Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលអនុញ្ញាតឲ្យបើកសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ចាប់ពីខែមិថុនា

spot_img

រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។

ការបើកនូវសារមន្ទីរនានាបានធ្វើឡើងតបទៅនឹងការស្នើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

ក្រសួងសុខាភិបាលបានលើកឡើងថា ថ្វីត្បិតតែស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុសកូវីដ១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤,៩១០,៧២១នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣២០,៤៤៨នាក់ បានស្លាប់ និង ១,៩១៩,១៥១នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៦៤ ប្រទេស និងដែនដីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៦២។

កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២២នាក់ ក្នុងនោះកម្ពុជាបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង នូវអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់នេះផងដែរ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវការឆម្លងជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត៕

ដោយ ៖ សម្ផស្ស

spot_img
×