Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​អតិថិជន​ប្រតិកម្ម​ខ្លាំងៗ “​មីក្រូហិរញ្ញវត្ថុ LOLC” ពុំ​ព្រម​ពន្យារពេល​បង់ប្រាក់ តាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល និង​គំរាម​រឹបអូស​កង់​បី ពេលនេះ​ធនាគារ​ចេញ​សេចក្តីបំភ្លឺ​…(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម បាន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Any SD” បាន​បង្ហោះ​វីដេអូ​ប្រតិកម្ម​ខ្លាំងៗ​ចោទប្រកាន់ថា បុគ្គលិក​មីក្រូហិរញ្ញវត្ថុ LOLC ចុះមក​សម្លុត​គំរាម​រឹបអូស​កង់​បី​របស់​អតិថិជន ដោយ​ពុំ​ព្រម​ពន្យារពេល​បង់ប្រាក់ ដែល​ធ្វើ​ផ្ទុយ​ពី​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល និង​ក៏ដូចជា​ធនាគារជាតិ​ក​ម្ពុ​ជា ដែល​តម្រូវ​ឲ្យ​ធនាគារ​ទាំងអស់ មានការ​យោគយល់ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ពួកគាត់​គ្រប់ៗ​គ្នា​។

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​មនុស្ស​មួយចំនួន​បាន Comment ប្រតិកម្ម​តប​វិញ​ចំពោះ​វីដេអូ​របស់ខ្លួន ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏​បានចេញ​វីដេអូ​បញ្ជាក់​ប្រាប់ថា តាមពិតទៅ កូនប្រុស​មីង​របស់គាត់​មិនមែន​ថា មិន​សង​នោះទេ គឺ​គាត់​បាន​បង់​ឲ្យ​ធនាគារ​រយៈពេល ១៩ ខែ ហើយ គឺ​បង់​ទៀងទាត់​ជា​រៀលរាល់​ខែ​។ ប៉ុន្តែ ចាប់តាំងពី​កើតមាន​បញ្ហា​កូ​វីដ​១៩ មក ធ្វើ​ឲ្យ​គាត់​រត់​កង់​បី​អត់​បានទេ ហេតុនេះ គាត់​ក៏​សុំ​ពេល​ពន្យារ​សង ដោយ​សុំ​ឲ្យ​ធនាគារ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។ ម្ចាស់​គណនី​ជា​សាច់ញាតិ​រូបនេះ​បន្តថា ក្មួយ​របស់គាត់​បា​នប​ង់​ឲ្យ​ធនាគារ ១៩ ខែ​ហើយ គឺ​នៅសល់តែ ១០ ខែ​ទៀត​ប៉ុណ្ណោះ សង​រួចហើយ ។ ប៉ុន្តែ ខាង​ធនាគារ​ពុំ​ព្រម​ពន្យារពេល​នោះទេ និង​បាន​សម្លុត​គំរាម​រឹបអូស​កង់​បី​តែម្តង ប្រសិនបើ​មិនអាច​រកលុយ​បង់​បាន​…​។ គាត់​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការបង់ប្រាក់​នេះ គឺ​បង់​ទើបតែ​ខកខាន​១​ខែ​ជាង​ប៉ុណ្ណោះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ក៏បាន​ចេញ​ស​ក្តី​បំភ្លឺ​ច្រានចោល រាល់​ការចោទប្រកាន់​របស់​គ​ណ​នី​ខាងលើ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​ឲ្យ​សាធារណជន​បាន​ជ្រាបថា​៖

១៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Any SD” និង​បុរស ដែល​បាន​និយាយ​បំផ្លើស​ក្នុង​វីដេអូ មិនមែនជា​ភាគី នៃ​កិច្ចសន្យាខ្ចី​បរិភោគ ដែល​ត្រូវ​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច រវាង​គ្រឹះស្ថាន និង​អតិថិជន​ឡើយ​។ លើសពីនេះទៅទៀត បុគ្គល​ទាំងអស់​ខាងលើ ពុំ​ធ្លាប់មាន​ទំនាក់ទំនង ឬ​ពិភាក្សា​ដោះស្រាយ​ជាមួយ​គ្រឹះស្ថាន​ឡើយ​។​

២៖ ជាក់ស្តែង​អតិថិជន បាននិងកំពុង​មានកា​រ​យឺតយ៉ាវ លើ​ការបង់​សង​ប្រាក់កម្ចី​ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ មកម្ល៉េះ ហើយ​បុគ្គលិក​គ្រឹះស្ថាន បានផ្តល់ ដំណោះស្រាយ​ដល់​អតិថិជន ដោយ​ឲ្យ​អតិថិជន​ដាក់ពាក្យ​ស្នើសុំ រៀបចំ​ឥណទាន​ឡើងវិញ ចុះកិច្ចសន្យា​បន្ថែម រួម​នឹង​តារាង​កាលវិភាគ​បង់ប្រាក់​ថ្មី ស្របតាម​ស្ថានភាព ហិរញ្ញវត្ថុ និង​លទ្ធភាព​បង់​សង​ជាក់ស្តែង​របស់​អតិថិជន ប៉ុន្តែ​អតិថិជន​រូបនេះ មិន​ព្រម​សហការ​ធ្វើឯកសារ​ខាងលើ​ជាមួយ គ្រឹះស្ថាន​ឡើយ​។​

៣៖ អតិថិជន​បានស្នើ ឲ្យ​បុគ្គលិក​គ្រឹះស្ថាន​ទៅ​ជួបពិភាក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ នៅផ្ទះ​ដែលជា​ទីតាំង នៃ​ការថត​វីដេអូ​នោះ​។ ខណៈពេលដែល​បុគ្គលិក បាន​ទៅដល់​ទីតាំង​នោះ ស្រាប់តែ​បុគ្គល​ទាំងអស់​ខាងលើ បានចេញ មក​និយាយ​បង្កាច់​បង្អួច​កេរ្តិ៍ឈ្មោះ​គ្រឹះស្ថាន ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​។​

៤៖ ចំពោះ​ការ​លើកឡើងថា បុគ្គលិក​គ្រឹះស្ថាន បាន​និយាយ​គំរាម​រឹបអូស​ម៉ូតូ​កង់​បី ហើយ​គ្រឹះស្ថាន​មិនបាន​សហការ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល នោះ​គឺជា​រឿង​មិន​ពិត​។ កន្លងមក គ្រឹះស្ថាន​តែងតែ​ប្រកាន់យក ការដោះស្រាយ​ប្រកបដោយ​ភាពទន់ភ្លន់ ការយោគយល់ និង​មាន​វិជ្ជាជីវៈ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ស្ថិត​នៅផ្ទះ​គ្រួសារ​ខ្មែរ​អ៊ីស្លាម​មួយ​៕

ដោយ​៖ លឹម ហុង​


spot_img
×