Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តុកក្តួល​ណាស់​! ឪពុក​ម្នាក់​បង្ហោះ​សារ​រៀបរាប់​ទាំង​អួល​ដើម​.​ក ពេល​កូនស្រី​ជាទី​ស្រឡាញ់​ក្លាយជា​មនុស្ស​រុក្ខជាតិ​

spot_img

​ប្រិយមិត្ត​ជាច្រើន​នៅក្នុង​នៅក្នុង​បណ្តាញ​សង្គម បាន​ចាប់អារម្មណ៍ និង​រំជួលចិត្ត​ជាខ្លាំង ក្រោយពី​បានឃើញ​សារ​រៀបរាប់​តាក់តែង​ជា​កំណាព្យ​ដ៏​កម្សត់​ពី​បុរស​ជា​ឪពុក​ពោះម៉ាយ​ម្នាក់ បង្ហោះ​ឡើង​អ៊ីនធឺណិត ដោយ​បង្ហាញ​ពី​អារម្មណ៍ និង​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រោ​បំផុត មិនអាច​កាត់ថ្លៃ​បាន ចំពោះ​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន ដែល​ពេលនេះ​នាង​កំពុង​ឈឺធ្ងន់ធ្ងរ ពោលគឺ​ប្រៀប​ដី​ដូចជា​មនុស្ស​រុក្ខជាតិ​ទៅហើយ​។​

​កូនស្រី​រូបនេះ​ដែល​ឪពុក​របស់​នាង​ហៅ​ឈ្មោះថា តី ត្រូវបាន​ដឹងថា​មាន​អាយុ ៨ ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជាង ៦ ឆ្នាំ មកហើយ ដោយ​ពុំ​អាច​ព្យាបាល​ជាសះស្បើយ​បាន​នោះទេ បើទោះជា​បញ្ជូនទៅ​ព្យាបាល​នៅ​បរទេស​។ កុមារី តី កាលពី​មាន​អាយុ​១​ឆ្នាំ នៅ​ថ្ងៃមួយ​នោះ នាង​ស្រាប់តែ​លេចចេញ​អាការ​ក្តៅខ្លួន​ខ្លាំង និង​ភ្នែក​ឡើង​ក្រហម​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ។ ភ្លាមនោះ ឪពុក​របស់​នាង​ក៏បាន​យក​នាង​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​លទ្ធផល​បង្ហាញថា នាង​កើត​ជំងឺ​រលាក​ខួរក្បាល ។ ទោះយ៉ាងណា ជំងឺ​នេះ​បាន​វិ​វត្ត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ រហូត​ធ្វើ​ឲ្យ​នាង​បាត់បង់​ស្មារតី ដែល​លើ​ពី​សមត្ថភាព​ក្រុមគ្រូពេទ្យ​ជួយ​បាន និង​ទីបំផុត នាង​ក៏​ស្ថិត​ស្ថានភាព​បែបនេះ ប្រៀបដូចជា​មនុស្ស​រុក្ខជាតិ​គួរ​ឲ្យ​អាសូរ​បំផុត​។​
​អ្វីដែល​ខ្លោចចិត្ត​បំផុត​នោះ គឺ​ត្រង់​ថា តី​តី សព្វថ្ងៃនេះ នាង​មានតែ​ឪពុក និង​ជីដូន​ជា​អ្នក​នៅ​មើលថែ​ប៉ុណ្ណោះ ព្រោះ​ម្តាយ​របស់​នាង​បាន​លែងលះគ្នា​ជាមួយ​ឪពុក​របស់​នាង តាំងពី​នាង​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​ម្លេះ ដែល​ពេលនេះ​គេ​ក៏​មិនដឹង​ដែរ​ថា ស្ត្រី​នោះ​នៅមាន​ការ​នឹក​ស្រណោះ​ដល់​រូបនាង ឬ យ៉ាងណាដែរ​នោះទេ​។ ចាប់តាំងពី​កូន​ធ្លាក់ខ្លួន​បែបនេះ ឪពុក​មិនបាន​ទៅ​បំពេញការងារ​ជាប់ដៃ​ឡើយ ព្រោះតែ​អារម្មណ៍​រវើរវាយ នឹក​គិតដល់​កូនស្រី​ជានិច្ច ដែល​ពឹង​ទៅលើ​ជីដូន​នៅ​ជួយ​មើលថែ​នៅពេល​ថ្ងៃ​។​

​ខាងក្រោម​នេះ​ជា​កំណាព្យ​ដ៏​សែន​ក្ដុកក្ដួល និង​ពោរពេញ​ទៅដោយ​អត្ថន័យ បង្ហាញ​ពី​ក្តី​អាណិតអាសូរ និង​ការ​បួងសួង​សូម​ឲ្យ​កូនស្រី​ឆាប់​ជាសះស្បើយ​ពី​បុរស​ជា​ឪពុក​ខាងលើ​៖

#​កូន​តី​ឈឺ​ពិត តែ​ចិត្ត​ប៉ា​នៅ ស្រឡាញ់​ជ្រាលជ្រៅ ដូច​កាល​នៅ​ល្អ ទោះ​កូន​គ្មាន​ម្ដាយ ខ្វល់ខ្វាយ​បី​ពរ ប៉ា​ស្ម័គ្រ​កំដរ មើលថែ​កូន​ថ្លៃ​។ ដឹង​ច្បាស់​ថា​កូន មិនមាន​សង្ឃឹម ដូច​ភ្លៀងរលឹម មិន​ស្គាល់​រស្មី ពិការ​គរ​ថ្លង់ ទន់​អស់​ជើងដៃ ជាតិ​នេះ​គ្មាន​ថ្ងៃ ស្រី​ដូចដើម​ទេ​។ ថ្ងៃ​ក្ដី​ស្រឡាញ់ ប៉ា​សែន​ស្រណោះ ប៉ា​នៅតែ​ស្មោះ ថែកូន​មិន​រេ កូន​រស់​ដូច​ស្លាប់ ជីវិត​ខុសគេ ប៉ា​សូម​ស្ម​គ្រ​ថែ កូន​លុះ​អ​វ​សាន្ត​។​

#[​ចាំ​ចម្លើយ​នៅ​ជើងមេឃ​]៖ ជើងមេឃ​សែនឆ្ងាយ​ទៅ​មិន​ដល់ ព្រឹក​ព្រៃ​មាត់​ថ្នល់​ហាក់​កន្តើយ ផ្លូវ​អើយ​អ្នក​វែង​ណាស់​ទៅហើយ ជួយ​នាំ​ចម្លើយ​នៅ​ជើងមេឃ​។ ខ្ញុំ​ធ្លាប់​ស្រែកសួរ​ទៅ​វេហា ផ្ដាំ​សួរ​ទេវតា​ជួយ​វែកញែក លោកិយ​ភ្លឺ​យប់​គ្មានអ្វី​ប្លែក ចម្លែក​កូន​ខ្ញុំ​ពេលណា​ជា​?
​ខ្យល់​បក់​ពី​ជើង​ត្រជាក់​កាយ ធម្មជាតិ​ទាំងឡាយ​សែនរ​មនា ត្រួយ​លាស់​ល្អល្អះ​ត្រលប់​ជា កូន​ខ្ញុំ​វេទនា​ពេល ណា​ស្បើយ​? ពពក​ស​ក្បោះ​មី​ដេ​ដាស អណ្ដែត​ពេញ​ពាស​ធ្វើ​ព្រងើយ ឬ​អ្នក​រ៉ាំ​ង​ទប់​រាល់​ចម្លើយ ឬ​ខ្ញុំ​សួរ​ហើយ​ទើ​ត្រឹម​អ្នក​។ បើ​ខ្ញុំ​មាន​រឹទ្ធ​ដូច​ស្ដេច​ស្វា អុកឡុក​ចក្រ​វា​លិ៍​យ៉ាងច្បាស់​ជាក់ ជ្រែក​ឋាន​ទាំងបី​មិន​ស្ទើរ​ស្ទាក់ ជា​ធ្នាក់​សុំ​ប្ដូរ​កូន​ខ្ញុំ​ជា​។​

#​កូន​អើយ​ប៉ា​ដឹងថា​កូន​ចង់ រត់​ដើរ​ត្រាប់​ត្រង​សើច​ក្អាកក្អាយ ប៉ា​ដឹង​កូន​ចង់​លេង​សប្បាយ មិន​ចង់​ប្រែក្លាយ​បែបនេះ​ទេ ។ ទឹកភ្នែក​កូន​ស្រក់​ថ្ងៃ​ចូលឆ្នាំ ប៉ា​ជូត​ប៉ា​ចាំ​ជិត​មាសមេ ឃើញ​ទឹកភ្នែក​កូន​ប៉ា​ឈឺ​ទ្វេ បាន​ត្រឹម​មើលថែ​សម្បក​កាយ ។ គេង​យូរ​តើ​កូន​ធុញ​យ៉ាងណា ទឹកភ្នែក​កូន​ថ្លា​ហាក់​បរិយាយ​រៀបរាប់​រាល់​ទុក្ខសោក​ទាំងឡាយ ព្រោះ​អី​ឆោមឆាយ​មិនអាច​ស្ដី ។ ឆ្នាំ​ថ្មី​ខ្ញុំ​សូម​លើក​ហត្ថា បួងសួង​ទេវតា​ប្រោសប្រណី សូម​លោក​ជួយ​ប្រោស​ដល់​កូនស្រី ដឹងខ្លួន​ដូច​ក្ដី​ប្រាថ្នា​ផង​។​

#[​ក្បែរ​កូន​គេ នឹក​កូន​ខ្លួនឯង​]៖ កូន​តី​មើលចុះ កូន​គេ​ធំ​អស់ ចូល​ថ្នាក់​ម​ត្តេ​យ្យ ពួកគាត់​បានជា​ប់ ត្រៀម​ឡើង​ថ្នាក់​ថ្មី ចំណែក​កូនស្រី ឈឺ​សែន​ចំបែង​។ កូន​តី​ដឹង​ទេ ប៉ា​ក្បែរ​កូន​គេ នឹក​ដល់​កូន​ឯង ទឹកភ្នែក​ប៉ា​ស្រក់ ពិបាក​នឹង​ថ្លែង លួច​យំ​ម្នាក់ឯង តឹងទ្រូង​ឥត​ស្រាន្ត​។​

​កូន​តី​កម្សត់ យប់​ខ្លះ​ប៉ា​ស្លុត ចិត្ត​សែន​រំខាន បន្ទោស​ខ្លួនឯង ជួយ​កូន​មិនបាន ធ្វើ​ឲ្យ​កល្យាណ បាត់បង់​ស្មារតី​។ កូន​តី​សំណព្វ ប៉ា​ស្ទើរ​ឆ្កួត​ឡប់ ព្រោះ​នឹក​កូនស្រី បើ​កូន​អាច​ក្រោក ហើយ​ចង់បាន​អ្វី រក​ឲ្យ​កូនស្រី មិន​ឲ្យ​មាន​ល្អាន​។ កូន​តី​តូច​ណាស់ មិនគួរ​កម្មក្រាស់ ប្រាស់​ភាពសុខសាន្ត សូម​ដួងវិញ្ញាណ កូន​មាន​ប៉ុន្មាន វិល​វិញ​ចូល​ប្រាណ ដឹងខ្លួន​ឡើងវិញ​។​

#[​បារម្ភ​]៖ កូនស្រី​តូច​មួយ ប៉ា​នឹក​ប៉ា​ព្រួយ ប៉ា​សែន​បារម្ភ ប៉ា​សែន​ខ្វល់ខ្វាយ ខ្លោចចិត្ត​អួល​ងំ ពេលខ្លះ​ប៉ា​យំ អាណិត​កូនស្រី​។ កាល​កូន​នៅ​ល្អ ប៉ា​ភ័យ​ប៉ា​អរ ខ្លាច​តែ​កូន​ថ្លៃ ដើរ​ដួល​របួស រលាត់​ជើងដៃ ពេលខ្លះ​ប៉ា​ភ័យ ខ្លាច​កូន​ធ្លាក់ទឹក​។ ស្រមោច​ស្រ​អា តូចធំ​យ៉ាងណា ខ្លាច​ឡើង​ខាំ​ចឹក គេង​មិនសូវ​លក់ ពី​យប់​ទល់​ព្រឹក ក្នុង​ចិត្ត​រឭក ខ្លាច​កូន​ជួប​ភ័យ​។ ពេល​ញ៉ាំ​អាហារ លៃលក​យ៉ាងណា ពិនិត្យ​ល្អន់​ក្រៃ ខ្លាច​កូន​ជ្រុលជ្រួស ឆ្លាក់​នំចំណី ពេលខ្លះ​ប៉ា​ភ័យ ខ្លាច​ឆ្លាក់​គ្រាប់​ក្រួស ។​

​កូន​ដើរ​ជិត​ឆ្ងាយ ប៉ា​តែង​ខ្វល់ខ្វាយ មើល​មិន​ឲ្យ​ហួស បារម្ភ​ខ្លាច​កូន ជ្រុល​ឡើង​ទី​ខ្ពស់ ខ្លាច​កូន​របួស បាក់ជើង​បាក់ដៃ​។ ឥឡូវ​ក្រឡាស់ បារម្ភ​ទាំងនេះ ហាក់​មិនត្រូវ​ន័យ កូន​ធ្លាក់ខ្លួន​ឈឺ ទន់​អស់​ជើងដៃ ខួរក្បាល​កូនស្រី រលាក​ធ្ងន់ធ្ងរ​។ ក្លាយខ្លួន​ពិការ ប៉ះពាល់​ខួរក្បាល ប្រែក្លាយ​មិនល្អ ក្មេង​ធ្លាប់​ក្នក់ក្នាញ់ ប្រែ​លែង​មាត់ក ក្លាយ​ឈ្មោះ​កំរ ជា​មនុស្ស​រុក្ខជាតិ​។ ទោះ​កូន​យ៉ាងណា ប៉ា​គិត​ប្រាថ្នា បារម្ភ​ទ្វេ​ទៀត ខ្លាច​កូន​គេង​យប់ សត្វល្អិត​ជ្រក​ជ្រៀត ប៉ុនប៉ង​រួត​រា​ត ខាំ​កាយ​កូនស្រី​។​

​ខ្លាច​វា​លប​ខាំ លបលួច​បន្លំ លប​ខាំ​ជើងដៃ ចូល​រន្ធ​ត្រចៀក ភ្នែក​ច្រ​ម៉ុះ​ក្ដី ព្រោះ​អី​កូនស្រី មិនអាច​តបត​។​ខ្លាច​កូន​គេង​យូរ ត្រូវតែ​គិតគូរ ប្រឹង​ប្រែ​ឲ្យ​ល្អ បង្វែរ​ទៅ​ឆ្វេង រួច​ស្ដាំ​បន្ត កុំ​ឲ្យ​ស្ពឹក​ស្ពោរ ឈឺ​ខ្នង​ឈឺ​ប្រាណ​។ ខ្លាច​កូន​ផ្ដាសាយ ច្រមុះ​នឹង​ក្លាយ តឹង​សែន​រំខាន ស្លែ​ស​ឡើង​ពេញ​សួត តឹងទ្រូង​មិន​ខាន មិន​ងាយ​នឹង​បាន ធូរស្បើយ​ធម្មតា​។ ខ្លាច​កូន​រមាស់ តែ​មិនដឹង​សោះ គួរ​អេះ​ត្រង់ណា ឱ​សែន​អាណិត ជីវិត​កូន​ប៉ា ព្រហ្ម​លិខិត​ចារ រស់​សែន​សោកសៅ​។ ប៉ា​ចង់​ប្រាប់ថា ប៉ា​ដល់​ទីណា ក៏​ចិត្ត​ប៉ា​នៅ គិត​កូន​គ្មាន​ម្ដាយ ផ្ដល់​ភាពកក់ក្ដៅ ប៉ា​សូម​ផ្ដាំ​ទៅ រយ​សែន “​បារម្ភ​” ។​

#[​ពុកចង្កា​]៖ ស្រណោះ​ថ្ងៃមុន កូន​តី​តូចតន់ លើកយក​ម្រាមដៃ លេង​ពុកមាត់​ប៉ា ពុកចង្កា​ក្ដី រួចហើយ​កូនស្រី រសើប​ដល់​កាយ​។ ឱ​សែន​ស្រណោះ ប៉ា​ចាំ​កាលនោះ កូន​សើច​ក្អាកក្អាយ ប៉ា​មាន​ក្ដី​សុខ ឃើញ​កូន​សប្បាយ ឥឡូវ​ប្រែក្លាយ ជា​លែង​មាត់ករ​។​

​ឱ​ផែន​ពសុធា អ្នក​ស្រស់​សោភា ប្រែជា​ខ្មៅ​ស ធ្លាប់​បៃតងខ្ចី ប្រែ​ថ្មី​គ្មាន​ពណ៌ ប្រឹង​រស់​ត្រដរ តបត​វាសនា​។​ចូរ​ញាតិ​ជួយ​ចាំ ខ្ញុំ​សូម​ផ្ដែផ្ដាំ ប្រឹង​ថែរក្សា ទោះ​កូន​រុក្ខជាតិ ស្រពោន​យ៉ាងណា ក៏​ប៉ា​ប្រាថ្នា ស្រោច​ថែ​ថ្នមថ្នាក់​។ សង្ឃឹម​ថ្ងៃមួយ កូន​ផុត​ទុក្ខព្រួយ ត្រួយ​លាស់​សស្រាក់ ដុះ​ផ្លែ​ចេញ​ផ្កា ចោល​ម្លប់​ត្រជាក់ យើង​រស់​ពីរ​នាក់ សុខសាន្ត​ទៅ​អើយ​»៕

ដោយ​៖ លឹម ហុង​

spot_img
×