Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​វិធី​ប៉ះប៉ូវ​ដល់​អាជីវកម្ម​ទេសចរណ៍​ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩

spot_img

​សៀមរាប​៖ ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត សៀមរាប​ពិភាក្សា​ពី​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ​ដើម្បី​ជួយ​ប៉ះប៉ូវ​ដល់​អាជីវកម្ម​ទេសចរណ៍​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩​។​

ស្រប​ពេលដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​បន្ត​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​ដំណើរការ​អាជីវក​ម្មនា​នា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ដូចជា វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​សេវា​ដឹក ជញ្ជូន​ជាដើម គណៈកម្មការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​ខេត្ត សៀមរាប​បានដាក់​ចេញ​នូវ​ផែនការ​គន្លឹះ​មួយចំនួន ទាក់ ទាញ​ភ្ញៀវទេសចរ​ជាតិ​មក​ទស្សនា​នៅ​ខេត្តសៀមរាប ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​អ្នកពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​។​

យន្តការ​គន្លឹះ​ដែល​គណៈកម្មការ​គ្រោង​ដាក់ចេញ ដើម្បី​ទាក់ទាញ​ទេសច​ជាតិ​មានដូចជា ជំរុញ​ឲ្យ​បណ្តា​ស្រុក ជាពិសេស ស្រុក​ដែលមាន​សក្តានុពល​ទេសចរណ៍​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​គោលដៅ​ទេសចរណ៍​របស់ខ្លួន​តា​មរយៈ​មធ្យោបាយ​ងាយៗ​ដូចជា​បណ្តាញ​ហ្វេ​ស​បុក​ជាដើម ការជំរុញ​ឲ្យ​មានកម្ម​វិធី​ទេសចរណ៍​ខ្នាតតូច​ដូចជា បោះតង់ ជិះ​កង់​កម្សាន្ត ការរៀបចំ​សម្អាត​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ស្តង់ដារ​ចំណីអាហារ​ដែល​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ជាដើម​។​

នា​កិច្ចប្រជុំ​ស្វែងរក​យន្តការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តសៀមរាប ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង​ជា​តំណាង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​ថ្លែងថា ស្ថានភាព​បច្ចុប្បន្ន យើង​មិនអាច​រង់ចាំ​ភ្ញៀវទេសចរ​អន្តរជាតិ​នោះទេ តែ​ត្រូវ​រិះរក​វិធីសាស្ត្រ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ជាតិ​មក​ទស្សនា​តំបន់​ទេសចរណ៍​ឲ្យ​បាន​ច្រើន​។ ទោះ​មិនអាច​ជំនួស​ភ្ញៀវទេសចរ​អន្តរជាតិ​បាន តែ​ភ្ញៀវទេសចរ​ជាតិ​អាចជួយ​ជំរុញ​ឲ្យ​សេវាកម្ម​ទេសចរណ៍​នានា​ឲ្យ​ដំណើរការបាន​មួយចំនួន​ផងដែរ​។​

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និង​ជា​អនុប្រធាន​គណៈកម្មការ​បាន​គាំទ្រ​នូវ​យន្ត​ការដែល​អង្គប្រជុំ​បានលើកឡើង ដើម្បី​ជំរុញ​ឲ្យ​ចលនា​ទេសចរណ៍​ក្នុងចំណោម​ភ្ញៀវ​ជាតិ​។ ទោះជា​យ៉ាងណា​ឯកឧត្តម​បាន​ក្រើនរំឭក​ដល់​អង្គប្រជុំ​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ គឺ​ត្រូវ​គិតគូរ​ដល់​ការបង្ការ​ពី​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយសារតែ​ជំងឺ​នេះ​មិនទាន់​ស្ងប់ស្ងាត់​ទាំងស្រុង​នោះទេ​។

ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​បង្កើត​ក្រុមការងារ​តូច​មួយ​ក្នុងចំណោម​គណៈកម្មការ​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​បទពិសោធន៍​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដែល​គេ​បានរៀបចំ​ឡើង​ក្នុង​វិបត្តិ​កូ​វីដ​នេះដែរ​។ ជា​ពិ​សស ឆ្លៀតឱកាស​ប្រែក្លាយ​បញ្ហា​នេះ​ទៅជា​ឱកាស​ដើម្បី​រៀបចំ​គោលដៅ​ទេសចរណ៍​របស់​យើង ដូចជា បញ្ហា​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​បុគ្គលិក មគ្គុទ្ទេសក៍​ទេសចរណ៍​ជាដើម​៕

ដោយ​៖​កូ​ឡាប​

spot_img
×