Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ កំពុង​ព្រាង​ច្បាប់ ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​

spot_img

​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម ក្រោម​អធិបតីភាព ឯកឧត្តម នុត សាអាន ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើ​ទុក​បុក​ម្នេញ ឬ​ទណ្ឌកម្ម និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​លើក​ទី​៥​នេះ បាន​ពិភាក្សា​បន្ត​ពី​លទ្ធផល នៃ​សេចក្តីព្រាងច្បាប់​នេះ ក្រោយ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​បាន​ប្រមូល​ធាតុ​ចូល​ដើម្បី​តាក់តែងឡើង​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិ​ក្សា​ទៅលើ​ច្បាប់​នៃ​បង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម ដោយសារ​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា ជា​រដ្ឋ​ភាគី​ហត្ថា​លេ​ខី​នៃ​អនុសញ្ញា​ស្តីពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម យោងតាម​ស្មារតី​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ក៏បាន​អនុញ្ញាតឱ្យ​បង្កើត​គណៈ​កម្ម​ធិ​ការ​មួយ​ដែល​យើង​នឹង​ពិភាក្សា​បន្តិចទៀតនេះ​។​

​សូមជម្រាបថា ច្បាប់​នេះ​មាន​គោលបំណង​បង្កើត​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម ដើម្បី​ធានា​ការពារ​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ដកហូត​សេរីភាព​ឱ្យ​រួច​ផុតពី​ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត​មកលើ​ខ្លួន ឬ​ទណ្ឌកម្ម​ដទៃទៀត ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ថោក​បន្ទាប​ដោយ​ដាក់​វិធានការ​ត្រួតពិនិត្យ​ជា​ទៀងទាត់ នៅ​កន្លែង​ឃុំឃាំង​នានា និង​ទីកន្លែង​ដែល​ជន​ទាំងឡាយណា ត្រូវបាន ឬ​អាច​ត្រូវបាន​ដកហូត​សេរីភាព​។​

​ជាងនេះទៅទៀត ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅ​គ្រប់​ទីកន្លែង​ឃុំឃាំង​ជន​ទាំងឡាយណា ត្រូវបាន​ឬ​អាច​ត្រូវបាន​ដកហូត​សេរីភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុត សវ​នា អគ្គនាយករង​បាន​ចូលរួម​ជា​តំណាង​របស់​ឯកឧត្តម សន្តិ​បណ្ឌិត អគ្គនាយក ចាន់ គីម​សេង បាន​ឲ្យ​ដឹងថា ​ជា​លទ្ធផល កិច្ច​ប្រជុំបាន​ឯកភាព​លើ​ការពិនិត្យ​ទៅតាម​ទម្រង់ ដែល​បាន​តាក់តែង​ហើយ តែ​នឹង​ពិនិត្យ​បន្ត​ដោយ​ក្រុមការងារ​បច្ចេកទេស​ផ្ទៃក្នុង​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ នៃ​ក្រុមប្រឹក្សា​នីតិកម្ម និង​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម​។

ក្រុមការងារ​នឹង​ពិនិត្យ​លើ​ខ្លឹមសារ មួយចំនួន​ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​ក្នុងការ​តែងតាំង​សមាជិក​គណៈ កម្មាធិការ ឯករាជ្យភាព​ក្នុងការ​បំពេញ​មុខងារ លក្ខខណ្ឌ​នៃ​ក្របខណ្ឌ​មន្ត្រី​ក្នុង​លេខាធិការដ្ឋាន ស្របតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ ក្នុងនាម​ជា​ស្ថាប័ន​ឯករាជ្យ ស្របតាម​ចំណារ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២០​។​

​បើតាម​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុត សវ​នា​ ​មានមតិ​ថ្នាក់ដឹកនាំ​ខ្លះ​បាន​លើកឡើងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​ទារុណកម្ម មាន​លក្ខណៈ​ស្រដៀង​គ្នា និង​អាចបំពេញ​កិច្ចការ​ជាន់គ្នា​។

“​ខ្ញុំ​សូមបញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជា​យន្តការ ឬ​ជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ដែលមាន​តួនាទី​ទូទៅ​ឃ្លាំមើល​លើ​ការអនុវត្ត​នានា​ស្របតាម​ការគោរព​សិទ្ធិមនុស្ស​ជាស​កល​។ យន្តការ​នេះ​ត្រូវបាន​រដ្ឋាភិបាល​សឹងតែ​គ្រប់​ប្រទេស​លើ​សកលលោក​យកមកប្រើ​ដើម្បី​ធានាបាន​ការគោរព​សិទ្ធិមនុស្ស​ទូទៅ​។​ដោយឡែក​យន្តការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​ទារុណកម្ម​អាចបង្កើត​បាន​លុះត្រាតែ​រដ្ឋាភិបាល នៃ​ប្រទេស​នោះបាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ស្តីពី​ការទប់ស្កាត់​ទារុណកម្ម និង​ត្រូវតែ​រក្សា​ឯករាជ្យភាព​សម្រាប់​សមា​ជិ​ក​ភាព​នៃ​គណៈកម្មាធិការ និង​ឯករាជ្យភាព​ក្នុងការ​បំពេញ​មុខងារ​” ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុត សវ​នា បញ្ជាក់​យ៉ាង​ដូច្នេះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×