Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ ស្នើ​ក្រសួង ស្ថាប័ន អង្គការ និង​ស្ថានទូត យក​យានជំនិះមក​ធ្វើ​បច្ចុប្បន្នភាព ប្តូរ​ប័ណ្ណ និង​ផ្លាកលេខ​ថ្មី

spot_img

​ភ្នំពេញ​៖ ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៨​ ខែឧសភា ​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹងស្តីពី​ការប្តូរ​ប័ណ្ណ​សម្គាល់​យានជំនិះ និង​ផ្លាកលេខ​សម្គាល់​យានជំនិះ​របស់​ក្រសួង ស្ថាប័នរដ្ឋ អង្គការ និងស្ថានទូត​។

​ក្រ​សួ​សាធារណការ​និង​ដឹកជញ្ជូន សូម​ជម្រាបជូន​ដល់​ម្ចាស​គ្រប់​យានជំនិះ​ដែលជា​កម្មសិទ្ធិ​របស់​ក្រសួង ស្ថាប័នរដ្ឋ អង្គការ ស្ថានទូត ប្តូរ​ប័ណ្ណ​សម្គាល់​យានជំនិះ និង​ផ្លាកលេខ​សម្គាល់​យានជំនិះ​ថ្មី ស្របតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​ប្រកាស​ថ្មី របស់​ក្រសួង ស្តីពី​ការផ្លាស់ប្តូរ​ផ្លាកលេខ​សម្គាល់​យានជំនិះ​ឱ្យបាន​មុន​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ លេខ​៧៣ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី «​ការចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​យានជំនិះ​» និង​យោង​ប្រកា​សលេខ​១៦៣ ប្រក​.​សក​.​ដ​ជក ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​ស្តីពី «​ការកំណត់​ប្រភេទ​លេខ​សម្គាល់​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន របស់​ក្រសួង ស្ថាប័ន​» ក្នុង ក្នុង​គោលបំណង​គ្រប់គ្រង​យានជំនិះ ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​សិទ្ធិ​ជា​កម្មសិទ្ធិ លើ​យានជំនិះ​របស់​ក្រសួង ស្ថាប័ន ជាពិសេស​ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​ផ្លាកលេខ​សម្គាល់​យានជំនិះ ដោយបាន​កែសម្រួល និង​កំណត់​លេខ​កូដ​សម្គាល់​ផ្លាកលេខ​របស់​ក្រសួង ស្ថាប័ន​មួយចំនួន​ជាថ្មី តាម​លំដាប់​លេខ​កូដ​សម្គាល់​ចាប់ពី​រដ្ឋ​០១ ដល់​រដ្ឋ​៣៦​។​

​ក្រសួង​សាធារណការ បានស្នើ​ដល់​ក្រសួង ស្ថាប័ន​ទាំងអស់​ដែលជា​ម្ចាស់​គ្រប់គ្រង​យានជំនិះ មេត្តា​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​យានជំនិះ ដែល​កំពុង​ប្រើប្រាស់​នៅ​អង្គភាព​របស់ខ្លួន​រួច​បញ្ជូនមក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ត្រូវ​បំពេញបែបបទ​ស្នើសុំ​ប្តូរ​ប័ណ្ណ​សម្គាល់​យានជំនិះ និង​ផ្លាកលេខ​សម្គាល់​យានជំនិះ ឲ្យ​ស្របតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ និង​ប្រកាស​ថ្មី​នេះ នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ឲ្យ​បាន​មុខ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​គ្រប់គ្រង​យានជំនិះ​ជា​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​សហការ អនុវត្តតាម​ខ្លឹមសារ​ជូនដំណឹង​នេះ ដើម្បី​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​ផ្លាកលេខ​សម្គាល់​យានជំនិះ ឱ្យស្រប​តាមច្បាប់​ដែល​បានកំណត់​៕

​ដោយ​៖​កូ​ឡាប​

spot_img
×