Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការងារ​អាស៊ាន កំពុង​រួមគ្នា​ស្វែងរក​រាល់​កិច្ច​គាំទ្រ ដល់​ជីវភាព និង​សុខភាព របស់​កម្មករនិយោជិត ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ លើ​មុខរបរ និង​ការងារ​

spot_img

​ភ្នំពេញ​៖ កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ស្តីពី “​ការឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​មុខរបរ និង​ការងារ​” នៅ​ទីស្តីការក្រសួង​ការងារ នា​រសៀល ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស​ប្រទេស​ម៉ា​ទ្បេ​ស៊ី ក្នុង​អាណត្តិ​ជា​ប្រធាន​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​។​

​នៅក្នុង​វគ្គ​នៃ​កិច្ចប្រជុំ​បើកចំហរ ក៏មាន​ការចូលរួម​ពី​លោក Guy Ryder អគ្គនាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ក៏បាន​ចូលរួម​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន ដើម្បី​រួមគ្នា​ក្នុងការ​ទប់ស្កាត់ នៃ​ការរីក​រាលដាល និង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

​ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចែករំលែក​ព័ត៌មាន​អំពី​គោលនយោបាយ និង​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់ចេញ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្មករនិយោជិត និយោជក និង​ជន​ងាយ​រងគ្រោះ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​ជា​លទ្ធផល រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បានអនុម័ត​សេចក្តីថ្លែងការណ៍​រួម​ស្តីពី “​ការឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​មុខរបរ និង​ការងារ​” ដែលមាន​៩​ចំណុច ក្នុងនោះ​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់​កិច្ច​គាំទ្រ​ដល់​ជីវភាព និង​សុខភាព​របស់​កម្មករ​និយោជិត ពលករ​ទេសន្តរប្រវេសន៍ និង​អ្នកធ្វើការ​ក្នុង​វិស័យ​ដែល​រង​ហានិភ័យ​ខ្ពស់​, ការ​ធានាថា​កម្មករនិយោជិត​ដែល​ត្រូវបាន​បញ្ឈប់ ឬ​ព្យួរ​កិច្ចសន្យាការងារ​ទទួល​បានការ​ផ្តល់​អត្ថប្រយោជន៍​សមស្រប​តាមច្បាប់ លិខិតបទដ្ឋាន និង​លទ្ធភាព​នៃ​ប្រទេស​ជា​សមាជិក​, ការផ្តល់សេវា​ថែទាំ​សុខភាព​ដល់​កម្មករនិយោជិត​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩, ការពង្រឹង​បន្ថែម​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ទីផ្សារការងារ បទដ្ឋាន​សុវត្ថិភាព​និង​សុខភាព​ការងារ និង​ប្រព័ន្ធ​គាំពារ​សង្គម​, និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ជា​មធ្យោបាយ​ក្នុងការ​ទំនាក់ទំនង និង​ពិគ្រោះ​យោបល់​ក្នុង​អំ​ទ្បុ​ង​ពេល​មានការ​រឹតត្បិត​ជា​បណ្តោះអាសន្ន​។​

​កិច្ចប្រជុំ​ពិសេស​នេះ​គឺជា​ការបង្ហាញ​ពី​ភាពរឹងមាំ​នៃ​ស្មារតី​សាមគ្គីភាព​អាស៊ាន ដូចដែល​មានចែង​ក្នុង​បាវចនា​អាស៊ាន “​សហគមន៍​តែមួយ វាសនា​តែមួយ​” ក្នុងការ​ឆ្លើយតប​រួមគ្នា​របស់​អាស៊ាន​ចំពោះ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ​៖​សម្ផស្ស​


spot_img
×