Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​

spot_img

​ភ្នំពេញ​៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​”​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​ពិភាក្សា​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​” កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។​

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០០៤ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG) ដែល​កម្ពុជា​ត្រូវ​អនុវត្តតាម​ស្ដង់ដា​អន្តរជាតិ ស្ដីពី ការប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការរីក​សាយភាយ អាវុធ​មហា​ប្រល័យ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Task Force/FATF)​។ ការចូល​ជា​សមាជិក​នេះ កម្ពុជា​ត្រូវមាន​ក្របខ័ណ្ឌ​គតិយុត្ត និង​យន្តការ​អនុវត្ត​សម្រាប់​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​ឯកឧត្តម ផៃ ស៊ី​ផាន បាន​លើកឡើងថា នៅ​ឆ្នាំ​២០០៧ ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្ដីពី ការសម្អាត​ប្រាក់ បាន​វាយតម្លៃ​អញ្ញ​ម​ញ្ញ (Mutual Evaluation) ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​លើក​ទី​១ និង​បាន​រកឃើញថា កម្ពុជា​នៅ​ពុំទាន់​មាន​មូលដ្ឋាន​គតិយុត្ត និង​យន្តការ​អនុវត្ត​ច្បាប់​គ្រប់គ្រាន់​។ ការត្រួតពិនិត្យ​តាមដាន​ជាបឋម ដោយ​ក្រុមការងារ​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០១០ បាន​រកឃើញថា ការដាក់ទោស​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​ពុំទាន់​ស្របតាម​បទដ្ឋាន​អន្តរជាតិ វិធានការ​បង្កក ឃាត់ទុក និង​រឹបអូស​ផល​នៃ​បទល្មើស​នៅ​ពុំទាន់​មាន​ភាព​ពេញលេញ និង​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង​ពុំទាន់​មាន​ភាពទូលំទូលាយ​។ ដូច្នេះ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១១ ក្រុមការងារ​ហិរញ្ញវត្ថុ បាន​សម្រាច​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​។​

​ចាប់តាំងពី​ឆ្នាំ​២០១១ – ២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​ជាច្រើន ដើម្បី​បំពេញ​តាម​អនុសាសន៍​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​។ ជា​លទ្ធផល អង្គ​មហាសន្និបាត​ក្រុមការងារ​ហិរញ្ញវត្ថុ បាន​ថ្លែង​ការ​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​បានសម្រេច​ជា​ឯកច្ឆ័ន្ទ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​នៅ​ឆ្នាំ​២០១៦ ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្ដីពី​ការសម្អាត​ប្រាក់ បាន​វាយតម្លៃ​អញ្ញ​ម​ញ្ញ​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​លើក​ទី​២ និង​បាន​រកឃើញថា កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​ជា​យុទ្ធសាស្ត្រ​មួយចំនួន​នៅឡើយ ដូចជា មិនមាន​មូលដ្ឋាន​គតិយុត្ត ឬ​វិធានការ​ដើម្បី​អនុវត្ត​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​តាម​គោលដៅ​ចំពោះ​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមការងារ​ហិរញ្ញវត្ថុ បានដាក់​បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រផេះ​ម្ដងទៀត និង​បាន​តម្រូវឱ្យ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត​ជា​យុទ្ធសាស្ត្រ​នានា​តាម​កាលបរិច្ឆេទ​កំណត់ ដូចជា​៖ ត្រូវមាន​ក្របខ័ណ្ឌ​គតិយុត្ត​ទាក់ទង​នឹង​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ ឱ្យបាន​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ឱ្យបាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ ជាដើម​។​

​ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី​វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​រាល់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ដោយ​៖​កូ​ឡាប​

spot_img
×