Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ផ្តល់ជំនួយ ៧,៥ លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ ១៩

spot_img

​ភ្នំពេញ​៖ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក W. Patrick Murphy មាន​មោទកភាព​ធ្វើការ​ប្រកាស​ជំនួយ​ថ្មី​របស់​សហរដ្ឋអាមេរិក ចំនួន ៧,៥ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា សម្រាប់ធ្វើ​ការឆ្លើយតប​នឹង​មេរោគ​កូ​វីដ ១៩ ដែល​សរុបទៅ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុ​ជាមាន​ចំនួន ១១​លាន​ដុល្លារ គិត​ចាប់តាំងពី​ការចាប់​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​នេះ ដោយ​រួមទាំង​ជំនួយ​សម្រាប់ធ្វើ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​រីករាយ​ដោយបាន​ចូលរួម​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព័ន្ធមុនីរ័ត្ន នៅក្នុង​ការសម្តែង​ការប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ​របស់​យើង ចំពោះ​សុខភាព និង​សុខមាលភាព​នៃ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ចំនួន ៧,៥​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ថវិកា​ចំនួន​៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ស្តារ​សម្បទា​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ថវិកា​ចំនួន​២,៥​លាន​ដុល្លារ​អាមេរិក​ទៀត ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​ការឆ្លើយតប​នឹង​ការការពារ​សុខុមាលភាព​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។ ចំពោះ​ការប្រើប្រាស់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ក្នុង​រយៈពេល​ខ្លី​នឹងត្រូវ​ប្រើ​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រង​ប៉ះពាល់​ខ្លាំង​ពី​ជំងឺ​រាតត្បាត​នេះ ហើយដោយ​ឡែក​ក្នុង​រយៈពេល​មធ្យម​នឹង​ជួយ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ការងារ​ឡើងវិញ ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ក្នុង​វិស័យ​ឯកជន​។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ពិធី​ប្រកាស​
​អំពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក សម្រាប់​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ ១៩ ។ ពិធី​នេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ផ្តល់ជំនួយ​អន្តរាគមន៍​ចំ​គោលដៅ និង​ទាន់ពេលវេលា​ដែលជា​កាយវិការ​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​ប្រជាជន​កម្ពុជា​។ ឯកឧត្តម បាន​បន្តថា ជំងឺ​កូ​វីដ​១៩ មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​គំរាមកំហែង​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ផងដែរ ហើយ​កម្ពុជា​ក៏ដូចជា​ប្រទេស​ដទៃទៀត​ដែរ បាន​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។​

​ភាគី​ទាំងពីរ កម្ពុជា​និង​អាមេរិក សន្យា​នឹង​បន្ត​ខិតខំ​បន្ត​ថែរក្សា​ចំណងមិត្តភាព ដែលមាន​ជា​យូរលុង​ណាស់​មកហើយ រវាង​ប្រទេស​ទាំងពីរ និង​បន្ត​ពូន​ជ្រុំ​មូលដ្ឋានគ្រឹះ​នៃ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ឲ្យ​កាន់តែ​រឹងមាំ និង​ជ្រាលជ្រៅ​ថែមទៀត​៕

ដោយ​៖​កូ​ឡាប​

spot_img
×