដោយ​ប្រើ​កាស ) ។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ស្នងការ បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្ន ក្នុងការ​ថែទាំ​សុខភាព ដោយ​ពាក់​ម៉ាស​ជាប្រចាំ លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាល​វីរុស​កូ​វីដ​១៩ ដោយ​អនុវត្តតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ចំនួន​១១៤៦​គ្រឿង ល្មើសច្បាប់ ស្មើនឹង​១១៤៦ ករណី ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បង្ហាញថា ក្នុងចំណោម​យានយន្ដ​ទាំង​១១៤៦​គ្រឿង​នេះ មាន​ម៉ូតូ​ចំនួន​៧៤៦​គ្រឿង ល្មើសច្បាប់ ស្មើនឹង​៧៤៦​ករណី និង​រថយន្ដ ចំនួន​៤០០​គ្រឿង ល្មើសច្បាប់ ស្មើនឹង​៤០០​ករណី ។​

​ក្នុងនោះ​អំពើ​ល្មើស​ភាគច្រើន បើកបរ​ម៉ូតូ​អត់​មួកសុវត្ថិភាព ដោយឡែក​សម្រាប់​អ្នកបើករថយន្ដ អំពើ​ល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវាត់​, ផ្ទុកទំនិញ​លើស​, និង​ករណី ផ្សេងៗ​ជាច្រើន​ទៀត ។​

​ដោយឡែក​ក្នុង​រយៈពេល​១៣​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ចំនួន​២២.០៤២​គ្រឿង ល្មើសច្បាប់ ស្មើនឹង​២២.០៤២​ករណី ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បង្ហាញថា ក្នុងចំណោម​យានយន្ដ​ទាំង​២២.០៤២​គ្រឿង​នេះ មាន​ម៉ូតូ​ចំនួន​១៦១៣៤​គ្រឿង ល្មើសច្បាប់​ស្មើនឹង​១៦៨៧៤​ករណី និង​រថយន្ដ ចំនួន​៥៩០៨​គ្រឿង ល្មើសច្បាប់ ស្មើនឹង​៥៩៤៦​ករណី ។​

​ក្នុងនោះ​អំពើ​ល្មើស​ភាគច្រើន អត់​មួកសុវត្ថិភាព​, អត់​កញ្ចក់​, បញ្ច្រាស ។ ដោយឡែក​សម្រាប់​អ្នកបើករថយន្ដ អំពើ​ល្មើស​រួមមាន ៖ មិន​ពាក់​ខ្សែក្រវាត់​, និង​ផ្ទុកទំនិញ​លើស​, ភ្លើង ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៣​ថ្ងៃនេះ ថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ។ អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ រយៈពេល​១៣​ថ្ងៃនេះ ៕

ដោយ​៖​កូ​ឡាប​

 

spot_img
×