Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ ប្រកាស​ផ្តល់ជំនួយ​ចាំបាច់ ដល់​ប្រជាជន​ហុងកុង ក្រោយ​ចិន ស្នើច្បាប់​សន្តិសុខ​ជាតិ ដើម្បី​ក្តោប​ក្តាប់​ហុងកុង​

spot_img

​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​និយាយថា កោះ​តៃវ៉ាន់​នឹង​ផ្តល់ជំនួយ​ចាំបាច់ ដល់​ប្រជាជន​ហុងកុង​។ ការប្រកាស​របស់​អ្នកស្រី កើតឡើង​ក្រោយពេល​មានការ​ផ្ទុះ​ការតវ៉ា​ថ្មី​ទៀត នៅក្នុង​ទីក្រុង​ហុងកុង ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ ដែល​ស្នើ​ដោយ​ទីក្រុង​ប៉េកាំង​។​

​តៃវ៉ាន់ បាន​ក្លាយជា​ជម្រក​ភៀសខ្លួន សម្រាប់​ប្រជាជន​ហុងកុង ប៉ុន្តែ​ចំនួន​ជនភៀសខ្លួន មកពី​ហុងកុង​កាន់តែ​កើនឡើង ចាប់តាំងពី​មានការ​តវ៉ា នៅ​ហុងកុង​កាលពី​ឆ្នាំមុន​មក​។​

​ប្រជាជន​ហុងកុង​រាប់ពាន់នាក់ បានចាប់ផ្តើម​ធ្វើការ​តវ៉ា​នៅ​ថ្ងៃអាទិត្យ ប្រឆាំងនឹង​សំណើរ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប៉េកាំង​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ទឹក​ដើម្បី​បំបែក​ក្រុមបាតុករ​រាប់ពាន់នាក់ ដែល​ប្រឆាំង​តវ៉ា​នឹង​សំណើរ​ច្បាប់​នោះ​។​

​អ្នកស្រី Tsai Ing-wen បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី នៅ​ថ្ងៃអាទិត្យ​ថា សំណើរ​ច្បាប់​នោះ មានការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​សេ​វី​ភាព និង​ភាព​ឯករាជ្យ​របស់​តុលាការ​នៅ​ហុងកុង​។​

​អ្នកស្រី​និយាយទៀតថា គ្រាប់កាំភ្លើង និង​ការបង្ក្រាប​មិនមែនជា​វិធី​ដោះស្រាយ សេចក្តីប្រាថ្នា​របស់​ប្រជាជន​ហុងកុង ដែល​ចង់បាន​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នោះឡើយ​។​

​អ្នកស្រី​និយាយថា “​ក្នុងពេល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ផ្លាស់ប្តូរ សហគមន៍​អន្តរជាតិ បាន​ជួយ​យ៉ាងសកម្ម​ដល់​ប្រជាជន​ហុងកុង​”​។​

“​តៃវ៉ាន់​នឹង​កាន់តែ​សកម្ម​ខ្លាំង​ទៀត និង​ឆ្ពោះទៅមុខ​ជាមួយនឹង​កិច្ចការ​គាំទ្រ និង​ផ្តល់ជំនួយ​ចាំបាច់​ដល់​ប្រជាជន​ហុងកុង​”​។​

​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង ទទួលបាន​ក្តី​អាណិតអាសូរ​យ៉ាងខ្លាំង​ពី​តៃវ៉ាន់ ហើយ​ការផ្តល់​ការគាំទ្រ​របស់​មេដឹកនាំ​តៃវ៉ាន់ និង​រដ្ឋបាល​អ្នកស្រី​ដល់​អ្នក​តវ៉ា​ហុងកុង កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន​តានតឹង​ខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×