Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​បច្ចេកទេស បន្តធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយ​កែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និង​ការកំណត់​និយម​ន័យ

spot_img

​ភ្នំពេញ​៖ នៅ​​ថ្ងៃ​សុក្រ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ នៅ ទីស្ដីការក្រសួង ឯកឧត្ដម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​បាន​ដឹកនាំ​កិច្ចប្រជុំ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​២ និង​ទី​៣ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​កែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និង​ការកំណត់​និយមន័យ​ពាក្យ​គន្លឹះ​ឱ្យមាន​ន័យ​កាន់តែ​ច្បាស់លាស់ ជាក់លាក់​ទៅតាម​បរិបទ​ច្បាប់ សំដៅ​ការពារ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ និង​បរិស្ថាន​ជារួម ព្រមទាំង​ងាយស្រួល​អនុវត្ត និង​ជៀសវាង​ការបកស្រាយ​ខុស​។

​ជា​លទ្ធផល យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​នេះ អង្គប្រជុំ​បានកំណត់​និយមន័យ​តាម​ប្រភេទ​យានយន្ត​ឱ្យ​កាន់តែ​ជាក់លាក់ ការកំណត់​និយមន័យ​នៃ​ការប្រើប្រាស់​ទូរ​សព្ទ​ពេល​កំពុង​បើកបរ ការកំណត់​ឱ្យមាន​ជំនួយការ​បើក​បរ​ម្នាក់​ចំពោះ​រថយន្ត​ដឹកទំនិញ ដែលមាន​ទម្ងន់​សរុប​លើសពី​១៦​តោន ឬ​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​ផ្ទុក​អ្នកដំណើរ​ចាប់ពី​៣៥​នាក់​ឡើងទៅ និង​ចំណុច​ផ្សេងៗ​ទៀត​ក្នុង​ជំពូក​ទី​២ និង​ជំពូក​ទី​៣ ផងដែរ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ​បាន​មានប្រសាសន៍ថា​៖ ការកែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និង​ការកំណត់​និយមន័យ​នៃ​ច្បាប់​នេះ​នឹង​បន្តធ្វើ​ការពិភាក្សា​យ៉ាងហោចណាស់​ឱ្យបាន​មួយ​សប្ដាហ៍​ម្ដង រហូតដល់​ចប់​ដើម្បី​ដាក់ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ និង​កែសម្រួល​បន្ត ក៏ដូចជា​ដើម្បីឱ្យ​ច្បាប់​នេះ​អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គប្រជុំ​ដែល​បាន​ចូលរួម​យ៉ាង​ផុលផុស​ក្នុង​ការផ្ដល់​មតិយោបល់​ប្រកបដោយ​ខ្លឹមសារ ក៏ដូចជា​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ក្នុង​កែសម្រួល​ច្បាប់​នេះ​ឱ្យ​កាន់តែ​មានន័យ​ច្បាស់លាស់ ជៀសវាង​ការបកស្រាយ​ខុស និង​បម្រើ​ប្រយោជន៍​ជាតិ​។​

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​នូវ​ជំពូក​ជា​បន្តបន្ទាប់ មុន​កិច្ចប្រជុំ​ចាប់ផ្ដើម ដើម្បីឱ្យ​ការធ្វើ​វិសោធនកម្ម​នេះ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​លឿន​៕

ដោយ​៖​កូ​ឡាប​

spot_img
×