ប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញសេចក្តីប្រកាស ដោយស្នើឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ “បំពេញកាតព្វកិច្ចហិរញ្ញវត្ថុពួកគេ” ដល់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នៅជំពាក់អង្គការសហប្រជាជាតិជាង ២ពាន់លានដុល្លារ។
សេចក្តីប្រកាសរបស់ចិនថ្លែងថា “គិតត្រឹមថ្ងៃទី ១៤ ខែឧសភា ចំនួនទឹកប្រាក់ដែលមិនទាន់បង់ សរុបសម្រាប់ថវិកាទៀតទាត់ ដល់អង្គការសហប្រជាជាតិ មានចំនួន ១,៦៣ពាន់លានដុល្លារ និងថវិកាសម្រាប់កិច្ចការថែរក្សាសន្តិភាពមាន ២,១៤ពាន់លានដុល្លារ”។
ចិនបន្ថែមថា “សហរដ្ឋអាមេរិច គឺជាកូនបំណុលដ៏ធំ ដោយជំពាក់ថវិកាសរុប ២,៤៩ពាន់លានដុល្លារ”។
សូមបញ្ជាក់ថា អាមេរិច គឺជាម្ចាស់ជំនួយដ៏ធំបំផុត របស់អង្គការសហប្រជាជាតិ ដោយជំនួយអាមេរិចស្មើនឹង ២២ភាគរយ នៃថវិកាសរុបរបស់អង្គការសហប្រជាជាតិ ខណៈដែលជំនួយរបស់ចិន ស្មើប្រមាណ ១២,៥ភាគរយប៉ុណ្ណោះ។
ជំនួយរបស់ប្រទេសក្នុងទ្វីបអឺរ៉ុប ផ្តល់ដល់អង្គការសហប្រជាជាតិមានច្រើនជាង ៣០ភាគរយ នៃថវិកាសរុបរបស់អង្គការនេះ៕
ប្រភព៖ Channelnewsasia
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ