Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារមន្ទីរ​នានា បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនាចាប់ពី​ថ្ងៃទី​១​មិថុនា , ភ្ញៀវ​ឬ​បុគ្គល​ណា​មាន​បញ្ហា​សុខភាព ឬ​សង្ស័យមិន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​

spot_img

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការ ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សារមន្ទីរ​នានា​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​ទស្សនា​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។​

​បើតាម​ក្រសួង​វប្បធម៌ បានចេញ​សេចក្តីជូនដំណឹង​នេះ យោងតាម​លិខិត​លេខ​០៩៦ ស​.​ខ​.​ល ចុះ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល ស្តីពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សារមន្ទីរ​នានា ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​ទស្សនា​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។​

​ទន្ទឹមនឹងនេះ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី ខេត្ត សារមន្ទីរ​នានា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​យន្តការ​ការពារ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា ពិនិត្យ​ឬ​វាស់​កម្តៅ​ភ្ញៀវ​មុន​ចូល​ទស្សនា ប្រើ​អាល់កុល ឬ​សាប៊ូ​លាងដៃ​មុនពេល​ចូល និង​ចេញពី​សារមន្ទីរ រក្សា​គម្លាត​សុវត្ថិភាព យ៉ាងតិច​១​ម៉ែត្រ ត្រូវ​ពាក់​ម៉ាស មិនត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ឬ​បុគ្គល​ណា​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ចូល​ទស្សនា​សារមន្ទីរ សារមន្ទីរ រាជធានី ខេត្ត អាចទាក់ទង​ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​តាមរយៈ​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌ ។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សារមន្ទីរ​នានា នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ ដើម្បីឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ​។​

​ការបើក​នូវ​សារមន្ទី​រ​នានា​បាន​ធ្វើឡើង​តប​ទៅនឹង​ការស្នើ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ជូន​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា មុនពេល​បើក​ដំណើរការ​នូវ​សារមន្ទីរ​ឡើងវិញ​នេះ ត្រូវ​រៀបចំ​វិធានការ​ការពារ​នានា​ឱ្យ​រួច​ជាមុន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ ដូចជា​ការ​ស្កេ​ន​កំដៅ​ភ្ញៀវ មុន​អនុញ្ញាត​ឱ្យចូល​ទស្សនា មានប្រើ​ប្រាស់​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ត្រូវ​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល ព្រមទាំង​ត្រូវ​ពាក់​ម៉ាស់ ហើយ​ត្រូវអនុវត្ត​ឱ្យបាន​គ្រប់​បុគ្គល (​ទាំង​ភ្ញៀវ អ្នក​នាំ​ភ្ញៀវ និង​អ្នក​បម្រើការ​នៅ​ទីនោះ​) និង​មិនត្រូវ​អនុញ្ញាតឱ្យ​បុគ្គល​ណា​ម្នាក់ ដែលមាន​បញ្ហា​សុខភាព ឬ​សង្ស័យ ចូល​ទស្សនា​សារមន្ទីរ​ឡើយ​។​

​ក្រសួងសុខាភិបាល​បាន​លើកឡើងថា ថ្វីត្បិតតែ​ស្ថានភាព​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​នេះ មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​ជាង​មួយខែ អ្នក​ឈឺ​បាន​ព្យាបាល​ជាសះស្បើយ​១០០​ភាគរយ និង​មិនមាន​ករណី​ស្លាប់​ក៏ពិតមែន ហើយ​ភាគច្រើន​លើសលុប​សុទ្ធសឹងតែ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ក៏ប៉ុន្តែ​កម្ពុជា ត្រូវតែ​ប្រកាន់យក​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ចំពោះ​ការ​ប្រឈម​ទៅនឹង​ការកើតឡើង​នូវ​រលក​ទី​២ នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ ជាពិសេស​ការចម្លង​នៅក្នុង​សហគមន៍ ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​នយោបាយ សុខភាព​សាធារណៈ សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ ដែល​ពិបាកធ្វើ​ការប៉ាន់ស្មាន​។​

​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ វា​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៤,៩១០,៧២១​នាក់ ដែល​ក្នុងនោះ​អ្នកជំងឺ​ចំនួន ៣២០,៤៤៨​នាក់ បាន​ស្លាប់ និង ១,៩១៩,១៥១​នាក់​ផ្សេងទៀត ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ នៅ​ទូទាំង​សកលលោក​។ ទោះជា​យ៉ាងណា បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​លើសពី ១០០​ករណី​គឺ​បាន​កើន​ដល់ ១៦៤ ប្រទេស និង​ដែនដី​ហើយ ដោយ​ក្នុងនោះ​ប្រទេស​កម្ពុជា​យើង​ឈរ​នៅ​លេខ​រៀង​ទី ១៦២​។​

​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​១២២​នាក់ ក្នុងនោះ​កម្ពុជា​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ទាំងស្រុង នូវ​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​១២២​នាក់​នេះ​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ​នានា​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ​ម្ល​ង​ជំងឺ​កូ​វីដ​១៩ មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត​៕

ដោយ​៖​កូ​ឡាប​

spot_img
×