Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត ស្ថាបនា​ឡើងវិញ​បាន​៧៤% គ្រោង​បញ្ចប់​មុន​ការកំណត់​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ​(វីដេអូ)

spot_img

តាកែវ​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ ចុះ​ពិនិត្យ​គុណភាព នៃ​ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ចោមចៅ​ទៅ​ក្រុង​កំពត ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះពិនិត្យ​នេះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០២០​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​ទៅលើ​គុណភាព​នៃ​ការសាងសង់ ថា​តើ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បានកំណត់​ដែរ​ឬ​យ៉ាងណា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ខួង​ពិនិត្យមើល​ស្រទាប់​គ្រឹះ និង​ការ​ពិនិត្យមើល​ការបំពាក់​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែលមាន​ប្រវែង សរុប​១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ពី​ចោមចៅ (​ភ្នំពេញ​) ទៅ​បែក​គុ​ស ប្រវែង​៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​)​។ ដំណាក់កាល​ទី​២ ពី​បែក​គុ​ស​ទៅ​ក្រុង​កំពត​ប្រវែង​៦៤,៩២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC​កម្រាស់​៧​សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់​១២ ម៉ែត្រ ចែកជា​២​គន្លង​។​

​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ។​

​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣​នេះ​មាន​រយៈពេល​៤៨​ខែ តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ដោយសារ​វឌ្ឍនភាព​នៃ​ការសាងសង់​បាន​ដំណើរការ​ដោយ​ភាពរលូន ការសាងសង់​អាច​នឹង ត្រូវ​បញ្ចប់​មុន​គម្រោង​រយៈពេល​៩​ខែ ពោលគឺ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ ហើយ​គិត​រហូត​មកទល់ពេលនេះ​ការសាងសង់​សម្រេចបាន​៧៤%​ហើយ​។​

​ក្រោយពី​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៣​ចំនួន​បី​កន្លែង ដោយ​មិនបាន​ជូនដំណឹង​ជាមុន (Spot check) លទ្ធផល​បាន​បង្ហាញថា​៖ គុណភាព​សំណង់​ស្ថិតក្នុង​កម្រិតស្តង់ដារ​មួយ​ល្អ អាច​ទទួលយកបាន ធានាបាន​នូវ​ការប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​ឈានទៅ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុងការ​ថែទាំ​ជួស​ជួល​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​រថយន្ត​តាមផ្លូវ ដើម្បី​ចាប់​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ក្នុង​ទីប្រជុំជន ដើម្បី​ធានា​ឱ្យ​អ្នកបើកបរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ មិន​បើកបរ​លើស​ល្បឿន​កំណត់ដោយ​ច្បាប់ និង​មាន​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​បើកបរ និង​ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​ការកកស្ទះ​នៅពេល​ធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ ៕

ដោយ​៖​តាកែវ​

spot_img
×