Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមឈើ​នៅ​ទ្រូ​វ​ផ្លូវ នា​វិថី​ជំទាវ​ម៉ៅ ដំបូង​គេ​នៅ​ស្រុក​ខ្មែរ ត្រូវបាន​ដាក់​នាម​ថា “ដើមឈើ​ចាំ​ស្នេហ៍” លើ​ទឹកដី​ខេត្ត​ព្រះសីហនុ

spot_img

​ព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដើមឈើ​មួយ​ដើម​នេះ ត្រូវបាន​ដាក់​នាម​ថា “ដើមឈើ​ចាំ​ស្នេហ៍” ។ ជាដើម​ឈើ​នៅ​ទ្រូ​វ​ផ្លូវ នា​វិថី​ជំទាវ​ម៉ៅ ។ នាម​នេះ ត្រូវ​បានដាក់​ឱ្យមាន នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ។​

​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ឈ្មោះថា “​វិថី​ជំទាវ​ម៉ៅ​” គឺជា​ផ្លូវ​មួយ ក្នុងចំណោម​ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហនុ ប្រវែង​សរុប​៨២,១៤៥ គីឡូម៉ែត្រ ដែល​កំពុង​ត្រូវបាន​ស្ថាបនា គិត​រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ សម្រេចការ​សាងសង់​បាន​ចំនួន​៩០,៦០​ភាគរយ​ហើយ​។​

​បើតាម​ផេ​ក ប្រជាជន​ខេត្ត​ព្រះសីហនុ បាន​រៀបរាប់ និទានរឿង ដើមឈើ​ចាំ​ស្នេហ៍​។ …​កាល​គ្រាមួយ​នោះ មាន​គូរ​ស្នេហ៍​មួយគូរ ដែល​បាន​ស្គាល់គ្នា និង​រាប់អាន​គ្នា​តាំងពី​នៅ​វ័យ​កុមារភាព​មកម្ល៉េះ ដោយ​អ្នក​ទាំងពីរ រៀន​សាលា​ជាមួយគ្នា ថ្នាក់​ជាមួយគ្នា​ទៀតផង រ​ហូល​ដល់​អ្នក​ទាំងពីរ បាន​ចាប់ចិត្ត​ប្រតិព័ទ្ធ​គ្នា ទៅវិញទៅមក ។ ជាធម្មតា​ក្រៅពី​ម៉ោង​សិក្សា ពេលទំនេរ​ពួកគេ តែង​នាំគ្នា​មកលេង​កំសាន្ដ​តាម​ឆ្នេរសមុទ្រ គយគន់​ទេសភាព​រុក្ខជាតិ ស្ដាប់​សម្លេង​ទឹករលក មើល​ថ្ងៃ​រៀប​លិច និង​ផ្ដោះផ្ដង​សាសង​គ្នា តាមរបៀប​ផ្អែមល្ហែម​របស់​គូរ​ស្នេហ៍​។​

​ថ្ងៃមួយ​ដូច​សព្វមួយដង ក្រោយពី​សម្រាក​ពី​ការសិក្សា អ្នក​ទាំងពីរ​បាន​ទៅលេង​នៅ​ឆ្នេរសមុទ្រ ហើយ​ដើរលេង​ក្នុងព្រៃ​ក្បែរៗ​នោះ ក៏បាន​ជួប​ដើមឈើ​មួយ​ដើម​ធំ ខ្ពស់ និង​ល្អ​ស្រស់​ជាង​ដើមឈើ​ដទៃទៀត បើ​មើ​លពី​ចម្ងាយ​មាន​អារម្មណ៍​ថា នៅលើ​ដើមឈើ​មួយ​ដើម​នោះ មាន​រូប នារី​ម្នាក់ ពួកគេ​ក៏បាន​លុតជង្គង់ និង​បួងសួង​ព្រម​គ្នា​ថា “​បើសិនជា​យើងខ្ញុំ​ទាំងពីរ ពិតជា​គូរ​ពិតប្រាកដ​មែន សូម​ឲ្យ​យើង​អាច​រួមរស់​ជាមួយគ្នា​រហូត​ទៅ​” ។ បុរស​ជា​គូរ​ស្នេហ៍​បាន បង្ហាញ​ក្ដី​ស្មោះស្ម័គ្រ​ទៅ​នារី​ម្នាក់​នោះ​ថា ៖ បង​ស្បថសច្ចា​ស្មោះ​តែ​អូន​ម្នាក់ ទោះជា​បែបណា​ក៏​បង​មានតែ​អូន បង​រងចាំ​អូន គឺ​អូន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែលជា​ដង្ហើម​ជីវិតរ​បស់បង​។ នារី​រំភើបចិត្ត និង​ឱប​បុរស​ម្នាក់​នោះ​យ៉ាង​ណែន ហើយ​ពួកគេ​ក៏​បន្ដ​ទៅលេង​តាម​មាត់សមុទ្រ​តាមបែប​គូរ​ស្នេហ៍ ដែល​យើង​អាច​ស្រ​ម៉ៃ​មើល ពេល​គេ​ចាប់ដៃគ្នា ញញឹម​ដាក់គ្នា រត់​លេង​ជាមួយ​ទឹករលក​បោកបក់​ម្ដង​បន្ដិចៗ ជាមួយ​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់ស្អាត ។​

​ដល់ពេល​វេលា​ដែល​ពួកគេ​ត្រូវ​បែក​គ្នា ក្រោយពី​បញ្ចប់​ថ្នាក់មធ្យមសិក្សា ហើយ​ត្រូវ​បន្ដ​យក​កម្រិត​ឧ​ត្ត​មសិ​ក្សា ដោយ​ខាង​ស្រី​ត្រូវ​ទៅ​រៀន​បន្ដ នៅ​មហាវិទ្យាល័យ​មួយ នា​រាជធានី​ភ្នំពេញ ដោយឡែក​ចង់​ប្រាប់​ប្រិយមិត្ត​ថា បុរស​ម្នាក់​នោះ ជា​កូនអ្នកក្រីក្រ ដោយ​គ្មាន​លទ្ធភាព គេ​ក៏​នៅ​រៀន​ជំនាញ​បន្ត និង​ធ្វើ​ការងារ​ខ្លះ​ផង ក្នុង​ខេត្ត​ព្រះសីហនុ​ដដែល​។

​ពីមួយ​ខែ​ទៅ​មួយខែ មួយឆ្នាំ​ទៅមួយ​ឆ្នាំ ពួកគេ​ទាំងពីរ​ពុំដែល​បាន​ទាក់ទង ឬ​ជួបគ្នា​ម្ដង​ទាល់តែសោះ បុរស​ជា​គូរ​ស្នេហ៍ នៅពេលដែល​នឹករលឹក​នារី ដែល​ខ្លួន​ស្រឡាញ់ តែង​សរសេរ​សំបុត្រ​មួយច្បាប់ ដែល​បង្ហាញ​ពី​សេចក្ដី​នឹករលឹក​ដល់​គូរ​ស្នេហ៍​របស់ខ្លួន ហើយ​តែង​យកទៅដាក់​ទុក​នៅ​ដើមឈើ​មួយ ដែល​ពួកគេ​បាន​បួងសួង​ជាមួយគ្នា គឺ​យក​ទៅជា​រៀងរាល់ថ្ងៃ ដោយ​ខ្លួន​សង្ឃឹមថា នារី​ម្នាក់​នោះ​នឹង​នឹក​ចាំ​ពី​ខ្លួន ហើយក៏​ចង់​បង្ហាញថា ខ្លួន​ពិតជា​ស្រឡាញ់​តែ​នាង​ម្នាក់​ប៉ុណ្ណោះ ។ ពេលខ្លះ​នឹក​ពេក មានតែ​អង្គុយ​ស្រ​ម៉ៃ​អតីតកាល សម្រក់​ទឹកភ្នែក​ម្នាក់ឯង​ក្បែរ​ដើមឈើ​ធំ​នោះ ព្រោះតែ​ការស្រឡាញ់ និង​នឹករលឹក ។ ច្រើន​ឆ្នាំ​កន្លងផុតទៅ​……..​។​

​ហេតុការណ៍​មួយ​នឹកស្មាន​មិន​ដល់​បាន​កើតឡើង តើ​អ្នកដឹង​ទេ​ថា​ជា​អ្វី ? បុរស​ម្នាក់​នោះបាន​ជួប​ឧ​ប​ទ្ទ​ហេតុ​គ្រោះថ្នាក់ ក្នុងអំឡុងពេល​បំពេញការងារ រងរបួស​ធ្ងន់ធ្ងរ សន្លប់​បាត់ស្មារតី ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ។ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​គឺ បុរស​ម្នាក់​នោះ បាន​បាត់បង់​ការចងចាំ​រប​ស់​ខ្លួន​។​

…​អ្វីដែល​សំខាន់​គឺ អ្វីៗ​គ្រប់យ៉ាង​នៅចាំ​ទាំងអស់ លើកលែងតែ​រឿង​មួយ នោះ​គឺ​រឿង​រាល់​គូរ​ស្នេហ៍​របស់ខ្លួន មនុស្ស​ម្នាក់​ដែល​គេ​តែង​ដើរ​គិត ដេក​គិតដល់​គ្រប់​ពេលនោះ គែ​ហាក់ដូចជា​មនុស្ស​ថ្មី​ម្នាក់​អ៊ីចឹង អរ​…​តែ​ភ្លេច​បញ្ជាក់ជូន​ប្រិយមិត្ត​ថា ហេតុតែ​ជា​និស្ស័យ គ្រូពេទ្យ​ដែល​មើលថែ ព្យាបាល​បុរស​ម្នាក់​នោះ គឺ​នារី​ដែលជា​គូរ​ស្នេហ៍​របស់គាត់​នោះ​ហើយ តែ​អភ័ព្វ​ព្រោះតែ ខាង​ប្រុស​បាន​បាត់បង់​ការចងចាំ​អស់ហើយ ។ អាណិត​ពួកគេ​ណាស់ ស្រឡ​ញ់​គ្នា​យូរហើយ បែក​គ្នា​យូរហើយ តែ​ដល់ពេល​បាន​ជួប បែរជា​ជួប​ទាំង​បែបនេះ ប្រសិនបើជា​អ្នក បាន​ជួប​គូរ​ស្នេហ៍​របស់ខ្លួន ហើយ​បែរជា មនុស្ស​ដែល​យើង​ស្រឡាញ់ ភ្លេច​យើង មិន​ស្គាល់​យើង តើ​អារម្មណ៍​យើង​នឹង​ទៅជា​បែបណា ? មិន​ខុសពី​គ្នា​ទេ ក្រៅតែពី​លួច​យំ​ម្នាក់ឯង ស្ទើរតែ​គ្មាន​សង្ឃឹម​ក្នុង​ខ្លួន ព្រោះ​ដូច​បាត់បង់​មនុស្ស​ម្នាក់​ពីលើ​ផែនដី​នេះ​។

​តែ​ទោះបីជា​យ៉ាងណា នាង​មិនបាន​បោះបង់ចោល​បុរស​ម្នាក់​នោះទេ នាង​ព្យាយាម​រិះរក​គ្រប់​វិធី ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មនុស្ស ដែល​ខ្លួន​ស្រឡាញ់​មានការ​ចងចាំ​ឡើងវិញ ។ ត្រង់នេះ ចង់បង្ហាញ​ប្រិយមិត្ត​ពី​ភក្ដីភាព ចំពោះ​គ្នា​ទៅវិញទៅមក របស់​គូរ​ស្នេហ៍​មួយគូរ​នេះ បើទោះបី​ដឹងថា​ខាង​ប្រុស​គ្មានអ្វី​ក៏ដោយ តែដោយសារ​ក្ដី​ស្រឡាញ់ ដោយ​មិន​ប្រកាន់វណ្ណៈ​ទ្រព្យសម្បត្តិ បានធ្វើ​ឲ្យ​អ្នក​ទាំងពីរ​ក្លាយជា​គូរ​ស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​នឹង​គ្នា ។​

​វិល​មក​សាច់រឿង​យើង​វិញ ៣​ខែ​កន្លងផុតទៅ បើទោះបីជា​រិះរក​វិធី​យ៉ាងណា ក៏​នៅតែ​គ្មាន​លទ្ធផល សូម្បី​តែមួយ​ភាគរយ ។ នាង​អង្គុយ​សម្រក់​ទឹកភ្នែក នៅ​មាត់ទ្វារ​មុខ​បន្ទប់ ដែល​បុរស​ម្នាក់​នោះ​សម្រាក ទឹកភ្នែក​ហូរ​បណ្ដើរ បន់ស្រន់​រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​របស់ខ្លួន ដោយ​សង្ឃឹមថា​ទេវតា នឹង​ជួយ​ដល់​គូរ​ស្នេហ៍​របស់ខ្លួន ឲ្យ​ច​
​ង​ចាំ​ឡើងវិញ បែក​គ្នា​ជា​ច្រើ​ឆ្នាំ មិន​ចង់​ព្រាត់​តែ​បែបនេះ​នោះទេ ។ ដោយ​គ្មាន​វិធី​អ្វី​អាច​ឲ្យ​បុរស​ម្នាក់​នោះ នឹក​ចាំ​ឡើងវិញ នារី​ជា​គូស្នេហ៍ ក៏​សម្រេចចិត្ត​នាំ​បុរស​ម្នាក់​នោះ ទៅ​មាត់សមុទ្រ ហើយ​និយាយ​ពី​អតីតកាល​របស់​ពួកគេ គឺជា​រៀងរាល់​ល្ងាច តែ​ការធ្វើ​បែបនេះ ក៏​នៅតែ​គ្មាន​លទ្ធផល​អ្វី​នោះឡើយ​។ អង្គុយ​នឹក​ស្រ​ម៉ៃ​អតីតកាល នាង​ក៏​នឹកឃើញ​កន្លែង​មួយ នោះ​គឺ​ដើមឈើ​ធំ​មួយ​ដើម ដែល​អ្នក​ទាំងពីរ​ធ្លាប់បាន​ទៅ​បួងសួង ហើយក៏​នាំ​បុរស​ជា​គូរ​ស្នេហ៍​ទៅ​ទីនោះ ។ នាង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដោយ​ឃើញ​សំបុត្រ​ជាច្រើន នៅ​នឹង​ដើមឈើ​នោះ សុទ្ធតែជា​សំបុត្រ​ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ការ​នឹករលឹក ភាពឈឺចាប់​បែកបាក់​គ្នា នាង​អាន​រហូត​ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ហើយរ​ត់ទៅ​ឱប​បុរស​ជា​គូរ​ស្នេហ៍​នោះ​។​

​ដោយ​សង្ឃឹមថា គូរ​ស្នេហ៍​អាចមាន​ការចងចាំ​វិញ នាង​តែង​សរសេរ​សំបុត្រ​ដូចគ្នា រៀបរាប់​ផង បួងសួង​ផង ហើយ​យកទៅ​អាន​ឲ្យ​បុរស​នោះ​ស្ដាប់ នៅ​កន្លែង​ដើមឈើ​ធំ ដោយ​ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ ។ ប្រមាណ​ជា ២​សប្ដាហ៍​កន្លងទៅ ដូចគ្នា​នាង​បាន​នាំ​បុរស​ជា​គូស្នេហ៍ ទៅ​កន្លែង​ដើមឈើ ហើយ​អានសំបុត្រ​ដែល​នាង​បាន​សរសេរ​។ កំពុងតែ​អាន ក្រឡេក​មើលទៅ​បុរស​ម្នាក់​នោះ ស្រាប់តែ​ហូរ​ទឹកភ្នែក ហើយ​ហៅ​នារី​ជា​គូរ​ស្នេហ៍​របស់ខ្លួន នាង​ពិតជា​ត្រេកអ​រណាស់ អ្នក​ទាំងពីរ​បាន​ឱប​គ្នា​បណ្ដើរ យំ​បណ្ដើរ នាង​បាន​និយាយ​ដោយ​អរគុណ​ទេវតា ដែល​ជួយ​ឲ្យ​គូរ​ស្នេហ៍​របស់ខ្លួន​បាន​ចងចាំ​ឡើងវិញ ។​

​តែ​ចង់​ប្រាប់ថា បុរស​ម្នាក់​នោះបាន​ជា និង​ចាំ​ឡើងវិញ តាំងពី​ថ្ងៃ​ដែល​នាង​បាន​នាំ​បុរស​នោះមក​ដល់ កន្លែង​ដើមឈើ​ធំ តាំងពី​ថ្ងៃ​ទីមួយ​មកម្ល៉េះ តែ​ដោយ​ចង់ដឹងថា នារី​ម្នាក់នេះ​ពិតជា​មិន​បោះបង់​ខ្លួន​មែន ឬ​អត់​នោះ​ក៏​សុខចិត្ត​បន្ដធ្វើ​ជា​មិន​ចងចាំ ដោយ​ចាំ​មើលថា​តើ​នាង​នឹង​គិត​បែបណា បើ​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​នៅតែ​បែប​នោះ ។ នេះ​មិន​ខុសពី​ពាក្យ​ថា គូរ​ព្រេង​មិន​ព្រាត់​ពិតមែន ជាមួយនឹង​ភក្ដីភាព​ចំពោះ​ស្នេហា​របស់​អ្នក​ទាំងពីរ បុរស​ជា​គូរ​ស្នេហ៍​បាន​រៀបរាប់ បញ្ជាប់​ប្រាប់​ខាង​ស្រី​ទាំងអស់ ឥត​លាក់លៀម ហើយ​អ្នក​ទាំងពីរ​ក៏​នឹកថា ដើមឈើ​មួយ​ដើម​នេះ ពិតជា​ជួយ​ឲ្យ​គេ​ទាំងពីរ​នាក់ បាន​ជួបគ្នា​វិញ​ប្រាកដ​មែន ហើយ​អ្នក​ទាំងពីរ ក៏បាន​រៀប​មង្គលការ​ជាមួយគ្នា បង្កើត​កូនចៅ​យ៉ាង​មាន​សុភមង្គល​រៀងមក ។​

​សូមបញ្ជាក់ថា ៖ នេះ​គ្រាន់តែ​ជា​សាច់រឿង​និពន្ធ​ឡើង ដើម្បី​បង្កើន​សោភ័ណ​ផ្សារភ្ជាប់​ជាមួយនឹង​នាម ដើមឈើ​ថា ដើមឈើ​ចាំ​ស្នេហ៍ ប៉ុណ្ណោះ ៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×