Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO នឹង​បើ​កិច្ចប្រជុំ​អន្តរជាតិ​មួយ ស្របពេល​អា​មេ​រិច និង​ចិន​កំពុងតែ​តានតឹង​ដាក់គ្នា​

spot_img

​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​ផ្តើម​សន្និបាត​ជាក់ស្តែង លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​រវាង​អា​មេ​រិច និង​ចិន​អាចជា​ឧបសគ្គ​ដល់​ការអនុម័ត វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​វិបត្តិ COVID-19​។​

​សន្និបាត​សុខភាព​ពិភពលោក (WHA) ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​ដល់​អង្គារ ត្រូវគេ​រំពឹងថា​នឹង​ផ្តោត​ទាំងស្រុង​ទៅលើ​វិបត្តិ COVID-19​។ ចាប់តាំងពី​ផ្ទុះ​ចេញពី​ចិន​កាលពី​ចុងឆ្នាំ ២០១៩​មក វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៣១០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៤,៧​លាន​នាក់​ទូទាំង​ពិភពលោក​។​

​កិច្ចប្រជុំ​នោះ​នឹងមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឥស្សរជន​ដ៏ទៃទៀត​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា សន្និបាត​នោះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត​ចាប់តាំងពី​វា​ត្រូវបាន​បង្កើត​ឡើងមក​ក្នុង​ឆ្នាំ ១៩៤៨​។​

​ប៉ុន្តែ​ឱកាស​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង ដើម្បី​ដោះស្រាយ​វិបត្តិ អាច​នឹងត្រូវ​គំរាមកំហែង​ដោយ​ភាព​ល្អកកក រវាង​មហាអំណាច​អា​មេ​រិច និង​ចិន​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន​បាន​គំរាម​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​ចិន ជុំវិញ​ការផ្ទុះ​រាតត្បាត​វីរុស COVID-19 និង​បានធ្វើការ​ចោទប្រកាន់ថា វីរុស​នោះ​មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​របស់​ចិន​។​

​លោក ត្រាំ ក៏បាន​ប្រកាស​ផ្អាក​ផ្តល់ជំនួយ​ទៅដល់​អង្គការ​សុខភាព​ពិភពលោក​ផងដែរ ដោយ​ចោទប្រកាន់ថា WHO​លុតក្រាប​ដាក់​ចិន​។​

​ទោះបី​ជាមាន​ភាព​តានតឹង ប្រទេស​ទាំងអស់​សង្ឃឹម​ថា នឹងធ្វើ​ការ​អនុ​ម័​យ​ដោយ​ឯកច្ឆន្ទ នូវ​ដំណោះស្រាយ ដើម្បី​ជំរុញ​ឲ្យ​មានការ​ឆ្លើយតប រួមគ្នា​ចំពោះ​ការ​រាតត្បាត​វីរុស​៕

​ប្រភព​៖ Channelnewsasia​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×