Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត ជា​ប្រវត្តិសាស្ត្រ លើ​ផ្ទៃដី​កោះ​ទំហំ​ជាង​៨​ហិកតា ឯ​ទំហំ​នៃ​ការប្រើ​ប្រាក់​ថវិកា សុំ​លាក់​សិន​

spot_img

​កំពត ៖ រាជរដ្ឋាភិបាល មាន​គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​នេះ គឺជា​គម្រោង​មួយ​អនុវត្ត ផ្អែក​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់ លើ​ផ្ទៃដី​កោះ​ទំហំ​៨,៦០​ហិកតា​។ ទោះបីយ៉ាងណា​គម្រោង​នេះ នៅ​មិនទាន់ ឲ្យ​ដឹង​ពី​ទំហំ​នៃ​ការប្រើ​ប្រាក់ ថវិកា​នៅឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី​កិច្ចសហការ និង សិក្សា​ផល​បះ​ពាល់ ក្នុងការ​អនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧ​ទ្យា​ជាតិ សម្ដេច​ហ៊ុនសែន​កំពត ។​

​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រី ដែលជា​តំណាង​ក្រសួង មន្ទីរ អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​សរុប​២៨​នាក់​។​

​គោលបំណង​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​ការចូលរួម​ពិគ្រោះ​យោបល់​ពី​អ្នកពាក់ព័ន្ធ សិក្សា​ពី​ផល​បះ​ពាល់ និង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​គាំទ្រ​បន្ថែម​ពី​អាជ្ញាធរ​ដែនដី ដើម្បី​ឈានដល់​ការបើកផ្លូវ​ឲ្យ​គម្រោង​ជាតិ​មួយ​នេះ​អាចអនុវត្ត​ការសាងសង់ សម្រាប់​ជា​វិភាគទាន​នៃ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​របស់​ខេត្តកំពត​។​

​គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​នេះ គឺជា​គម្រោង​មួយ​អនុវត្ត ផ្អែក​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់ នៅក្នុង​ឆ្នាំ​២០២០​នេះ នឹង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​ខាងមុខ ដែលមាន​ទីតាំង​ស្ថិតនៅ តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​”​បូកគោ​” លើ​ផ្ទៃដី​កោះ​ទំហំ​៨,៦០​ហិកតា នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្តកំពត​។ ទោះបីយ៉ាងណា​គម្រោង​នេះ នៅ​មិនទាន់ ឲ្យ​ដឹង​ពី​ទំហំ​នៃ​ការប្រើ​ប្រាក់ ថវិកា​នៅឡើយ ប៉ុន្តែ​ទំហំ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ច្រើន​គួរសម​បម្រើឱ្យ​ទាំង​ការសិក្សា​ស្រាវជ្រាវ​បទពិសោធន៍ និង​ចង់ដឹង​ពី​បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា និង​បំរើ​ឲ្យ​វិស័យ​ទេ​ចរណ៍​ក្នុង​តំបន់​នៃ​ខេត្តកំពត​នេះ​ផងដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​សំដែង​ការគាំទ្រ​ដល់​ការអនុវត្ត​នូវ​គម្រោង​ជាតិ ដ៏​មាន​សារសំខាន់​មួយ​នេះ​ឡើង ក្នុង​ស្មារតី​ឆន្ទៈ សហការ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​គម្រោង សម្រេច​បានជា​សមិទ្ធផល​របស់​ប្រទេសជាតិ ជា​ប្រវត្តិសាស្ត្រ សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ពិសេស​ក្នុង​វិស័យ​ទេ​ចរណ៍ នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ខេត្តកំពត​។​

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ដោយសារ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​វា​រី​អគ្គិសនី​ច្រើន​គួរសម ហើយ​ការប្រមូលផ្ដុំ​ចំណេះដឹង​បទពិសោធន៍​នៅនឹងកន្លែង​ដូច​ស្រុក​គេ ដើម្បី​ជាការ​ស្រាវជ្រាវ​រៀនសូត្រ​ឈ្វេងយល់​ជា​សាធារណជន​ទូទៅ នៅ​ពុំទាន់​មាននៅ​ឡើយ​ទេ​។​
​ដូច្នេះ​គោលដៅ​នៃ​គម្រោង​នេះដែរ គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ពីរ គឺ​ទី​១ សំដៅ​ការបង្កើត​ឲ្យ​មាន​ជា​បណ្ដុំ​វ៉ា​រី​អគ្គិសនី​នៅ តាម​បណ្ដា​ខេត្ត​ទាំងឡាយ​មួយចំនួន ដែលមាន​ក្នុងប្រទេស​កម្ពុជា​សម្រាប់ ផ្ដល់​ការចង់​ដឹង​របស់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ ឬ​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់​មក​កម្សាន្ត​នៅទីនេះ ដោយ​គ្រាន់តែ​ចូលមក​មើល​ក្នុង​សារមន្ទីរ​នេះ អំពី​ប្រព័ន្ធ​វ៉ា​រី​អគ្គិសនី​នៅ​កម្ពុជា គឺអាច​ដឹងបាន​ដោយ​មិនចាំបាច់​ទៅ​មើល​ដល់ទី​កន្លែង​ឡើយ​។​

​ទី​២ ការដាក់​ឧទ្យាន​ជាតិ​នេះ គឺ​សំដៅ ចង់​ឲ្យ​មានការ​ទាក់ទាញ​ទេសចរណ៍​ជាតិ អន្តរជាតិ ឬក៏​ឲ្យ​ប្រជាពលរដ្ឋ​មក​កំសាន្ត​នៅ​តំបន់​នេះ កាន់តែច្រើន​និង​ក៏​ជា​សមិទ្ធផល​ថ្មី​របស់​ជាតិ ក៏ដូចជា​សមិទ្ធផល​ស​ម្រា​ប់​ខេត្តកំពត​ផងដែរ​។​

​ឯកឧត្តម​កែវ រតនៈ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ គម្រោង​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត ដែល​បានដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ពេលនេះ ថា​គឺជា​ឈ្មោះ​គម្រោង​បណ្ដោះអាសន្ន​មួយ​ប៉ុណ្ណោះ បើ​ថ្ងៃក្រោយ​យើង​មាន​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ​បន្ថែមទៀត​យើង​នឹង​អាច​កែប្រែ​ឡើងវិញ​៕

ដោយ​៖​កូ​ឡាប​

spot_img
×