Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធានការ​កែតម្រូវ សម្រាប់​ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​វិស័យ​កីឡា​ជា​ជំហានៗ​

spot_img

​ភ្នំពេញ ៖ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ​១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ​ស្តីពី​វិធានការ​កែតម្រូវ​សម្រាប់​ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូ​វិស័យ​កីឡា​ជា​ជំហានៗ​។

​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ​១៩ សូម​ជម្រាប់ជូន​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ព្រមទាំង​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា យោងតាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ លើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ប្រជុំ​រវាង​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ លើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ប្រជុំ​រវាង​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​វិធានការ​កែតម្រូវ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នៃ​វិស័យ​កីឡា​ជា​ជំហានៗ​។​

​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​កីឡា ត្រូវគោរព​តាម​លក្ខខណ្ឌ​មួយចំនួន ដូចខាងក្រោម​៖

​ទី​១) អនុញ្ញាតឱ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ ដោយ​មិនមាន​អ្នកទស្សនា ដែល​មានតែ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ក្នុង​ចំនួន​មិនឱ្យ​លើសពី ១០០​នាក់ ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ​យ៉ាង​ហ្មត់ចត់ ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ និង​អនុវត្ត​អនាម័យ​តាម​វិធានការ​ការពារ​របស់ ក្រសួងសុខាភិបាល​។ ការអនុញ្ញាត​នេះ នឹង​ចាប់​អនុវត្ត​ជា​បណ្ដើរៗ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ​។​

​ទី​២) អនុញ្ញាតឱ្យ​មានការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់ តាម​វិធានការ​ការពារ​កុំឱ្យ​មានការ ចម្លង​វីរុស​កូ​វីដ​-១៩ និង​ការពារ​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​នេះ របស់​ក្រសួងសុខាភិបាល​។​

​ទី​៣) មុននឹង​បើក​ឱ្យ​ដំណើរការ ត្រូវមាន​ការចាត់ចែង​រៀបចំ​ជាមុន​នូវ​វិធានការ​ការពារ​នានា ដូចជា​៖ ការអនុវត្ត ការសម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​ទឹកស្អាត និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ការប្រើប្រាស់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ឬ​កន្សែង ឬ​ក្រមា ឬ​ក្រដាស​ជូត​មាត់ ដើម្បី​ខ្ទប់ មាត់​ច្រមុះ រាល់ពេល​ក្អក​កណ្ដាស់ (​រួច​ត្រូវ​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​) ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ជាដើម​។​

​ទី​៤) ត្រូវ​ធានាថា ទីកន្លែង​ដែល​បើក​ដំណើរការ​កីឡា​ដូច​បាន​ជម្រាបជូន​ខាងលើនេះ មានការ​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ និង​មាន​អ្នកត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​មិន​ត្រូវឱ្យ​កន្លែង​ធ្វើ​សកម្មភាព​កីឡា​របស់ខ្លួន ក្លាយទៅជា​កន្លែង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​។​

​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ក្រសួងសុខាភិបាល ក៏បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់​នៅក្នុង​ដំណាក់កាល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំឱ្យ​មាន​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩៕

ដោយ​៖​កូ​ឡាប​

spot_img
×