Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេច​កាត់បន្ថយ ការនាំ​ចូល​សត្វ​ជ្រូក​រស់ ពី​ក្រៅប្រទេស​ជាង ៧០​ភាគរយ​

spot_img

​ភ្នំពេញ​៖ កម្ពុជា បានសម្រេច​កាត់បន្ថយ​ការ​នាំចូល​ជ្រូក​រស់ ពី​ក្រៅប្រទេស រហូតដល់​ទៅជា​ង ៧០​ភាគរយ ដើម្បី​លើកស្ទួយ​ផលិតកម្ម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ធានា​សន្តិសុខ​ស្បៀង ដោយ​រំពឹងថា នឹង​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់ ដោយ​ខ្លួនឯង​នៅ​រយៈពេល ២​ទៅ ៣​ឆ្នាំ​ខាងមុខ​ទៀត បើ​គ្មាន​ជំងឺ​អ្វី​រាតត្បាត​។​

​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​កម្ពុជា បាន​នាំចូល​ជ្រូក​រស់​តែ​ពី​ប្រទេស​ថៃ​ប៉ុណ្ណោះ ខណៈ​ប្រទេស​វៀតណាម បាន​ផ្អាក​ការនាំ​ចូលចាប់​តាំងពី​ឆ្នាំមុន​មក​ម្លេះ បន្ទាប់ពី​មាន​ករណី​ផ្ទូះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយ​ពេលនេះ​ប្រទេស​វៀតណាម ក៏​កំពុង​ខ្វះ​ជ្រូក​សម្រាប់​ផ្គត់ផ្គង់ ក្នុងប្រទេស​របស់ខ្លួន​ផងដែរ​។​

​សូមជម្រាបថា សត្វ​ជ្រូក ដែល​កំពុង​ចិញ្ចឹម​ទាំងអស់​នៅ​កម្ពុជា មាន​ចំនួន ២,៣​លាន​ក្បាល​។ បើតាម សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក្នុង​មួយឆ្នាំ កម្ពុជា បាន​ចំណាយ នាំចូល​ជ្រូក​ពី​បរទេស​ប្រមាណ ៤០០​លាន​ដុល្លារ ហើយ​បើ​គិត​ទាំង​មាន់ ទា និង​បន្លែ កម្ពុជា​ត្រូវ​ចំណាយ​ជិត ១​ពាន់​លាន​ដុល្លារ​។ លោក​ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា រូបនេះ បាន​អះអាងថា បច្ចុប្បន្ន​តម្លៃ​ជ្រូក​រស់​លក់បាន​ពី ១១០០០​រៀល ទៅ ១២០០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ គឺ​សមរម្យ​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក​ទាំងអស់ អាច​រកប្រាក់​ចំណេញ​បាន​។​

​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា បាន​ថ្លែងថា ក្នុង​ឆ្នាំ ២០១៩​កន្លងទៅ កម្ពុជា បាន​នាំចូល​កូនជ្រូក​ពូជ​ប្រមាណ ២​ម៉ឺន​ក្បាល សម្រាប់​បម្រើ​ដល់​ការចិញ្ចឹម​ក្នុងស្រុក ប៉ុន្តែ​នៅ​ឆ្នាំ ២០២០​នេះ ការ​នាំចូល​កូនជ្រូក​ពូជ មាន​កំណើន​ដល់​ទៅ ៦​ម៉ឺន​ក្បាល ដែល​នេះ​បង្ហាញថា ផលិតកម្ម​ចិញ្ចឹម​ជ្រូក​កំពុង​ងើបឡើង​វិញ ដែល​រំពឹងថា ក្នុង​រយៈពេល ២​ទៅ ៣​ឆ្នាំ​ទៀត កម្ពុជា នឹង​អាច​ផ្គត់ផ្គង់​ជ្រូក​គ្រប់គ្រាន់ ហើយ​មិនចាំបាច់​ពឹង​ផ្អែកលើ​ការនាំ​ចូល​ពី​ក្រៅប្រទេស​ទៀត​នោះទេ​។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា នៅ​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កម្ពុជា​អាច​ផ្គត់ផ្គង់​ជ្រូក​បាន​ប្រមាណ ៨២​ភាគរយ និង​ខ្វះ​ប្រ​ហែ ល ១៨​ភាគរយ​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ក្នុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ តម្រូវការ​សាច់ជ្រូក​បា​ន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ចំណែក​ការចិញ្ចឹម​ក្នុងស្រុក​វិញ​មាន​សន្ទុះ​កើនឡើង​យ៉ាងខ្លាំង ដូច្នេះ​ទាមទារ​ឲ្យ​យើង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ដើម្បី​លើកកម្ពស់​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នានេះ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​គាំទ្រ​ចំពោះ​ចំណាត់ការ របស់​ក្រសួងកសិកម្ម ដែល​សម្រេច​កាត់បន្ថយ ការ​នាំចូល​ជ្រូក​នាពេលនេះ ដោយ​លោក​អះអាងថា វា​នឹងធ្វើ​ឲ្យ​ការចិញ្ចឹម​ក្នុងស្រុក ទាំង​លក្ខណៈ​ពាណិជ្ជកម្ម និង​គ្រួសារ នឹង​ផុសផុល​ឡើង ស្រប​ពេលនេះ មាន​ពលករ​ខ្មែរ​ជាច្រើន បាន​វិល​មកពី​ក្រៅប្រទេស​វិញ ក្នុង​ពិភពលោក​ជួប​វិបត្តិ​ជំងឺ កូ​វីដ​១៩៕

ដោយ​៖​សម្ផស្ស​

spot_img
×