Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា កែ​ភេទ និង​ស្រឡាញ់ ទាំង​ពីរភេទ នៅតែ​ទទួលរង​នូវ​ការរើសអើង​ក្នុងសង្គម​

spot_img

​ភ្នំពេញ​៖ ថ្ងៃនេះ (១៧​ឧសភា​) គឺជា​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការរើសអើង អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ នៅ​កម្ពុជា បុគ្គល​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា កែ​ភេទ និង​ស្រឡាញ់ ទាំង​ពីរភេទ នៅតែ​ទទួលរង​នូវ​ការរើសអើង​ក្នុងសង្គម​។​


​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា (U.S. Embassy Phnom Penh, Cambodia) បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូ​វាក​រថា ថ្ងៃនេះ​គឺជា​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការរើសអើង អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ធ្វើការ​ដោយ​មិន​គិតការ​នឿយហត់ ដើម្បី​ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន នៃ​មនុស្សជាតិ​ទាំងអស់ នៅ​ទូទាំង​ពិភពលោក ដោយ​មិន​គិតពី​ភេទ ជំនឿ​សាសនា ប្រភពដើម​នៃ​សញ្ជាតិ ចំណង់​ផ្លូវភេទ ឬ​ស្ថានភាព​សេដ្ឋកិច្ច​ឡើយ​។​

​ចំណែក​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (European Union in Cambodia) បានលើកឡើង​ផងដែរ​ថា នៅ​កម្ពុជា បុគ្គល​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា កែ​ភេទ និង​ស្រឡាញ់ ទាំង​ពីរភេទ នៅតែ​ទទួលរង​នូវ​ការរើសអើង​ក្នុងសង្គម រួមមាន ការបង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុគ្គល​ភេទ​ផ្ទុយគ្នា ការរើសអើង​នៅ​កន្លែងធ្វើការ និង​ការ​គំរាម​ធ្វើបាប​នៅ​សាលារៀន​។
​គម្រោង​របស់​សហភាព​អឺរ៉ុប “​សំឡេង​ដើម្បី​សមភាព​យេនឌ័រ​” គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ចប់​ការ​មាក់ងាយ​នេះ​។ គម្រោង​នេះ ធ្វើការ​ជាមួយ​សកម្មជន ជាច្រើន ដូចជា នី​ត វ៉ាន់​យូ ដែលជា​អ្នកដឹកនាំ​បណ្តាញ​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា​ដែលមាន​សមាជិក ៣៣ នាក់​។

​វ៉ាន់​យូ គូសបញ្ជាក់ថា “​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គឺជា​ធនធានមនុស្ស​ដ៏​សំខាន់ និង​មានតម្លៃ ហើយ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សង្គម​” ។​

​ជាមួយគ្នា​នោះដែរ Cambodian Center for Human Rights មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សម្គាល់ថា នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ នេះ​យើងទាំងអស់គ្នា ចូលរួម​អបអរសាទរ​ទិវា​អន្ដរជាតិ​ប្រឆាំង​ការរើសអើង ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ ដើម្បី​ចូលរួម​ក្នុង​ទិវា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) ចេញផ្សាយ​ខិត្តប័ណ្ណ​ព័ត៌មាន ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី​ការរើសអើង ដែល​ប្រឈមមុខ​ដោយ​ស្ដ្រី​ស្រឡាញ់​ស្ដ្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​ពីរភេទ អ្នក​ប្ដូរ យេនឌ័រ អន្ដរ​ភេទ ឬ អ្នក​ដែល​មិនទាន់​កំណត់​អត្ដ​សញ្ញាណ​។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ម​.​ស​.​ម​.​ក បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំមុន ដោយ​បង្ហាញថា បុគ្គល​អ្នក​ស្រឡាញ់​ដូចគ្នា​ជាច្រើន ប្រឈម​នឹង​ការរើសអើង និង​ការយាយី នៅក្នុង​វិស័យ​ការងារ​របស់​ពួកគេ ដោយសារតែ​និន្នាការ​ភេទ អត្តសញ្ញាណ​យេនឌ័រ និង​ការបង្ហាញ​នូវ​ទំនោរ​យេនឌ័រ ឬ​លក្ខណៈ​ផ្លូវភេទ ។

​ខិត្តប័ណ្ណ​ព័ត៌មាន​នេះ បង្ហាញ​ប្រភេទ និង ផលប៉ះពាល់ នៃ​ការរើសអើង​ជា​មូល​ដា្ឋ​ន ដោយ​ផ្អែកលើ​និន្នាការ​ភេទ អត្តសញ្ញាណ​យេនឌ័រ និង​ការបង្ហាញ​នូវ​ទំនោរ​យេនឌ័រ ឬ​លក្ខណៈ​ផ្លូវភេទ​នៅ​កម្ពុជា​/​ការវាយតម្លៃ នៃ​ការខកខាន​ខាង​ផ្លូវច្បាប់ ក្នុងការ​ការពារ​ការ​រើសអើង អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការផ្ដល់​អនុសាសន៍​ដល់​និយោជក​/​សហគមន៍​អន្ដរជាតិ ក៏ដូចជា រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គឺជា​សិទ្ធិមនុស្ស​៕

ដោយ​៖​កូ​ឡាប​

 

spot_img
×