Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត និង​កែសម្រួល​ពាក្យពេចន៍ ៣​ចំណុច​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​”

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត និង​កែសម្រួល​ពាក្យពេចន៍ ៣​ចំណុច​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​”​។​

​ឯកឧត្តម ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​”
​ដែលមាន​ខ្លឹមសារ​សង្ខេប​ដូច​ក្រោម​៖ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច សហប្រតិបត្តិការ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះសន្ធិសញ្ញា​ទាំង​ទ្វេភាគី ទាំង​ពហុភាគី​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​សន្ធិសញ្ញា​ទាក់ទង​នឹង​ការធ្វើ​បត្យាប័ន ការផ្ទេរ​ទណ្ឌិត និង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

​ចំពោះ​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែលជា​កិច្ចសហប្រតិបត្តិការ​មួយ​ដ៏​សំខាន់​កន្លងមក ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះសន្ធិសញ្ញា​ពហុភាគី​មួយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​គឺ “​សន្ធិសញ្ញា​អាស៊ាន ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​” ព្រមទាំង​សន្ធិសញ្ញា​ទ្វេភាគី ជាមួយនឹង​ប្រទេស​ចំនួន​៤​រួមមាន​៖ សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ឥណ្ឌា និង​សហព័ន្ធ​រុស្សី ដែល​ក្នុងនោះ​សន្ធិសញ្ញា​មួយចំនួន​ត្រូវ​បានផ្តល់​សច្ចាប័ន​រួចហើយ និង​សន្ធិសញ្ញា​មួយចំនួនទៀត កំពុង​ស្ថិតក្នុង​នីតិវិធី ដើម្បី​ស្នើសុំ​ការអនុម័ត​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​។

​ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ទទួល​នូវ​សំណើ សុំ​ជំនួយ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ពី​បណ្ដា​ប្រទេស​ជាច្រើន ដែលមាន​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ដោយ​ឈរលើ​គោលការណ៍​បដិការ ព្រះរាជាណាចក្រ​កម្ពុជា បាន​យល់ព្រម​ផ្តល់ជំនួយ​ស្របតាម​សំណើ​ទាំងអស់នេះ ព្រោះនេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សារសំខាន់ ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ព្រហ្មទណ្ឌ ជាពិសេស​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម​ព្រមទាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​ទោះបីជា​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ជំនួយ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដល់​ប្រទេស​ជាច្រើន រួមទាំង​ប្រទេស​ដែលមាន​សន្ធិសញ្ញា​ជាមួយ​កម្ពុជា និង​ទាំង​ប្រទេស​ដែល​ពុំមាន​សន្ធិសញ្ញា​ជាមួយ​កម្ពុជា នាពេល​កន្លងមក​ក៏ពិតមែន ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា ពុំទាន់​មានច្បាប់​ផ្ទៃក្នុង​មួយ​ច្បាស់លាស់ ដើម្បី​ធានា​ដល់​ការអនុវត្ត​សំណើសុំ​ជំនួយ​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នៅឡើយ​ទេ​។​

​ឯកឧត្តម បាន​ថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នេះ គឺជា​ការចាំបាច់​ដែល​មិន​ត្រឹមតែ​បង្កើតឱ្យមាន​នីតិវិធី​ផ្ទៃក្នុង មួយ​ច្បាស់លាស់​បំពេញបន្ថែម ឱ្យ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ធានា​ដល់​ការអនុវត្ត​សន្ធិសញ្ញា​នានា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើតឱ្យមាន​មូលដ្ឋាន​គតិយុត្ត​មួយ ដែល​បម្រើ​ដល់​ការពង្រីក​កិច្ចសហប្រតិបត្តិការ ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ជាមួយនឹង​ប្រទេស​ជា​មិត្ត ដោយ​ឈរលើ​គោលការណ៍ នៃ​ការគោរព​អធិបតេយ្យ និង​ផលប្រយោជន៍​គ្នា​ទៅវិញ្ញទៅមក​ទៀតផង​ដែ​រ​។​

​គោលបំណង​
​ច្បាប់​នេះ កំណត់​អំពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​បរទេស ទាក់ទង​នឹង​ដំណើរការ​នីតិវិធី​នានា ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ព្រមទាំង​ការបង្ក​ក ការចាប់យក និង​ការ​រឹបអូស​ទ្រព្យ​ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​វិសាលភាព នៃ​ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​៖
– ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តល់​ដល់​រដ្ឋ​ធ្វើសំណើ​ទាំងអស់ ទោះបី​រដ្ឋ​ធ្វើសំណើ​នោះ មិនមាន​កិច្ចព្រមព្រៀង ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ​

– ការស្វែងរក​ការជួយ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ពីរ​ដ្ឋ​ទទួល​សំណើ​ទាំងអស់ ទោះបី​រដ្ឋ​ទទួល​សំណើ​នោះ មិនមាន​កិច្ចព្រមព្រៀង​ជាមួយ នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ​។​

​ច្បាប់​នេះ​មិនមាន​វិសាលភាព​អនុវត្ត​ចំពោះ​ការជួយ​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​ធ្វើឡើង​ស្របតាម​សន្ធិសញ្ញា ឬ​អនុសញ្ញា​ទេ្វ​ភាគី ឬ​ពហុភាគី ដែល​បានទទួល​សច្ចាប័ន​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​អនុវត្ត​សំណើ​ជួយ​គ្នា​ទៅវិញទៅមក ដែល​មានចែង​ក្នុង​ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​គ្រប់​ករណី​ទាំងអស់ នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដោយ​រួមបញ្ចូល​ទាំង​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​ធ្វើឡើង​ស្របតាម​សន្ធិសញ្ញា ឬ​អនុសញ្ញា​ទេ្វ​ភាគី ឬ​ពហុភាគី​ដែល​បានទទួល​សច្ចាប័ន ពី​ព្រះរាជាណាចក្រ​កម្ពុជា​ផង លើក​លេង​តែ​មានប​ញ្ញ​តិ្ត​ផ្ទុយ ដែល​មានចែង​ជាក់លាក់​ក្នុង​សន្ធិសញ្ញា ឬ​អនុសញ្ញា​នោះ ឬ​ច្បាប់​ផ្សេងទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ច្បាប់​នេះ​ក៏​មិន​រារាំង​ដល់​ការធ្វើ​សំណើ ឬ​ទទួល​សំណើ​ទាក់ទង នឹង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ឬ​កិច្ចសហប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​រដ្ឋ​បរទេស​ណាមួយ​តាមរយៈ​មធ្យោបាយ ស្របច្បាប់​ផ្សេង​ទៀតឡើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×