Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IDP រៀបចំ​ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម សុខ ចិន្តា​សោភា បាន​ថ្លែងថា គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) គឺជា​យុទ្ធសាស្ត្រ​កំណើន សេដ្ឋកិច្ច​ថ្មី ដែល​សំខាន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព ស្របតាម​និន្នាការ​ប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការវិវត្ត​នៃ​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក​និង​តំបន់​។

​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ក្រោម​គម្រោង​ភាពជា​ដៃគូ​សម្រាប់​លទ្ធផល​អភិវឌ្ឍន៍​-​ដំណាក់កាល​ទី​២ (PfRD – Phase 2) បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការវិភាគ​អំពី​បច្ច័យ​នៃ​គោលនយោបាយ IDP លើ​សេដ្ឋកិច្ច​ទាំងមូល (Training on Economy Wide Impact Analyses of IDP)” ដោយមាន​ការចូលរួម​ពី​សមាជិក​ទាំង​អស់នៃ​លេខាធិការដ្ឋាន​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នៃ ក​.​អ​.​ក (​លេខាធិការដ្ឋាន IDP) សរុប​ចំនួន ២៣ រូប​។​

​គោលដៅ​ចម្បង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​គាំទ្រ​លេខាធិការដ្ឋាន IDP ក្នុង​ការរៀបចំ​ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP Mid-term Review) ដូចដែល​បានកំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ (IDP) តាមរយៈ​ការរៀបចំ​កម្មវិធីសិក្សា​ដែលមាន​លក្ខណៈ​បច្ចេកទេស និង​ផ្តោត​សំខាន់​ទៅលើ​វិធីសាស្ត្រ​សម្រាប់ធ្វើ​ការវិភាគ និង​តាមដាន​ផលប៉ះពាល់​នៃ​គោលនយោបាយ IDP លើ​សេដ្ឋកិច្ច​ទាំងមូល ដូចជា វិធីសាស្ត្រ​នៃ​ការប្រមូល​ទិន្នន័យ​, ការវិភាគ​បែប​បរិមាណ​វិស័យ​, និង​វិធី​ប្រើប្រាស់​ឧបករណ៍​សេដ្ឋកិច្ច​ជាដើម​។

​ក្នុង​សុន្ទរកថា​បិទ​សិក្ខាសាលា លោក Nick Beresford ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​សមាជិក​លេខាធិកា​រដ្ឋា​ន ដើម្បី​គាំទ្រ​ដំណើរការ​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។ លើសពីនេះ​លោក​ក៏បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​លេខាធិការដ្ឋាន IDP ដែល​បាន​ប្តេជ្ញា​សម្របសម្រួល​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ដោយ​ជោគជ័យ ទោះបីជា​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​ជម្ងឺ​រាតត្បាត កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​។ លោក​ក៏បាន​សម្ដែង​នូវ​ជំនឿ និង​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា លេខាធិការដ្ឋាន IDP នឹង​រៀបចំ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ IDP ដែលមាន​គុណភាព​ខ្ពស់ និង​ទទួលស្គាល់​ដោយ​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ UNDP ដែល​បានផ្ដល់​ការគាំទ្រ​យ៉ាង​ពេញលេញ​លើ​ផ្នែក​បច្ចេកទេស​ក្រោម​គម្រោង​ភាពជា​ដៃគូ​សម្រាប់​លទ្ធផល​អភិវឌ្ឍន៍ – ដំណាក់កាល​ទី​២ (PfRD – Phase 2) ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ដល់​លេខាធិការដ្ឋាន IDP លើ​ការវិភាគ​បច្ច័យ​ប៉ះពាល់​សេដ្ឋកិច្ច នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា និង​ឆ្លើយតប​ទៅនឹង​បរិបទ​និង​តម្រូវការ​ជាក់ស្ដែង​រប​ស់​កម្ពុជា​ផង​។ ឯកឧត្តម​បាន​បញ្ជាក់ថា គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) គឺជា​យុទ្ធសាស្ត្រ​កំណើន សេដ្ឋកិច្ច​ថ្មី ដែល​សំខាន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព ស្របតាម​និន្នាការ​ប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការវិវត្ត​នៃ​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក​និង​តំបន់​។ ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ ការវិភាគ​បច្ច័យ​ប៉ះពាល់​សេដ្ឋកិច្ច នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ជា​កិច្ចការ​សំខាន់​មួយ ដើម្បី​ធានា​វឌ្ឍនភាព​ជាប្រចាំ ប្រសិទ្ធភាព និង​សង្គតិភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ សំដៅ​ធានា​សម្រេច​ឱ្យបាន​នូវ​គោលបំណង​នៃ​គោលនយោបាយ​ទាំងមូល​។

​ឯកឧត្តម​ក៏បាន​សម្ដែង​នូវ​ជំនឿ​ចិត្ត​ថា សម្រាប់​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៤ ថ្ងៃ​កន្លងទៅនេះ ពិតជា​បាន​ជួយ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​វិភាគ​បន្ថែមទៀត និង​បង្កើន​ទំនុកចិត្ត​ដល់​លេខាធិការដ្ឋាន IDP លើ​ដំណើរការ​រៀបចំ​របាយ​ការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។​

​គួរ​រំឭក​ផងដែរ​ថា លេខាធិការដ្ឋាន IDP នៃ ក​.​អ​.​ក បានចាប់ផ្ដើម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គការ UNDP ក្នុង​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​ដើម្បី​លទ្ធផល​នៃ​ការអភិវឌ្ឍ – ដំណាក់កាល​ទី ២ (PfDR-Phase 2) តាំងពី​ចុងឆ្នាំ ២០១៧​។ ក្រោម​សមិទ្ធកម្ម​ទី​២៖ ការកសាង​សមត្ថភាព និង​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា នៃ​គម្រោង PfDR លេខាធិការដ្ឋាន IDP នៃ ក​.​អ​.​ក បានទទួល​ការគាំទ្រ​ក្នុង​ផ្នែក​សំខាន់ៗ​ចំនួន ៣ រួមមាន​៖ ការអភិវឌ្ឍ​សមត្ថភាព​, ការប្រឹក្សា​បច្ចេកទេស និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​តាម រយៈ​ការផ្គត់ផ្គង់​នូវ​សម្ភារៈ​ការិយាល័យ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×