Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ជា​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដើម្បី​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់មកវិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស

spot_img

​ភ្នំពេញ​៖ ​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដែលជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេចបាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ង​ងិ​ត ។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ទិវា​នេះ ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

​សម្តេច បាន​លើកឡើងថា “​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​”​។

“​ដើម្បី​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់មកវិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុងការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​”​។ សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​។​

​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃទី​២០​ឧសភា ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូចជា នៅតាម​បណ្ដាល​ខេត្ត​នានា តែងតែ​ប្រារព្ធ​ធ្វើឡើង នៅក្នុង​ដែនដី​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​នោះ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០​នេះ ការ​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​២០​ឧសភា ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​២០​ខែឧសភា​ឆ្នាំ​២០២០​ស្អែក​នេះ ត្រូវបាន​ផ្អាក​ធ្វើ​ហើយ ដោយ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដែល​បាននិងកំពុង​រីក​រាល​ដាល​ពេញ​ពិភពលោក ហើយ​កម្ពុជា​ក៏​ជា​ប្រទេសមួយ បាន​ប្រឈម​នឹង​បញ្ហា​នេះដែរ​។​

​បើ​យោងតាម​លិខិត​មួយច្បាប់ ជម្រាបជូន​មក​គណៈកម្មាធិការ​គណ​បក្ស​រាជធានី ខេត្ត ដែល​ចុះហត្ថលេខា ដោយ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុង​លិខិត​នេះ មានន័យ​ដើម​ទាំងស្រុង​ថា ៖

​ជម្រាប​មក ឯកឧត្តម លោកជំទាវ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​រាជធានី ខេត្ត កម្មវត្ថុ អំពី​ការផ្អាក​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ យោងតាម​លិខិត​លេខ ០២៥/១៨ លគ​.​គក ចុះ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ របស់​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល ស្ដីពី​ការរៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ថ្ងៃ​២០​ឧសភា​។​

តាម​កម្មវត្ថុ​និង​យោង​ខាងលើ គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី ខេត្ត​ទាំងអស់ ជ្រាបថា ដោយ​បញ្ហា​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ពេញ​ពិភពលោក ដូច្នេះ​ការរៀបចំ​ពិធី​ជួបជុំ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ ដែល​គណបក្ស តាម​បណ្ដាល​ថ្នាក់​ត្រៀម រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ ២០២០ ខាងមុខ ត្រូវ​ផ្អាក​ធ្វើ​ក្នុងឆ្នាំនេះ​។​

​បើ​យោងតាម​អនុក្រឹត្យ ស្តីពី​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ បានសម្រេច​ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​នៃ​ការចងចាំ ដែលជា​ថ្ងៃ​បុណ្យជាតិ ផ្លូវការ​មួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ដើម្បី ៖ លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ និង​ការធ្វើ​បុណ្យ​ឧ​ទ្ធិ​ស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជនរងគ្រោះ ទោះជា​នៅរស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូលរួម​ក្នុង​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើតមានឡើង​សាជាថ្មី​។​

​ថ្វី​ត្បិត​ស្រមោល​អន្ធ​កាល​ដ៏​ខ្មៅ​ង​ងិ​ត បាន​កន្លងផុតទៅ ៤​ទសវត្សរ៍​ក៏ដោយចុះ តែ​ស្លាកស្នាម​នៃ​សោកនាដកម្ម​ប្រល័យពូជសាសន៍ នៅតែ​ដក់​ជាប់​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប និង​ហាក់ដូចជា​នៅ​ថ្មីៗ ស្រស់ៗ​នៅឡើយ​។ មហា​សោកនាដកម្ម និង​វិនាសកម្ម​ប្រល័យពូជសាសន៍ នៃ​របប​ដ៏​ព្រៃផ្សៃ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ បានធ្វើ​ឲ្យ​ជីវិត​ជនស្លូតត្រង់ នៃ​ប្រជាជន​កម្ពុ​ជាជាង​៣​លាន​នាក់ ត្រូវបាន​គេ​កាប់សម្លាប់ និង​រាប់លាន​នាក់​ទៀត ត្រូវ​ព្រាត់ប្រាស់​បែកបាក់​គ្រួសារ ហើយក៏​ពុំមាន​គ្រួសារ​ខ្មែរ​ណា​ម្នាក់ ដែល​ដែល​មិន​បាត់បង់​សមាជិកគ្រួសារ​នោះទេ​។ ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង​ជនពិការ​ជាដើម មាននៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្រោម​ស្នាដៃ​តែមួយ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។ ថ្ងៃ​២០​ឧសភា ក៏​ជា​សារ​រំលឹក ទៅដល់​កូន​ខ្មែរ​គ្រប់រូប ក៏​ដូច​មនុស្សជាតិ​លើ​សាកលលោក កុំ​ភ្លេច​នូវ​របប​ប្រល័យពូជសាសន៍​ដ៏​សាហាវឃោរឃៅ និង​គួ​ឲ្យ​ស្អប់ខ្ពើម​នេះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×