Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច ព្រមាន​ដកហូត​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ពី​ហុងកុង បើ​ចិន​អនុម័ត​ច្បាប់​សន្តិសុខ ដើម្បី​គ្រប់គ្រង​ហុងកុង​

spot_img

​ជំនួយការ​សេត​វិមាន​អា​មេ​រិច បានធ្វើ​ការព្រមាន​សារជាថ្មី​ទៀត​នៅ​ថ្ងៃអាទិត្យ​ថា អា​មេ​រិច​អាច​នឹង​ដកសិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ទីក្រុង​ហុងកុង ប្រសិនជា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី ដើម្បី​គ្រប់គ្រង​ហុងកុង​។​

​ការព្រមាន​ជាថ្មី​នេះ ចេញពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិច លោក Robert O’Brien ចំពេល​មាន​ភាព​តានតឹង​កើនឡើង រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​។ ការព្រមាន​នេះ ក៏​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi បាន​ព្រមាន​ថា ចិន និង​អា​មេ​រិច ហាក់​ស្ថិតនៅ​មាត់ច្រាំង​នៃ​សង្គ្រាមត្រជាក់​។​

​លោក Robert O’Brien បាន​ថ្លែងប្រាប់​សារពត៌មាន CBS​ដូច្នេះ​ថា “​វា​ហាក់ដូចជា​ពួកគេ​កំពុងតែ​រំលោភ​កិច្ចព្រមព្រៀង​” ដោយ​លោក​ចង់​សំដៅ​ទៅលើ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៨៤​របស់​ទីក្រុង​ប៉េកាំង ដែល​យល់ព្រម​ផ្តល់​ស្វ័យភាព ដល់ទី​ក្រុង​ហុងកុង​រហូតដល់​ឆ្នាំ ២០៤៧​។​

“​ខ្ញុំ​មើលមិនឃើញ​ថា ហុងកុង​នៅតែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នោះទេ ប្រសិនជា​បក្សកុម្មុយនិស្ត​ចិន ឆ្លងកាត់ និង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ និង​គ្រប់គ្រង​លើ​ទីក្រុង​ហុងកុង​។​”​។​

​លោក​បន្ថែមទៀតថា “​វា​នឹង​ក្លាយជា​សោកនាដកម្ម សម្រាប់​ប្រជាជន​ហុងកុង ហើយ​វា​ក៏មាន​ផល​អាក្រក់​ផងដែរ សម្រាប់​ចិន​”​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​។ ការទទួលបាន​សិទ្ធិ​ស្វ័យភាព​ពិសេស របស់​ទីក្រុង​ហុងកុង ក៏មាន​ចែង​ក្នុង​ច្បាប់​អា​មេ​រិច​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×