Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​បន្ត​លើកស្ទួយ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​តាម​បទដ្ឋាន​ជាតិ​-​អន្តរជាតិ​ឲ្យ​បានល្អ​

spot_img

​ព្រះសីហនុ​៖​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ជួបប្រជុំគ្នា​ជាមួយ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ស្ថាប័ន​ជំនាញ​នានា នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​រួមគ្នា​លើ​កម្ពស់ សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​តាម​បទដ្ឋាន​ជាតិ និង​បទដ្ឋាន​អន្តរជាតិ ឲ្យ​បាន​ប្រសើរ​នៅ​កម្ពុជា​។​

​សិក្ខាសាលា​នេះ​មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ រៀបចំ​នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ ដោយមាន​មន្ត្រី​មកពី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ មន្ត្រី​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​មកពី​ស្ថាប័ន​តុលាការ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ព្រមទាំង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​ចូលរួម ។​

​សិក្ខាសាលា​នេះ សហការ​រៀបចំ​ដោយ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជាមួយ​សមាគម​អាដហុក និង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​។​

​វាគ្មិន​ចូលរួម​បង្ហាញ​សន្ទរកថា​គន្លឹះ ឬ​ធ្វើ​បទ​បង្ហាញ​នានា​ទាក់ទង សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​តាម​បទដ្ឋាន​ជាតិ និង​បទដ្ឋាន​អន្តរជាតិ នៅក្នុង​សិក្ខាសាលា​រយៈពេល ២​ថ្ងៃនេះ រួមមាន​៖ តំណាង​រង នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា លោកស្រី ម៉ា​រី ដូ​មី​នី​គ ផា​រែ​ន (Ms. Marie-Dominique Parent)​។ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ​។ មន្ត្រី​មកពី​ក្រសួង​ដែនដី ក្រសួង​សេដ្ឋកិច្ច និង​មន្ត្រី​មកពី​ស្ថាប័ន​តុលាការ​ជាដើម បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​។​

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម ក្នុង​សិក្ខាសាលា​នេះ មានប្រសាសន៍ថា គោលបំណង នៃ​ការជួបពិភាក្សាគ្នា​នេះ ដើម្បី​ឈានទៅ​រួម​សហការគ្នាជាមួយ ផ្នែក​ពាក់ព័ន្ធ ទាំង​មន្ត្រី​រដ្ឋាភិបាល​ចាប់ពី​ថ្នាក់ជាតិ​ដល់​មូលដ្ឋាន មន្ត្រី​ស្ថាប័ន​តុលាការ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នានា ដើម្បី​រួមគ្នា​រក​គន្លឹះ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ឈាន​ទៅលើ​កម្ពស់ សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​តាម​បទដ្ឋាន​ជាតិ និង​បទដ្ឋាន​អន្តរជាតិ​ឲ្យ​បាន​ប្រសើរ​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត​៕សត្យា


spot_img
×