Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ថ្មី ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោគ ប្រចាំឆ្នាំ​២០២០ ជិត​៤០០​នាក់ ហ្វឹកហាត់​បាញ់​គ្រាប់​ពិត នៅ​យោធភូមិភាគ​ទី​៤

spot_img

​សៀមរាប ៖ ក្រសួងការពារជាតិ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា សិក្ខាកាម​ពលទាហាន​ថ្មី ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោគ ប្រចាំឆ្នាំ​២០២០ ចំនួន​៣៩៥​នាក់ ក្នុងនោះ​មាន​ពលទាហាន​ស្ដ្រី​ចំនួន​១១​នាក់​ផងដែរ ត្រូវបាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ដើម្បី​យល់ដឹង​ពី​តួនាទី​ភារកិច្ច និង យុទ្ធសាស្ដ្រ នៃ​យុទ្ធវិធី​ក្នុង​ជួរ​កងទ័ព​។

​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​ទីបញ្ជាការ​ហ្វឹកហ្វឺន​យោធភូមិភាគ​ទី​៤ អូរ​កូនតឹង ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ បាន​មានប្រសាសន៍ថា​៖ ប្អូនៗ​ជា​ពលទាហាន​ក្របខ័ណ្ឌ​ថ្មី នៃ​កងទ័ពជើងគោក ប្រចាំឆ្នាំ​២០២០ ដែល​បានធ្វើការ​ហ្វឹកហ្វឺន​រយៈ​ពេល​បី​ខែ​មកនេះ នៅ​សាលា​ពលទាហាន​មិ​ត្ដ​ភាព កម្ពុជា វៀតណាម ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប​។​

​ឯកឧត្តម ឧត្ដមសេនីយ៍ឯក​បាន​បន្ថែមថា​៖ មេរៀន​ដែល​ទើប​ចាប់ផ្ដើម​លើកដំបូង​នេះ ជា​មេ​រៀនទី​១ ដែល​សិក្សា​រយៈពេល​បី​ខែ ទាំង​ទ្រឹស្ដី និង​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ជាក់ស្ដែង​។ ឯកឧត្តម ក៏បាន​លើក​ផងដែរ អំពី​លទ្ធផល នៃ​ការ​អនុវត្ដ​របស់​សិក្ខាកាម ជា​លទ្ធផល​ល្អ​អាច​ទទួលយកបាន​។

​ឯកឧត្តម ក៏បាន​បន្តទៀតថា​៖ ការហ្វឹកហាត់​នេះ​ធ្វើឡើង ដើម្បី​ឲ្យ​សិក្ខាកាម​ពលទាហាន បាន​យល់​ពី​តួនាទី និង​យុទ្ធវិធី​បាញ់​គ្រាប់​ពិត ក្នុង​ជួរ​កង​កម្លាំងយោធា មុនពេល​ពួកគាត់​ចាក​ចេញពី​សាលា​ហ្វឹកហ្វឺន​ទៅកាន់​តាម​បណ្ដា​អង្គភាព​ផ្សេងៗ ស្របតាម​ពាក្យស្លោក (​ស៊ូ​បង្ហូរញើស​នៅលើ​ទីលាន​ហ្វឹកហ្វឺន ប្រសើរ​ជាង​ការ​បង្ហូរឈាម​នៅក្នុង​សមរភូមិ​)​។

​ឯកឧត្តម ពៅ ហេង បាន​បន្ថែមថា​៖ ការបាញ់​ស៊ី​ប​គ្រាប់​ពិត​នេះ គឺមាន​ពីរ​គោលដៅ ដែលមាន​ចម្ងាយ​១០០​ម៉ែត្រ និង​ចម្ងាយ​១៥០​ម៉ែត្រ ទៅតាម​ការ​បង្វឹក​រប​ស់​គ្រូ​។ ការហ្វឹកហាត់​នេះ​ជា​លើកទីមួយ ដែលជា​ការបាញ់​គ្រាប់​ពិត មេរៀន​ទី​១ កាំភ្លើង​អាកា​៤៧ ហើយ​តាម​លទ្ធផល​បណ្ដោះអាសន្ន​ត្រួតពិនិត្យបាន​១០០​នាក់ លទ្ធផល​ពូកែ​៨​នាក់ គ្រាន់បើ​៣២​នាក់ មធ្យម​៥៥​នាក់ ខ្សោយ​៥​នាក់​។ ក្នុងនោះ​អ្នក​ពូកែ​ត្រូវបាន​មេបញ្ជាការ​យោ​ភូមិភាគ​ទី​៤ បាន​បំពាក់​ផ្កា កន្សែងពោះគោ​១ និង​ថវិកា​៥​ម៉ឺន​រៀល​។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ពលទាហាន​ទាំងអស់ ចូលរួម​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ ឲ្យ​មាន​ថ្វីដៃ​ខ្លាំងពូកែ និង​ប្រសិទ្ធិភាព ដើម្បី​ចូលរួម​ការពារ​បូរណភាព​ទឹកដី និង​សូម​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ជាតិ​មាតុភូមិ​របស់ខ្លួន​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែឧសភា​ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​ហ្វឹកហ្វឺន​យោធភូមិភាគ​ទី​៤ អូរ​កូនតឹង ក្នុងស្រុក​វ៉ារិន ខេត្ដ​សៀមរាប ៕

ដោយ​៖​កូ​ឡាប​

spot_img
×