Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ការងារ​តាមដាន ការអនុវត្តន៍​វិធានការ​ការពារ​រលក​ទី​ពីរ នៃ​ការចម្លង​មេរោគ​កូ​វីដ ១៩ ចំនួន​៧​ចំណុច​

spot_img

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ការងារ​តាមដាន​ការអនុវត្តន៍​វិធានការ​ការពារ​រលក​ទី​ពីរ នៃ​ការចម្លង​មេរោគ​កូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ​។​

​នាពេល​ថ្មីៗ​នេះ ស្ថានការណ៍​នៃ​ការចម្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​កម្ពុជា បាន​ធូរស្បើយ​មួយកម្រិត ដោយ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ ចំនួន​១២២ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​នៅសល់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ ចំនួន​២​នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​។ ប៉ុន្តែ​ទន្ទឹមនឹង​ការ​ថមថយ​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅ​កម្ពុជា ក៏​អត្រា​នៃ​អ្នកចម្លង​មេរោគ​កូ​វីដ​១៩ នៅលើ​ពិភពលោក គឺ​នៅមានកម្រិត​ខ្ពស់ ប្រមាណ​៤​លាន​នាក់ ក្នុងនោះ​មាន​ករណី​ស្លាប់​ជាង​៣០​ម៉ឺន​នាក់​។

​ក្នុងន័យនេះ ដើម្បី​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​កា​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩ នៅលើ​ផ្ទៃ​ប្រទេស ជាពិសេស​នៅតាម​សហគមន៍ ឲ្យ​ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ ទាំង​១៤ និង​មន្ទីរ អង្គភាព ចំ​ណុំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​៧​ចំណុច​មាន​ដូចខាងក្រោម​៖

១. ត្រូវ​បន្ត​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ ដែល​រស់នៅ និង​ស្នាក់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជាពិសេស​កម្ម្ករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ នានា ក្នុង​រាជធានី​ភ្នំពេញ អោយ​អនុវត្ត នូវ​វិធ​នា​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ដោយ​ត្រូវ​លាងដៃ​ជាប្រចាំ ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​ក្រ​ម៉ា និង​ត្រូវ​ខ្ទប់មាត់ នៅពេល​ក្អក ឬ​កណ្តាស់ ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត គម្លាត​សុវត្ថិភាព​សង្គម និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ជា​ចាំបាច់ ។​

២. ត្រូវ​បន្ត​ហាមឃាត់ ការជួបជុំ ឬ​ការប្រមូលផ្តុំ ដូចជា​កម្មវិធី​ជប់លៀង ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់ ។​ល​។ នៅក្នុង​មូលដ្ឋាន រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០ ។​

៣. ត្រូវ​ចុះ​ពិនិត្យ និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ឲ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ក្នុងនោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ ត្រូវ​រៀបចំ​ជែ​ល ឬ​អាល់កុល​លាងដៃ នៅមុខ​ច្រកទ្វារ​ចេញ ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក ឲ្យ​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​ទាំងអស់ មុននឹង​អនុញ្ញាត អោយចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ ។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្តតាម​ការណែនាំ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។​

៤. ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ទីតាំង​អាជីវកម្ម​មួយចំនួន ដូចជា ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ដី​ស្កូ​តែ​ក បៀរហ្គាឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា ។​

៥. ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើប​អញ្ជើញ​មកពី​ក្រៅប្រទេស និង​ណែនាំ​អោយ​ពួកគាត់ ធ្វើ​ច​ត្ថា​ឡី​ស័ក និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ចាំបាច់ ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្នុងករណី​សង្ស័យ ឬ​មាន​អា​ការៈមិន​ស្រួលខ្លួន ដូចជា​ក្តៅខ្លួន ក្អក ឈឺបំពង់ក ឬ​ពិបាក​ដកដង្ហើម ត្រូវ​ទៅពិនិត្យ​ព្យាបាល​ជំងឺ នៅ​មណ្ឌល​សុខភាព ឬ​មន្តីរ​ពេទ្យ​បង្អែក ដែល​នៅ​ជិត​ជាបន្ទាន់ ឬ​ត្រូវ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លេខ ១១៥ ។​

៦. ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ដែល​បញ្ជូន​មកពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែកលើ​លទ្ធផល នៃ​ការតាមដាន​សុខភាព ។​

៧. ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​១៩ ផ្សេងទៀត របស់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន ៕​

ដោយ​៖​កូ​ឡាប​

spot_img
×