Sunday, September 19, 2021

កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណ ​៦០០ ​តោន ​ក្នុង​មួយថ្ងៃ​

​លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែងថា ជា​រៀងរាល់​ថ្ងៃនេះ កម្ពុ​ជាមាន​តម្រូវការ​បន្ថែ​ចំនួន​ប្រមាណ ​៥៧៣​ តោន​ក្នុង​១​ថ្ងៃ ដែល​ចំនួន​នេះ កសិករ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ​៤០០​តោន និង​សល់​ពីនេះ​នាំចូល​១៧០​តោន ពី​ប្រទេស​វៀតណាម ថៃ និង​ចិន​។​

​លោក​បន្តថា ជាមួយនឹង​ការដាក់ចេញ​នូវ​បទបញ្ជារ​ដ៏​ខ្ពង់ខ្ពស់​បស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ កន្លងទៅនេះ ឲ្យ​ប្រជាកសិករ​កម្ពុជា​បង្កើន​សមត្ថភាព​ចិញ្ចឹមសត្វ នឹង​ការដាំដុះ​ដំណាំ​បន្លែ​ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល គឺមាន​ប្រជាកសិករ​ជាច្រើន​មានការ​ពេញចិត្ត​ខ្លាំង ហើយ​កំពុង​ខិតខំ​បង្កើន​សមត្ថភាព​ការ​ច​ញ្ចឹ​ម និង​ដាំ​ដុះ​របស់ខ្លួន ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ដាំ​ដុះ​នូវ​បន្លែបង្ការ​ដែល​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ហើយ​កាត់បន្ថយ​ការនាំ​ចូល ពី​ប្រទេសក្រៅ​ដែលមាន​ការប្រើប្រាស់​ជាតិគីមី ជា​វិធាន​ការដែល​យើង​ត្រូវប្រកាន់យក ជំរុញ​ការដាំដុះ​ក្នុងស្រុក ហើយ​ជំរុញ​ចូល​ទីផ្សារ ដែល​ទីផ្សារ​របស់​យើង​មិន​សំដៅ​តែ​នាំ​ចេញទៅ​ក្រៅ​ទេ សព្វថ្ងៃនេះ​ទេសចរ​របស់​យើង​ប្រើប្រាស់ ផ្គត់ផ្គង់​មកពី​ខាងក្រៅ រាប់ទាំង​បន្លែបង្ការ​។ យើង​ត្រូវ​ពង្រឹងសមត្ថភាព​ដាំ​ដុះ​របស់​កសិករ​យើង ទាំង​ការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដើម្បី​ផ្គត់ផ្គង់​តាម​សណ្ឋាគារ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការនាំចេញ​នៅ​កន្លែង ដោយ​មិន​ចំណុះ​ទៅលើ​ទីផ្សារ​ខាងក្រៅ​ទេ​»​។​
​ទន្ទឹមនឹងនេះ​ផងដែរ​ក្រសួង​ក៏បាន​ពិនិត្យឃើញថា មាន​ឈ្មួញ​ខិលខូច​មួយចំនួន​តូច​កំពុង​រិះរក​គ្រប់​ម​ធ្យោ​យ​ទាំងអស់​ដើម្បី​ប្រឆាំងនឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។​

​យោងតាម​សេចក្តីរាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា មកទល់ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ការដាំដុះ​ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី សម្រេចបាន​ចំនួន ១៧ ៤៥៣ ហ​.​ត ស្មើនឹង ៣៤,២២% នៃ​ផែនការ ៥១ ០០០ ហ​.​ត ដែល​ក្នុងនេះ​រួមមាន​៖ បន្លែ​គ្រប់មុខ​សម្រេចបាន ១២ ៧០៣ ហ​.​ត​, ពោតស​ចំនួន ៣ ០០៣ ហ​.​ត និង​ដំឡូងជ្វា​ចំនួន ៤៦២ ហ​.​ត ។​

​យោងតាម​សេចក្តីរាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា មកទល់ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេចបាន ៤៨៥ ៩៤១ ហ​.​ត ស្មើនឹង ១៨,៧៨% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះ​មាន​៖ ស្រូវស្រាល​ចំនួន ២៥១ ០៥២ ហ​.​ត ស្រូវកណ្តាល​ចំនួន ១១៩ ២២៣ ហ​.​ត ស្រូវធ្ងន់​ចំនួន ៩៥ ១៦៣ ហ​.​ត ស្រូវចម្ការ​ចំនួន ៧៨៤ ហ​.​ត ស្រូវ​ឡើង​ទឹក​ចំនួន ១៩ ៧១៩ ហ​.​ត​។ ដោយឡែក​ដំណាំ​ឧស្សាហកម្ម សម្រេចបាន ២០៧ ៣៦៣ ហ​.​ត ស្មើនឹង​ផែនការ ៨៧៥ ២០០ ហ​.​ត ក្នុងនេះ​មាន​៖ ពោតក្រហម ៣៧ ៦៨៥ ហ​.​ត​, ដំឡូង​មី​ចំនួន ១៤៧ ៦៨០ ហ​.​ត សណ្តែកបាយ​ចំនួន ៧ ១៤៩ ហ​.​ត សណ្តែកដី​ចំនួន ១ ៤៣១ ហ​.​ត​, សណ្តែកសៀង​ចំនួន ១១០ ហ​.​ត និង​អំពៅ​ចំនួន ៦ ៦៤៩ ហ​.​ត ។​

​ទន្ទឹមនឹងនេះ​ប្រជាកសិករ មួយចំនួន​កំពុង​ប្រមូល​ផល​ស្រូវ​ដើមរដូវ​វស្សា​ជា​បណ្តើរ ជាមួយនឹង​ការពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ ស្រូវ អង្ករ ចេញពី​កម្ពុជា​បន្តទៀត ។​
​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​បម្រើ​ដល់​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ទទួល​បានតែ​សំបក​ទេសចរណ៍ ដោយសារតែ​ផលិតផល​ដែល​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវទេសចរ កម្ពុជា​ត្រូវ​នាំចូល​ពី​បរទេស ដូច្នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​តម្លៃ​យ៉ាងច្រើន​៕

ដោយ ៖ សម្ផស្ស