ភ្នំពេញ៖ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២០នេះ បានលើកឡើងថាក្នុងមួយឆ្នាំ កម្ពុជាយើងបាននាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសថៃ ចំនួនប្រមាណចន្លោះពី ៥ពាន់ ៥០០តោន ទៅ ៦ពាន់តោន។
បច្ចុប្បន្ន ខេត្តប៉ៃលិន មានដំណាំ ៤ប្រភេទ ដែលបានដើរតួនាទីយ៉ាងសំខាន់ ជួយដល់កំណើនសេដ្ឋកិច្ច គឺមានដំណាំមៀនប៉ៃលិនចំនួនជាង ៤ពាន់ ៣៨៣ហិកតា, ស្វាយកែវរមៀតចំនួន ៥ពាន់ ៥៦៥ហិកតា, ដំណាំដំឡូងមីចំនួន ៤២ពាន់ ១១០ហិកតា និងពោតក្រហមចំនួនជាង ៧ពាន់ ៧១៦ហិកតា។
បើតាមអភិបាលរងខេត្តប៉ៃលិន បានឲ្យដឹងថា សព្វថ្ងៃនេះ ខេត្តប៉ៃលិន បានដំឡើងរោងចក្រសម្ងួតផ្លែមៀនរួចរាល់ហើយ រោងចក្រនេះ ជារោងចក្ររបស់វិនិយោគិនចិន ដែលពីមុនដើម្បីធ្វើការវេចខ្ចប់ និងការសម្លាប់មេរោគវាលំបាកណាស់ សម្រាប់នាំចេញ ប៉ុន្តែបច្ចុប្បន្ន យើងអាចធ្វើខ្លួនឯងបាន ដែលវាមានសមត្ថភាពសម្ងួតមៀនបាន ២,៤០០គីឡូក្រាម ក្នុង១ម៉ោង។
ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន បានបន្តថា ខេត្តប៉ៃលិន ក្នុងឆ្នាំ២០១៩ មានផ្ទៃដីដាំដុះកសិកម្ម អនុវត្តបានចំនួន ៧៧ពាន់ ៣៨៣ហិកតា និងទទួលបានបរិមាណសរុប ១លាន ០១៤ពាន់ ៨៩៦តោន ក្នុងនោះស្រូវប្រាំង និងវស្សា មានចំនួន ៨ពាន់ ៦ហិកតា, ដំណាំរួមផ្សំមានចំនួន ៥៦ពាន់ ៥ ១៥ហិកតា, ដំណាំហូបផ្លៃមៀនចំនួន ១០ពាន់ ២២៧ហិកតា និងដំណាំឧស្សាហកម្មមានចំនួនជាង ២ពាន់ ០៤១ហិកតា។
សូមជម្រាបថា ផ្លែមៀនប៉ៃលិននេះ គឺសម្រាប់នាំចេញទៅកាន់ទីផ្សារក្នុងស្រុក, នាំចេញទៅកាន់ប្រទេសថៃ និងនាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែចំពោះការបញ្ជាទិញផ្លែមៀនជាមួយប្រទេសចិន មិនទាន់បានចុះ MOU ឲ្យបានជាក់លាក់នៅក្នុងកម្រិតណាមួយនោះនៅឡើយទេ ដូច្នេះកម្ពុជាសង្ឃឹមថា ការបញ្ជាទិញពីប្រទេសចិន អាចមានទំហំធំជាងប្រទេសថៃ និងទីផ្សារនៅក្នុងស្រុក ពោលគឺថា អាចឈានទៅដល់រាប់ម៉ឺនតោនក្នុង១ឆ្នាំៗ៕
ដោយ ៖ វីដា