Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប៉ុស្តិ៍​បឹងត្របែក ឃាត់ខ្លួន​ស្ដ្រី​ម្នាក់ ករណី​ដាក់​ថ្នាំ​ងងុយដេកក្នុងទឹកក្រឡុក លួច​យក​កាបូប​លុយ ពី​បុរស​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា កាលពី​ថ្ងៃមុន​

spot_img

​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​បឹងត្របែក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី ករណី​ដាក់​ថ្នាំ​ងងុយដេក​លួច​យក​កាបូប​លុយ ពី​បុរស​ម្នាក់​ហើយ​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​B០១ ផ្លូវ​៤៣៦ ក្រុម​២១ ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​មានឈ្មោះ អ៊ុច ចាន់ថា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​៩៧ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយមាន​ស្រុកកំណើត នៅ​ភូមិ​ចម្រើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ថន កោសល្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​រូង ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​រត់​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ ១២ ផ្លូវ​លេខ​១០៥ ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ក្នុងនោះ​សម្ភារ​បាត់បង់ រួមមាន កូន​កាបូបដៃ​វែង ពណ៌​ខ្មៅ ចំនួន​១ គ្មាន​ប្រាក់ មាន​យ័ន​ក្រណាត់​ពណ៌​ក្រហម​មួយ , កូន​កាបូបដៃ​មួយទៀត ពណ៌​ត្នោត ក្នុងនោះ​មាន​កាត​គ្រី​ម៉ូតូ​១ , កាត ATM ចំនួន​១ , ប័ណ្ណបើកបរ​រថយន្ត​ចំនួន​១ (​គ្មាន​ប្រាក់​ជា​របស់​ជនរងគ្រោះ ) ។ រីឯ​សម្ភារ​ដកហូត​បាន រួមមាន ថ្នាំ​ងងុយដេក​សម៉​ត់ មួយកញ្ចប់​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ចេញពីផ្ទះ​នៅ​ម្ដុំ​ខាងកើត​ផ្សា​របឹង​កេងកង តម្លៃ ២​ម៉ឺន​រៀល មក​ផ្សារ​បឹងត្របែក នៅក្នុង​គោលបំណង​មក​តាម​សង្សារ​របស់ខ្លួន​ឈ្មោះ​រ៉ា ។ ពេលមកដល់​ផ្សារ​បឹងត្របែក ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ផ្សេង​ថ្មី​មួយទៀត ដោយ​អង្គុយលេង​ជាមួយ​ម្ចាស់​ម៉ូតូ​កង់​បី​នោះបាន​ប្រហែល ជិត​កន្លះ​ម៉ោង ជនសង្ស័យ​ក៏​ឱ្យ​ជនរងគ្រោះ ដែលជា​ម្ចាស់​ម៉ូតូ​កង់​បី បើក​ម៉ូតូ​ជូនទៅ​ទិញ​ទឹកក្រឡុក​នៅ​ជិត rock រួច​ជនរងគ្រោះ ក៏​ដឹក​ជនសង្ស័យ​មុខ​ផ្សារ​បឹងត្របែក​វិញ ។ ពេល​ត្រឡប់មកវិញ​នោះ នៅតាម​ផ្លូវ ជនសង្ស័យ​បាន​លួច​ដាក់​ថ្នាំ​ងងុយដេក ចូលទៅក្នុង​កែវ​ទឹកក្រឡុក​។ លុះ​ពេល​ដល់​ផ្សារ​បឹងត្របែក ជនសង្ស័យ​ក៏​ឲ្យ​ទឹកក្រឡុក​មួយ​កែវ ដែលមាន​ថ្នាំ​ឲ្យ​ទៅ​ជនរងគ្រោះ​ផឹក និង​មួយ​កែវ​ទៀត ដែល​គ្មាន​មាន​ថ្នាំ​ជនសង្ស័យ​ក៏​ផឹក​ខ្លួនឯង​។ លុះ​ជនរងគ្រោះ​ផឹក​បាន​ប្រហែលជា​កន្លះ​ម៉ោង ស្រាប់តែ​ដេកលក់​សន្លប់​បាត់ស្មារតី​នៅលើ​ម៉ូតូ​កង់​៣​តែម្ដង ។ ពេល​ជនរងគ្រោះ​សន្លប់ ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព លូក​យក​កូន​កាបូបដៃ​ចំនួន​២​បានសម្រេច រួច​ក៏​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ដើរទៅ​លូទឹកស្អុយ​។
​ពេលនោះ អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដូចគ្នា ដែល​សម្រាក​នៅក្បែរនោះ មានការ​សង្ស័យ ក៏​នាំគ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ប្រគល់​ឲ្យ​សមត្ថកិច្ច រួមទាំង​វត្ថុតាង​តែម្ដង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​បញ្ជូន​ខ្លួន​បន្ត ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់​បន្តទៀត​៕

ដោយ : ភ​ត្រា និង សា​ម៉េ​ត​

spot_img
×