Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ស្នើ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ប្រើប្រាស់​ធនធាន​ចំការ​ឈើ​ដាំ​លើដី​ព្រៃរបស់​រដ្ឋ ឱ្យអស់​សក្តានុពល​

spot_img

​ក្រចេះ​៖ ក្នុង​គោលបំណង​តាមដាន និង​ត្រួត​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការដាំ​ដើមឈើ​ដៃគូ ដើម្បី​សម្រាប់​ផ្គត់ផ្គង់​ឱ្យដល់​វិស័យ​សាងសង់ និង​រោងចក្រ​កែច្នៃ​ផលិត​គ្រឿង​សង្ហា​រឹម ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​អញ្ជើញ​ទៅកាន់​ទីតាំង​ចំការ​ឈើ​ដាំ​លើដី​ព្រៃ របស់​រដ្ឋ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ។

​ជាបឋម លោក លូ នាយក​បច្ចេកទេស​ក្រុមហ៊ុន បាន​រាយ​បាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា ក្រុមហ៊ុន​បានចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម ឈើ​ដាំ​លើដី​ព្រៃរបស់​រដ្ឋ ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ តាំងពី​ឆ្នាំ​២០១១ លើ​ផ្ទៃដី ៣៤.០០០ ហិកតា លើដី​របស់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃ ឈើ​បឹង​ចារ ស្ថិតនៅក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ចាប់ពី​ឆ្នាំ​២០១៣-២០១៨ ក្រុមហ៊ុន​ដាំ​កូនឈើ​បាន ៣.៨៩៨ ហិកតា ហើយ​ចាប់តាំងពី​ដើមឆ្នាំ ២០១៩ មកដល់​ខែឧសភា ឆ្នាំ​២០២០ បាន​ដាំ​លើ​ផ្ទៃដី​ចំនួន ៣.៨៧៧ ហិកតា​។ ហើយ​ក្នុង​ឆ្នាំ​២០០០ នេះ បាន​បន្ត​ឈូសឆាយ​លើ​ផ្ទៃដី ៥.០០០ ហិកតា​។ ទន្ទឹមនឹងនេះ ក៏មាន​បន្ត​ធ្វើការ​ឈូសឆាយ ទៅតាម​អនុតំបន់​នីមួយៗ ដែល​ទទួលបាន​ការឯកភាព​ពី​ក្រសួង​រួច ដើម្បី​ដាំ​កូនឈើ​ចំនួន ៦.២៥០.០០០​ដើម ក្នុងនោះ​មានកូន​ឈើប្រណិត កូនឈើ​ប្រភេទ​លេខ​១ លេខ​២ និង​កូនឈើ​ប្រេងខ្យល់​ផងដែរ ។

​លោក​ប្រធាន​ក្រុមហ៊ុន បាន​សម្តែង​អំណរគុណ ចំពោះ​រដ្ឋបាល​ព្រៃឈើ និង​ជាពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី ដែល​បានផ្តល់​កិច្ចសហការ លើកទឹកចិត្ត និង​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឈើ​ដាំ​តាំងពី​ដំបូង រហូតមកទល់​បច្ចុប្បន្ន ហើយ​លោក​សង្ឃឹម និង​ជឿជាក់ថា រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ក្រសួង នឹង​បន្ត​ផ្តល់​កិច្ចសហការ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឈានទៅ​សម្រេចបាន នូវ​ផែនការ​វិនិយោគ​ដូច​ការរំពឹងទុក​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ចំនួន ១៥០ នាក់ ដោយបាន​នាំនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ជូន​បងប្អូន​កម្មករ និង​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ ក្រុមគ្រួសារ​ទាំងអស់​នៅទីនេះ ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខភាព​ជៀស​ឱ្យ​ឆ្ងាយ ពី​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ល្អ​គ្រប់ៗ​គ្នា​។

​បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល ដែល​ក្រុមហ៊ុន​សម្រេចបាន​រួមមាន​ការដាំ ការបណ្តុះ​កូន និង​ជាពិសេស​បាន​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជ និង​បណ្តុះ​ឈើ​ដាំ​នៅ​ខេត្តកំពង់ធំ ដែល​វិទ្យាស្ថាន​នេះ បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា តាមរយៈ​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ​កូន និង​ស្តារ​ព្រៃឈើ​ឡើងវិញ ស្រម​តាម​គោលនយោបាយ របស់​ក្រសួង និង​ជាពិសេស​របស់​រាជ​រដ្ឋ​ភិ​បាល​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ព​ន្លឿ​ន​សកម្មភាព លើ​ការងារ​ដាំ​ដុះ​ឲ្យ​គ្រប់​តាម​ផែនការ ដែល​បាន​គ្រោងទុក​។ ក្រសួង នឹង​ផ្តល់​កិច្ចសហការ​ដល់​ក្រុមហ៊ុន ក្នុង​បំណង​ធ្វើ​ឲ្យ​សម្រេច​តាម​គម្រោង​ផែនការ ដែល​បានកំណត់ ប្រយោជន៍​ដើម្បី​លើកកម្ពស់ សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ ទៅក្នុង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ប្រកបដោយ​ប្រកួតប្រជែង បង្កើត​ការងារ បង្កើន​ចំណូល រក្សា​បរិស្ថាន​ក្នុង​តំបន់​នេះ និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ​។

​ឯកឧត្តម បាន​ស្នើឱ្យ​ក្រុមហ៊ុន យកចិត្តទុកដាក់​អំពី​សុខភាព ជីវភាព​ប្រចាំថ្ងៃ និង​ចំណូល​គ្រួសារ​របស់​កម្មករ ដើម្បី​រក្សា​ភាព​ឈ្នះ​-​ឈ្នះ រវាង​និយោជក និង​និយោជិត ក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​។

​ក្រុមហ៊ុន​ត្រូវ​សហការ​ឱ្យបាន​ពេញលេញ ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អនុវត្ត​ច្បាប់ និង​គោលការណ៍​ណែនាំ ផែនការ​អភិវឌ្ឍ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រាជរដ្ឋាភិបាល ដោយ​ធ្វើយ៉ាងណា​ប្រើប្រាស់​ធនធាន​ដីព្រៃ​របស់​រដ្ឋ​នេះ ឱ្យអស់​សក្តានុពល មាន​ប្រសិទ្ធភាព​ទាំង​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​។ ចូលរួម​ទប់ស្កាត់​បទល្មើស ការកាប់​ទន្ទ្រាន​ដីព្រៃ​កាន់កាប់ និង​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​នេះ​។ ឯកឧត្តម ក៏បាន​អំពាវនាវ​ឱ្យ​សហគមន៍​ព្រៃឈើ នៅជាប់​តំបន់​នេះ ចូលរួម​ដាំ​ឈើ និង​ថែរក្សា​ដីព្រៃ​ឈើ​រដ្ឋ​ឱ្យបាន​គង់វង្ស ប្រយោជន៍​ទាញយក​ផល និង​អនុផល​ព្រៃឈើ រួមទាំង​ចិញ្ចឹមសត្វ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ដើម្បី​កែលម្អ​កម្រិតជីវភាព​៕​

ដោយ​៖​កូ​ឡាប​

spot_img
×