Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ចុះ​អន្តរាគមន៍ នាំ​ទឹក​ជូន​ពលរដ្ឋ​ជាង​៥០០​គ្រួសារ កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ នៅ​ស្រុក​សង្កែ

spot_img

​បាត់ដំបង​៖ អាជ្ញាធរខេត្ត អាជ្ញាធរ​ស្រុក មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះ​អន្តរាគមន៍​នាំ​ទឹក​ពី​ទំនប់​ក​ង្ហ​ត តាម​ប្រឡាយ​មេលេខ​៧ (​ប្រឡាយ​ចិន​) ជូន​ពលរដ្ឋ​ជាង​៥០០​គ្រួសារ កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ ដើម្បី​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​គ្រប់គ្រាន់​ឡើងវិញ ខណៈ​បញ្ហា​ភ្លៀង​ធ្លា​ក់នៅ​ដើមឆ្នាំ​២០២០​នេះ មិន​គ្រប់គ្រាន់​។​

​លោក សុខ ហឿន អភិបាលស្រុក​សង្កែ បាន​មានប្រសាសន៍ថា ភូមិសាស្ត្រ​ឃុំ​កំពង់ព្រះ ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​១០ របស់​ស្រុក​សង្កែ ស្ថិតនៅ​កណ្ដាល​គេ ដោយ​ប្រភពទឹក​អាច​នាំ​បានតែ​ពី​ទំនប់​ក​ង្ហ​ត​។ សម្រាប់​ស្ទឹង​សង្កែ​វិញ គឺ​មិនអាច​នាំ​ទឹក​មក​បាន​នោះទេ ដែល​ភូមិសាស្ត្រ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​តែង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ចំពោះ​ការនាំ​ទឹក​មក​ជូន​ពលរដ្ឋ បាន​ប្រើប្រាស់​នាពេលនេះ គឺ​ត្រូវ​នាំ​ទឹក​មក​យូរថ្ងៃ​ដែរ ទើប​ធ្លាក់​ដល់​តាម​ភូមិ ដែល​ក្នុង​ការនាំ​មកនេះ ក៏បាន​ជួប​ឧបសគ្គ ដោយសារ​មាន​ពលរដ្ឋ​រស់នៅ​ឃុំ​ផ្សេងទៀត​ពី​ខាងលើ មិន​ត្រឹមតែ​បូម​ដាក់​ស្រះ​នោះទេ មាន​អ្នកខ្លះ​បូម​ដាក់​ស្រែ​ទៀតផង ដែល​បញ្ហា​ធ្វើ​ឲ្យ​ទឹក​ហូរ​មក​យឺត អាច​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ខាងក្រោម​។

​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ទឹក​នៅ​ខាងលើ​ក៏​មិនមាន​ច្រើន​ប៉ុន្មាន​ដែរ បើ​ពុំមាន​អ្នក​ខាងលើ​បូមទឹក ដាក់​ធ្វើស្រែ​នោះទេ កម្លាំង​ទឹក​ដែល​ទម្លាក់​មកនេះ អាច​មកដល់​គោលដៅ សម្រាប់​ពល​​រដ្ឋ​ប្រើប្រាស់​បាន​គ្រប់គ្រាន់​។​

​ក្នុងឱកាស​ចុះ​អន្តរាគមន៍​នាំ​ទឹក​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​កំពង់ព្រះ​បាន​ប្រើប្រាស់​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​សង្កែ ពិសេស​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​ទប់ស្កាត់​ការបូមទឹក​ដាក់​ស្រែ ដើម្បី​ឲ្យ​ទឹកបាន​ហូរ​ទៅ​ក្រោម ខណៈ​ពេលនេះ​ទឹកភ្លៀង​មិនទាន់​ធ្លាក់​គ្រប់គ្រាន់ មិនអាច​ទាន់​ធ្វើស្រែ​បាន​នោះទេ​។ សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ​នៅ​បែក​ខាងលើ រស់នៅ​ជាប់​នឹង​ប្រឡាយ ដែល​កំពុង​នាំ​ទឹក​មក​ពេលនេះ កុំ​នាំគ្នា​បូមទឹក​ធ្វើស្រែ​ឲ្យ​សោះ ព្រោះ​ទុក​ឲ្យ​ធ្លាក់​ទៅដល់​ឃុំ​កំពង់ព្រះ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ បាន​ប្រើប្រាស់​ប្រចាំថ្ងៃ និង​មិនត្រូវ​នាំ​បំបែក​តាម​ប្រឡាយ​ផ្សេងៗ ទៅកាន់​កន្លែង​ណា​នោះទេ​។​

​គួរ​បញ្ជាក់ថា ដោយសារ​បញ្ហា​ភ្លៀង​ធ្លាក់​រាយប៉ាយ​បន្តិចបន្តួច នៅ​ដើមឆ្នាំ​២០២០​នេះ បាន​បង្ក​ឲ្យ​ពលរដ្ឋ​នៅក្នុង​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង ខ្វះខាត​ទឹក​ប្រើប្រាស់​និង​មិនទាន់​អាច បង្កបង្កើន​ស្រូវ​បាន​ផុលផុស​ដូច​រាល់​ឆ្នាំ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ ពី​ការយឺតយ៉ាវ​និង​ធ្វើស្រែ មិនទាន់​រដូវ​ផងដែរ​៕

ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×