Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិចារណកថា​៖ យើង​ត្រូវ​បន្ត​ថែរក្សា​ស្មារតី ២០​ឧសភា ទិវា​ចងចាំ​ទុកជា​មេរៀន​ប្រវត្តិសាស្ត្រ​

spot_img

​​ភ្នំពេញ​៖ ថ្ងៃ​ពុធ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ គឺជា​ទិវា​ចងចាំ និង​រំលឹក​នឹក​ដល់​មហា​សោកនាដកម្ម ដែល​បន​ប៉ុលពត​ប្រល័យពូជសាសន៍ ប្រព្រឹត្ត​មកលើ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ក្នុងអំឡុងពេល ដែល​អន្តរធាន​នេះ​កាន់អំណាច​នៅ​កម្ពុជា​ចន្លោះ​ពីថ្ងៃ ១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ ៦​មករា ឆ្នាំ​១៩៧៩​។​


​ ​ទិវា​នេះ​ត្រូវបាន​បង្កើត​ឳ្យ​មាន​ឡើង​ដោយសារ​សំឡេង​ដ​ង្ហើ​យ​ហៅ​របស់​ខ្មែរ​ដែល​រងគ្រោះ​សល់​ពី​ការកាប់សម្លាប់​របស់​ប​ន​ប្រល័យពូជសាសន៍ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានកំណត់​យក​ទិវា​នេះ​ជា​ទិវា​ផ្លូវការ​មួយ មានចែង​យ៉ាង​ច្បាស់លាស់​ក្នុង​គណបក្ស​ដោយ​កំណត់​ហៅថា “​ទិវា​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​កម្ពុជា​ដែល​រងគ្រោះ​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុលពត ២០​ឧសភា​”​។​
​ ​
​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលមាន លោក ឆាំង យុ ជា​ប្រធាន បានបង្ហាញ​ភ័ស្តុតាង​ឳ្យ​ឃើញថា “​នៅ​ថ្ងៃ ២០​ឧសភា ឆ្នាំ​១៩៧៦ ក្រោយ​បន្តិច​ដែល​រដ្ឋសភា កម្ពុជា​ប្រជាធិបតេយ្យ​អនុម័ត​ឳ្យ​ឡើង កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​តាម​ការចាត់ចែង​របស់​គណៈ​៨៧០ ឬ​គណៈអចិន្ត្រៃយ៍​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា​ឬ​អង្គការ​នេះ ប៉ុល ពត ដែលមាន​តួនាទី​ជា​លេខា​ទី​១ នៃ​បក្ស​ផង​នោះ បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្តេច​ចិត្ត​មួយ ឳ្យ​បោសសម្អាត​ប្រជាជន​គ្រប់​ជាន់ថ្នាក់​ដែល​ពួកវា​ចាត់ទុកថា ជា​អ្នកប្រឆាំង​”​។​
​ ​
“​បោសសម្អាត ឬ​កម្ទេចចោល ជា​ភាសា​របស់​អង្គ​ការដែល​មានន័យ ស្មើនឹង​យកទៅ​សម្លាប់ចោល​”​។ ខ្លឹមសារ​នៃ​សេចក្តីសម្រេចចិត្ត ២០​ឧសភា ឆ្នាំ​១៩៧៦ របស់​នាយករដ្ឋមន្ត្រី ប៉ុល ពត បាន​ឆក់យក​អាយុជីវិត​ប្រជាជន​កម្ពុជា អស់​រាប់លាន​នាក់​។ ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ​ដែល​ពួកនេះ​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស​កម្ពុជា បន​ប៉ុលពត អៀង សារី បាន​អនុវត្ត​នូវ​មាគ៌ា​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បំផុត​។​
​ ​
​យោងតាម​របាយការណ៍​មួយ​ដែល​ធ្វើឡើង​កាលពី​ខែកញ្ញា ឆ្នាំ​១៩៨៣ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បានផ្តល់​នូវ​តួលេខ​នៃចំ​នូ​ន​មនុស្ស​ស្លាប់​ក្នុង​របប​ប៉ុលពត​មាន​ជាង​៣​លាន​នាក់ ក្នុងនោះ​មាន វេជ្ជបណ្ឌិត ឱសថការី ទន្ត​បណ្ឌិត​ចំនួន​៥៩៤​នាក់ មេធាវី និង​សាស្ត្រាចារ្យ​ចំនួន​៦៧៥​នាក់ គ្រូបង្រៀន​ចំនួន​១៨០០០​នាក់ សិស្ស​និស្សិត​១០៥៥០​នាក់ អ្នកកាសែត​ចំនួន​១៩១​នាក់ សិល្បករ ១១២០​នាក់ និង​ធ្វើ​គត់​ព្រះសង្ឃ​ចំនួន ២៥១៦៨ អង្គ​។ កេរ្តិ៍ដំណែល​នៃ​របប​វាលពិឃាដ ប៉ុលពត នៅតែ​បន្ត​ញាំញី​ប្រទេស​កម្ពុជា​រហូតមកដល់​សព្វថ្ងៃ​។​
​ ​
​គណៈកម្មការ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរក្រហម​ប៉ុលពត Research Committee in to the Crime of the Pol Pot Regime ត្រូវបាន​បង្កើតឡើង​ដោយ​រណសិរ្ស​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​១៩៨២ ហើយ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​១៩៨៣ រដ្ឋសភាជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានចេញ​សេចក្តីសម្រេច​ទទួលស្គាល់ និង​អនុម័ត​នូវ​ការរកឃើញ​ដោយ​គណៈកម្មាធិការ​ស្រាវជ្រាវ និង​បានកំណត់​យក​ថ្ងៃទី​២០ ខែឧសភា រៀងរាល់ឆ្នាំ​ធ្វើជា​ទិវា​ចងចាំ ការឈឺចាប់​ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋកម្ម​របស់​របប​ប៉ុលពត អៀង សារី​។​
​ ​នៅក្នុង​ចន្លោះ​នៃ​ការ​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​វ័យក្មេង​ជាងគេ លើ​ពិភពលោក​ពី​ឆ្នាំ​១៩៧៩​ដល់​ដើមឆ្នាំ​១៩៨៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូល​ជួបនឹង​ជនបរទេស​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស​កម្ពុជា​ដើម្បី​ពន្យល់​ប្រាប់​ពួកគេ​ថា “​ហេតុអ្វី​បានជា​ប្រជាជន​កម្ពុជា ដាច់ខាត​បដិសេធ​មិន​អនុញ្ញាត​ឳ្យ​ពួក​ប៉ុលពត ត្រឡប់មក​កាន់អំណាច​វិញ ហើយ​នៅក្នុង​អំឡុង​ពេលនោះ លោក​ក៏​ធ្លាប់បាន​ជួប​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី នៅឯ​ក្រៅប្រទេស​ដើម្បី​បញ្ជាក់​ដូច​លោក បៀ​ល ហេ​យ៍​ឌែ​ន រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ថា លោក​ពិតជា​ចង់បាន​ដំណោះស្រាយ នយោបាយ​មួយ​ក្នុង​រឿង​ជម្លោះ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការទប់ស្កាត់​មិន​ឳ្យ​ពួក​ប៉ុលពត​មកកាន់​អំណាច​វិញ​”​។​
​ ​
​ការ​ប្រារព្ធ​ទិវា​ចងចាំ ២០​ឧសភា ទោះបីជា​ស្ថិតក្នុង​ទ្រង់ទ្រាយ​ធំ តូច មធ្យម ឬ​ទន្ទេញ​ក្នុង​ក្រអៅបេះដូង​យ៉ាងណា ក៏ដោយ​ក៏មាន​អត្ថន័យ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​ភ័យខ្លាច​ភ្លេច មិន​ចង់​ភ្លេច​មេរៀន​ប្រវត្តិសាស្ត្រ ដ៏​ជូរចត់​នៃ​របប​យង់​ឃ្នង់​ព្រៃផ្សៃ​ប៉ុលពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃនេះ​។​
​ ​
“២០​ឧសភា​មិន​យក​នរណាម្នាក់​ធ្វើជា​សត្រូវ​ទេ ប៉ុន្តែ​សតិសម្បជញ្ញៈ​យើង​បាន​បង្ហាញថា ការព្យាយាម​បំបាត់ចោល​នៃ​ស្មារតី ២០​ឧសភា ទិវា​ចងចាំ​គឺជា​ការប្រមាថ យ៉ាងធ្ងន់ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​ជនកម្ពុជា ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប៉ុលពត និង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ ដោយសារ​រំដោះ​ជនកម្ពុជា​ឳ្យ​រួច​ផុតពី​ការកាប់សម្លាប់​នេះ​”​។​
​ ​
​ជនកម្ពុជា​ទាំងឡាយ​ត្រូវតែ​រួបរួមសាមគ្គី​គ្នា​ថែរក្សា​ស្មារតី​នៃ​ទិវា​ចងចាំ ២០​ឧសភា ដោយហេតុ​ថ​ថា នៅលើ​ទឹកដី​នេះ ពុំមាន​ក្រួសារ​កម្ពុ​ជាណា​មួយ​ដែល​មិនមាន ញាតិ​សាច់សាលោហិត​របស់ខ្លួន​ត្រូវបាន​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដោយសារ​សេចក្តី​សម្តេច​ចិត្ត ២០​ឧសភា​១៩៧៦​នោះឡើយ​។​
​ ​
​យើង​ត្រូវ​បន្ត​ថែរក្សា​ស្មារតី ២០​ឧសភា​ទិវា​ចងចាំ​ឳ្យ​ដូចជា​ថែរក្សា​ប្រ​ស្រី​ភ្នែក របស់​យើង​ថែរក្សា​អាយុជីវិត​យើង យើង​មិន​ចងអាឃាត​ព្យាបាទ​ទេ យើង​ថែរក្សា​ទុកជា​មេរៀន​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ជំនាន់​នេះ និង​កម្ពុជា​ជំនាន់​ក្រោយៗ​ទៀត​។ ស្មារតី ២០​ឧសភា បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស នៅក្នុង​គោលដៅ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ​នោះ​គឺ “​ការពារ​សមិទ្ធផល​ជាតិ​ឳ្យ​បាន​ស្ថិតស្ថេរ​ជា​និរន្តរ៍ ធានា​ការគោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ យុត្តិធម៌​សង្គម និង​ពង្រឹង​ធ្លុង​សាមគ្គី​ជាតិ ដោយសារ​ប្រទេស​ប្រកបដោយ​សុខដុមរមនា​”៕

ដោយ​៖ CEN

 

spot_img
×