Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ការពារ​ព្រំដែន មិនត្រូវ​មាន​ភាព​ធូររលុង ឲ្យ​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់ ទៅ​ថៃ​ឡើយ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ណែនាំ គ្រប់​កងកម្លាំង​ឈរជើង នៅតាម​បន្ទាត់​ព្រំដែន អាជ្ញាធរ​រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់ តាម​បណ្តា​ស្រុក​ទាំងអស់ ដែល​ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ ត្រូវតែមាន​កិច្ចសហការ​ល្អ ក្នុងការ​ទប់ស្កាត់​ឲ្យ​ខាងតែបាន មិនត្រូវ​ប​ន្ថូ​រ​បន្ថយ​យោគយល់ មាន​ភាព​ធូររលុង ឃុបឃិត បណ្ដែតបណ្ដោយ បើកដៃ​ឲ្យ​ពលរដ្ឋ​លួច​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​ប្រទេស​ថៃ ដោយ​ខុសច្បាប់​បន្តទៀត​នោះទេ​។​​ការលើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ ក្រុម​មេខ្យល់​បាន​ញុះញង់​កៀ​
​រគរ​ដឹកជញ្ជូន​ពល​រដ្ឋ​ខ្មែរ មកពី​តំបន់​ផ្សេងៗ តាម​បណ្តា​ស្រុក​ចំនួន​៣​លើក សរុប​ចំនួន​១០៦​នាក់ ស្រី​៤០​នាក់​និង​ក្មេង​១៦​នាក់ ដោយ​ដឹក​ពួកគេ​យក​ទម្លាក់ចោល នៅ​ជិត​មាត់ច្រក​ព្រំដែន តាម​បណ្តា​ច្រករបៀង​ផ្សេងៗ ដើម្បី​លបលួច​ចូលទៅ​ប្រទេស​ថៃ ខណៈ​ប្រទេសមួយ​នេះ កំពុងធ្វើការ​ហាមឃាត់ បិទ​ច្រកទ្វារព្រំដែន​ទាំងអស់ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩​។ ពលរដ្ឋ​ទាំងអស់នោះ ត្រូវបាន​កម្លាំង​វរ​ការពារ​ព្រំដែន​គោក តាម​ច្រករបៀង​ឃាត់ខ្លួន ជា​បន្តបន្ទាប់ និង​បាន​អប់រំ​ឲ្យ​ពួកគាត់​ទាំងនោះ វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​។​

​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំ​នៅ​ព្រំដែន បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា ក្នុង​ការងារ​ទប់ស្កាត់​ការ​លួច​ឆ្លងដែន របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ​នេះ គឺ​ខាង​កម្ពុជា​ជួប​ការលំបាក​មួយចំនួន ដែល​ខ្វះ​នូវ​កិច្ចសហការ​រវាង​កង​កម្លាំង​តាម​បន្ទាត់​ព្រំដែន ទាំង​ខាង​ខ្មែរ​និង​ថៃ​។ នៅពេល​ខ្លះ​ខាង​កម្ពុជា បិទ​មិន​ឲ្យ​ចេញ​-​ចូល​ឆ្លងដែន តែ​ខាង​ថៃ បាន​បើក​ឲ្យ​ឆ្លងដែន​ខុសច្បាប់ ដើម្បី​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ ដែល​លួច​ឆ្លងដែន​ទៅ​។ កន្លងមក​ពលករ​ខ្មែរ បាន​លបលួច​ឆ្លងដែន​ខុសច្បាប់ តាម​មេខ្យល់​ខាងក្នុង​ប្រទេស​កម្ពុជា​ដឹកនាំ​ចេញទៅ និង​ខ្លះទៀត​តាមរយៈ​ការទំនាក់ទំនង ពី​បុគ្គល​សមត្ថកិច្ច​ថៃ ត្រូវរ៉ូវ​ជាមួយ​ថៅកែ​ថៃ លួច​អនុញ្ញាត​ឲ្យ​ចូលទៅ​ដី​ថៃ ដោយ​ការបិទបាំង​លួចលាក់​ខុសច្បាប់​។​

​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាលខេត្ត​មាន​ព្រំដែន​ដែន ជាប់​ប្រទេស​ជិត ត្រូវ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ប្រទេសជិតខាង តាម​ច្រករបៀង​នានា​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ មាន​ពលករ​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង បាន​វិលត្រឡប់​ពី​ថៃ​ចូល​តាម​ច្រក​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ចំនួន​១៥​នាក់ ស្រី​៧​នាក់​និង​ពលករ មាន​ទីលំនៅ​តាម​បណ្តា​រាជធានី ខេត្ត ចូលមក​វិញ​តាម​ច្រកទ្វារព្រំដែន ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ៧​នាក់ ស្រី​៥​នាក់ ហើយ​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង មកពី​ក្រៅប្រទេស​ក្នុងអំឡុង រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ មាន​ចំនួន ១៧.៤០២ នាក់ ៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×