Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​៥៣ កំពុងមាន​ការទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងខ្លាំង​

spot_img

​បាត់ដំបង​៖ តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​៥៣ ដែល​ស្ថិតនៅលើ​ភ្នំព្រឹក ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ បាន​កំពុងមាន​ការទាក់ទាញ​ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅលេង​កម្សាន្ត មិន​ថា​ថ្ងៃ​ធម្មតា ថ្ងៃ​បុណ្យទាន និង​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ​នោះទេ​។​

​តំបន់​ទេសចរណ៍​នេះ បើ​យើង​ធ្វើដំណើរ​ពី​ស្រុក​ភ្នំព្រឹក ទៅ​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រង់​ចំណុ​ច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ពី​ខាងឆ្វេង​ដៃ ចូលទៅ​ដល់ទី​តាំង​ហ្នឹង ត្រឹមតែ​ជាង​២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ឬ​យើង​ក៏​អាចធ្វើ​ដំណើរ មក​តាម​ស្រុក​សំពៅ​លូន​បាន​ដូចគ្នា​។​

​លោក ម៉ី សឹង ពលរដ្ឋ​រស់នៅ​ភូមិ​ជាប់​នឹង​តំបន់​ទឹកធ្លាក់​ភ្នំ​៥៣ បាន​ប្រាប់​ឲ្យ​ដឹងថា ពីមុន​ទឹកធ្លាក់​ភ្នំ​៥៣ សម្បូរ​សត្វ​ស្វា គ្មាន​មនុស្ស​រស់នៅ​ទេ ហើយ​ផ្លូវ​ពិបាកធ្វើ​ដំណើរ​។ នៅ​ជិត​តំបន់​នេះ ក៏មាន​គេ​ធ្វើ​ចម្ការ​ដាំ​ដំណាំ​ផ្សេងៗ ហើយ​ទើប​បានធ្វើ​ផ្លូវ​ចូល​ស្រួល​ជាង​មុន និង​ចាប់ពី​ឆ្នាំ​២០១៩ ក៏មាន​ខាង​ឯកជន​បានមក​រៀបចំ​បន្ថែម ក៏មាន​មនុស្ស​មកលេង​ទឹក ឬ​រូងភ្នំ​ជា​បន្តបន្ទាប់​។ ពេល​ចាប់ផ្ដើម​រៀបចំ​កែលម្អ មាន​មនុស្ស​មកលេង​កាន់តែច្រើន​នោះ ពលរដ្ឋ​នៅ​តំបន់​នេះ ក៏បាន​ចាប់ផ្ដើម​មានរ​បរ​លក់ដូរ​ជា​ហូរហែរ បង្កើន​ជា​ប្រាក់ចំណូល​ប្រចាំថ្ងៃ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ​។ លោក ម៉ី សឹង បានស្នើ​សុំ​ឲ្យ​អាជ្ញាធរខេត្ត ជួយ​ធ្វើ​ផ្លូវ​ចូលទៅ​ទឹកធ្លាក់​ភ្នំ​៥៣​នេះ ឲ្យ​បាន​ស្រួល ដើម្បី​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែខ្លាំង​ថែមទៀត​។​

​លោក គឹម សុភ័ណ ប្រធានស្តីទី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ទឹកធ្លាក់​ភ្នំ​៥៣​នេះ មិនមែន​ត្រឹមតែ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នោះទេ គឺមាន​ពាក់ព័ន្ធ​នឹង​តំបន់​ប្រវត្តិសាស្ត្រ​ផងដែរ ព្រោះ​នៅពេល​ប្រជាពលរដ្ឋ​កាយ​ដី ដើម្បី​រៀបចំ​កែលម្អ​ទីតាំង​នេះ ក៏បាន​ជួបប្រទះ​ឧបករណ៍​បុរាណៗ​មួយចំនួន ដែល​អាចមាន​អាយុកាល​ចាប់ពី ៥០០​ទៅ​៧០០​ឆ្នាំ មុន គ្រឹ​ស្ត​សករាជ ប៉ុន្តែ​មិនទាន់​ដឹងថា ជា​កន្លែង​មនុស្ស​រស់នៅ ឬ​កន្លែង​កប់​សព​រប​ស់ម​នុស្ស​បុរាណ​នោះទេ​។​

​លោក គឹម សុភ័ណ បាន​បញ្ជាក់ថា ជា​ជំហាន​បន្ទាប់ មន្ត្រី​ជំនាញ​អាច​នឹងមាន​ការស្រាវជ្រាវ ឬ​ធ្វើ​កំណាយ​នៅ​ទីតាំង​នេះ ប៉ុន្តែ​ក៏​អនុញ្ញាត​ឲ្យ​ធ្វើជា​ទីតាំង​រមណីយដ្ឋាន​បាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត ហើយ​ជំរុញ​ដល់​វិស័យ​ឯកជន កំពុង​កែលម្អ​រៀបចំ​ទីតាំង​នេះ ឲ្យ​មាន​ធ្វើ​កន្លែង​ដាក់​នូវ​ឧបករណ៍ ដែល​រកឃើញ​ឲ្យ​បាន​សមរម្យ ដើម្បី​ឲ្យ​អ្នក​មកលេង​បានឃើញ និង​ទុកជា​ភស្តុតាង​ផងដែរ​។​

​គួរ​បញ្ជាក់ថា នៅ​ស្រុក​ភ្នំព្រឹក ក៏មាន​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត និង​មាន​ភ្នំ​ជាទី​តាំង​ប្រវត្តិសាស្ត្រ ក៏មាន​ច្រើន ដូច​ភ្នំព្រឹក ភ្នំ​បារាំង​ធ្លាក់ និង​ភ្នំ​ហុង​ទឹង ជាដើម ៕

ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×