Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សុខ ផល ៖ រយៈពេល​២​ខែ​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ជាង​២​ម៉ឺន​នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ

spot_img

​ភ្នំពេញ ៖ ជន​បរទេស​ជាង​២​ម៉ឺន​នាក់ (​វៀតណាម និង​ឡាវ​) ដែល​ឆ្លង​ដែន​មក​រស់នៅ​ទូទាំង​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​កាន់កាប់ឯ​កសារ​រដ្ឋ​បាល​កម្ពុជា​មិន​ប្រក្រតី ត្រូវបាន​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ចុះ​ដកហូត​ឯកសារ​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុង​យុទ្ធនាការ ដកហូត​ការកាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ពី​ជនបរទេស​នេះ មាន​រយៈពេល​២​ខែ​មកនេះ តាំងពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨​នេះ ។ យោងតាម​អនុក្រឹត្យ​លេខ ១២៩​អនក្រ​.​ប្រក​ចុះ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​ក្រុម​ការងារ​ចំនួន​១៤​ក្រុម របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចុះ​អនុវត្ត​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់ នៅ​ទូទាំង​២៥​រាជធានី​ខេត្ត ក្នុង​រយៈពេល ២​ខែ កន្លងមកនេះ ។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​ថ្លែងថា ចាប់ពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ក្រុមការងារ ទាំងអស់​បាន​ធ្វើការ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​ពី​ជនបរទេស ចំនួន​៦.២៤៤​គ្រួសារ មនុស្ស​រួម​២១.១៦៧​នាក់ (​ស្រី ៩.៨២៩​នាក់​) មាន​២​សញ្ជាតិ គឺ​វៀតណាម និង​ឡាវ ដែល​ដកហូត​ឯកសារ​សរុប​ចំនួន​៩.៩៣៤​ឯកសារ រួមមាន​៖ សៀវភៅ ស្នាក់​នៅ​ចំនួន ៤.២១៩​ក្បាល សៀវភៅ​គ្រួសារ​ចំនួន​៨៧៣​ក្បាល សំបុត្រ​កំណើត​ខ្មែរ​ចំនួន​២.៧៣៧​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន​១៥២​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១.៨៤៨​ប័ណ្ណ លិខិត​ឆ្លង​ដែន​ខ្មែរ ចំនួន​១០៥​ក្បាល​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ជូនដំណឹង​ដល់​ជនបរទេស ដែល​កំពុងតែ​កាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ត្រូវ​ចូលរួម​សហការ ជាមួយ​ក្រុមការងារ យក​ឯកសារ​ដើម មក​ឲ្យ​សមត្ថកិច្ច ធ្វើការ​ដកហូត ហើយ​ជន​បរទេស ដែល​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​រួចហើយ អាច​មាន​ជំរើស​២​យ៉ាង ទី​១-​អាច​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​ទី​២-​អាច​ដាក់​ពាក្យ​ស្នើសុំ ជា​ជនបរទេស​អន្តោប្រវេសន៍ ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​សម្រេច​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច របស់​ព្រះរាជាណាចក្រ​កម្ពុជា ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×