Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អត្រា​អ្នកស្លាប់ អ្នករងរបួស និង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​២​សប្តាហ៍ ក្នុង​ខែឧសភា​នេះ មានការ​ថយចុះ​គួរកត់សម្គាល់ បើ​ប្រៀបធៀប​នឹង​ពេលមុន​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លៃ​ង​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ថ្ងៃនេះ​ខ្ញុំ​សូម​ជម្រាបជូន បងប្អូន​ជនរួមជាតិ​អំពី​លទ្ធផល ជា​វិជ្ជមាន​ប្រកបដោយ​និន្នាការ​ដ៏​ល្អ ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់ អ្នករងរបួស និង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​២​សប្តាហ៍ ក្នុង​ខែឧសភា ឆ្នាំ​២០២០ មានការ​ថយចុះ​គួរកត់សម្គាល់ បើ​ប្រៀបធៀប​នឹង​ពេលមុន មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ។​

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ទិន្នន័យ​ជា​ផ្លូវការ​បានបញ្ជាក់​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល​១៤​ថ្ងៃ គឺ​ត​ពីថ្ងៃ​ទី​១ រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​ដូចគ្នា គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​២៦​លើក អ្នករងរបួស​ថយចុះ​៨១​នាក់ និង​អ្នកស្លាប់​ថយចុះ​៤​នាក់ ។
​ចំនួន​នេះ​បើ​ប្រៀបធៀប​ពីថ្ងៃ​ទី​១ រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​វិញ គឺមាន​ការថយចុះ​កាន់តែច្រើន​ដូចជា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​៦៨​លើក អ្នករងរបួស​ថយចុះ​៩១​នាក់ និង​អ្នកស្លាប់​ថយចុះ​២០​នាក់ ដែល​នេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន ។​

​សម្តេច ស ខេង បាន​បញ្ជាក់ថា ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន បានល្អ​ប្រសើរ ។ ជាមួយគ្នានេះ ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​គ្រប់​បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សម្តេច ស ខេង បាន​ឲ្យ​ដឹង​បន្ថែមថា កន្លងមកនេះ មានមតិ​ខ្លះ ក៏បាន​លើកឡើង​ដោយ​សុំ​ឲ្យ​មានការ​ពន្យារ ឬក៏​ផ្អាក​ការ​រឹតបន្តឹង ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ដោយ​មូលហេតុ​ផ្សេងៗ ប៉ុន្តែ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​សូម​ជម្រាប​បញ្ជាក់ជូន បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាបថា តាម​លទ្ធផល​ជា​វិជ្ជមាន​ខាងលើនេះ បាន​បង្ហាញថា ការពន្យា​ឬក៏​ផ្អាក​ការ​រឹតបន្តឹង ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ប្រៀបបាន​នឹង​ការ​បណ្តែតបណ្តោយ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅតែ​បន្ត រងរបួស និង​ស្លាប់បាត់​បង់ជីវិត កាន់តែ​ច្រើនឡើងៗ​ថែមទៀត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ការកើតឡើង​នូវ​សោកនាដកម្ម ទាំង​ចំពោះ​គ្រួសារ និង​សង្គមជាតិ​យើង ។​

“​ទោះជា​យ៉ាងណាក៏ដោយ​ដើម្បី​កាត់បន្ថយ ឬក៏​លប់បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ ក្នុង​យុទ្ធនាការ ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ខ្ញុំ​ក៏​សូម​ក្រើនរំលឹក​ថែមទៀត ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង​” សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕

​ដោយ៖កូឡាប

spot_img
×