Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុសេនីយ៍ឯក ទេព ចាន់​មុនី យក​កាំភ្លើងខ្លី​មក​សៀតចង្កេះ ក្នុងពេល​ប៉ះទង្គិច​ពាក្យសម្ដី កាយវិការ​ច្រងេងច្រងាង ជាមួយ​ប្រជាពលរដ្ឋ

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​អះអាងថា បន្ទាប់ពី​មានការ​បង្ហោះ​សារ ក៏ដូចជា​វីដេអូ​ឃ្លី​ប​លើ​បណ្តាញ​សង្គម ថា​មាន​បុរស​ម្នាក់​អាង​ខ្លួន​ជា​នាយរង​ការិយាល័យ ដក​កាំភ្លើង​មក​គំរាម​ខ្ញុំ​មក​នោះ អគ្គស្នងការ បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​កោះហៅ​លោក​អនុសេនីយ៍ឯក ទេព ចាន់​មុនី មាន​តួនាទី​ជា​នាយរង​ផ្នែក នៃ​ការិយាល័យ​ឧក្រិដ្ឋវិទ្យា មក​អប់រំ ណែនាំ និង​ដាក់ពិន័យ​កងកម្លាំង នៅ​អង្គភាព​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Nath Sovuthy បានសរសេរថា “​មាន​បុរស​ម្នា​ក់អាង​ខ្លួន​ជា​នាយរង​ការិយាល័យ ដក​កាំភ្លើង​មក​គំរាម​ខ្ញុំ​”​។

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ​យើងខ្ញុំ​សូម​ជូនដំណឹង​ដល់​សាធារណជន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ជ្រាបថា លោក​អនុសេនីយ៍ឯក ទេព ចាន់​មុនី ជា​នាយរង​ផ្នែក​នៃ​ការិយាល័យ​ឧក្រិដ្ឋវិទ្យា នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ត្រូវបាន​អង្គភាព​ហៅ​មក​ធ្វើការ​អប់រំ ណែនាំ ដាក់ពិន័យ​កងកម្លាំង និង​បានធ្វើ​កិច្ចសន្យា​លាយលក្ខណ៍អក្សរ នៅ​អង្គភាព នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រោយ​មានការ​ប៉ះទង្គិច​ពាក្យសម្ដី ឬ​កាយវិការ​មិន​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ​។​

​ចំពោះ​រូបភាព​ដែល​បាន​ចែកចាយ នៅតាម​បណ្ដាញ​សង្គម Facebook ដោយ​លាយ​លំ​ជាមួយ​សារ​មិន​សមរម្យ​មួយចំនួន​នោះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ជម្រាបជូន​ថា លោក​អនុសេនីយ៍ឯក ទេព ចាន់​មុនី គ្មាន​ចេតនា​ក្នុង​ការយក​កាំភ្លើង​របស់ខ្លួន ទៅ​គំរាម​ប្រជាពលរដ្ឋ​នោះទេ ពោល​ពេលនោះ ករណីនេះ​កើតឡើង​គឺ​ចំ​ពេលដែល​លោក​បាន​យក​សម្ភារ រួមទាំង​អាវុធខ្លី​ពី​ក្នុង​រថយន្ត​ទៅ​ទុក​ក្នុងផ្ទះ​តែប៉ុណ្ណោះ តែ​ចៃដន្យ​ក៏​ជួប​បញ្ហា​នោះ​តែម្តង លោក​បាន​យក​អាវុធខ្លី​នោះ​ដាក់​សៀតចង្កេះ​បន្ត​ការជជែក​គ្នា​ដោយ​សម្តី​។ តាម​រូបភាព​វីដេអូ​ឃ្លី​ប​នោះ​បង្ហាញថា គាត់​ពុំបាន​យក​អាវុធ​ភ្ជង់​គំរាម​ភាគី​ជម្លោះ​នោះទេ​។​

​សាមីខ្លួន អនុសេនីយ៍ឯក ទេព ចាន់​មុនី បានធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ណាមួយ ពិសេស​បង្ហាញ​សម្ភារ​សឹក​នៅមុខ​មហាជន​ផ្ទុយ​ពី​បេសកកម្ម ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ដិ​យស​កងកម្លាំង និង​មហាជន​មានការ​យល់ច្រឡំ​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ តែងតែ​ក្រើនរំលឹក និង​ដាស់តឿន​មន្ដ្រីនគរបាល​ទាំងអស់ ចំណុះ​អង្គភាព​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ មិនត្រូវ​ប្រព្រឹត្ត​ទង្វើ​ណា​ដែល​ផ្ទុយ​ពី​ច្បាប់ ឬ​វិន័យ​កងកម្លាំង​នោះឡើយ ប្រសិនបើ​រកឃើញថា មន្ដ្រី​ណា​ប្រព្រឹត្ត​ខុស នឹងមិន​អត់ឱន​ឲ្យ​នោះឡើយ​។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដែល​បានផ្ដល់​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន​ផ្សេងៗ មកកាន់​នាយកដ្ឋាន​យើងខ្ញុំ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×