Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ នៅពេល​មកដល់​ក្រុង​សៀមរាប បើ​មិនបាន​ទៅ​មើល​សត្វ​ស្លាប នៅ​បឹង​ពារាំង​ទេ ដូចជា​គួរឱ្យ​ស្ដាយ​

spot_img

​សៀមរាប​៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៦​ខែឧសភា ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា នៅលើ​ភូមិសាស្ត្រ​សៀមរាប​-​អង្គរ បាន​បង្កប់​នូវ​សហគមន៍​អេកូ​ទេសចរណ៍​មួយ ដែល​ស្ថិតនៅ​ប៉ប្រះ​ទឹក​បឹង​ទន្លេសាប ជាយក្រុង​សៀមរាប ពុំ​ឆ្ងាយ​នោះ គឺ​សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​។​

​ចម្ងាយ​ពី​ប្រជុំជន​ក្រុង​ប្រមាណ​១៣​គីឡូម៉ែត្រ អមដោយ​ស្រែ​ស្រូវចម្ការ​ដំណាំ​របស់​ប្រជាកសិករ​បៃតង​ស្រស់​ខ្ចី គេ​នឹង​បាន​ទៅដល់​បឹង​ពារាំង​ដែល​ជុំ​ព័ទ្ធ​ទៅដោយ​ព្រៃ​រាំង​ទឹក ប​ប៊ួ​យ អញ្ចាញ កំ​ផ្នេ​ង ត្អួ និង​ពពួក​ព្រៃរនាម​ជាច្រើន​ប្រភេទ​ទៀត​។​

​ស្ថិតក្នុង​សង្កាត់​ជ្រៀវ ខាងត្បូង​ក្រុង​សៀមរាប សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង មាន​វិសាលភាព​លើ​ផ្ទៃដី​ប្រមាណ​២៥០​ហិកតា ពាសពេញ​ទៅដល់​ទឹក​បឹង ដៃ​បឹង កោះ​តូចធំ ព្រៃរនាម ស្រែ​ស្រូវ មច្ឆា​ជាតិ និង​ពពួកសត្វ​ស្លាប​ទឹក​ជាង​រយ​ប្រភេទ​។​

​នា​ព្រះ​អរុណោទ័យ​សន្សឹម​រស្មី​យាត្រា​បំភ្លឺ​ព្រះ​ពសុធា ពន្លឺ​ក្រហមច្រាល់​ចាំងចែង​ពី​បូព៌ា​ទិស ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀន​ជាដើម​នោះ​កំពុង​ឈរ​ត្រៀបត្រា​ដេរដាស​នៅលើ​ផ្ទៃ​បឹង ហាក់​កំពុង​រៀបចំ​បង្វិច​មុន​ចេញដំណើរ ទៅរក​ចំណី​នៅ​ទី​ផ្សេង​ពី​ជម្រក លុះ​ដល់ពេល​ល្ងាច​ពពួកសត្វ​ស្លាប​ទាំងនោះ បាន​ហោះហើរ​ត្រឡប់មក​ជម្រក​រៀងខ្លួន​វិញ ហើយ​ផ្ដុំគ្នា​នៅ​ទី​ដដែល​នេះ មុន​ត្រាច់ចរ​ចូល​សម្បុក រំលេច​បានជា​ទិដ្ឋភាព​សហគមន៍​សត្វ​ស្លាប​មួយ ដែល​កំពុង​រស់នៅ​យ៉ាង​សុខក្សេមក្សាន្ត គ្មាន​ជម្លោះ​ទាស់ទែង​គ្នា​នោះឡើយ​។​

​ប្រសិនបើ​គេ​ជិះ​កាណូត​ចេញទៅ​ឆ្ងាយ​ពី​ទី​កំពង់​បន្ដិច គេ​នឹង​បានឃើញ​ពពួក​ព្រៃរនាម ហាក់​កំពុង​ប្រជ្រៀត​គ្នា​ដុះ​លើដី​កោះ ដែល​ខណ្ឌ​ចែក​ដោយ​ដៃ​បឹង ប៉ុន្តែ​វា​រី​រុក្ខជាតិ ដូចជា កំប្លោក ត្រកួន កំពីងពួយ ព្រលិត រំ​ចង់ ភ្លៅកង្កែប​វិញ​នោះ ហាក់​មិន​ចង់​រស់នៅ​ក្បែរ​រុក្ខជាតិ​ធំៗ​ជាង​ខ្លួន​នោះឡើយ ដោយ​ពួកវា​បាន​ប្រមូល​ផៅសណ្ដាន ទៅ​ដុះ​ពពាក់ពពូន​លើ​គ្នា​នៅ​កណ្ដាល​បឹង ឬ​ផ្នែក​ផ្សេងៗ​នៃ​ទឹក​បឹង​ទៅវិញ ដែល​នេះ​ក៏​ជា​ជម្រក​ដ៏​គាប់ប្រសើរ​មួយ​សម្រាប់​ពពួក​ត្រី ក្ដាម ខ្យល កង្កែប អណ្ដើក និង​មច្ឆា​ជាតិ​ដទៃទៀត ឱ្យ​រស់នៅ​ក្រោម​ភាពត្រជាក់ត្រជុំ​ក្នុង​ទឹក មិន​ភ័យខ្លាច​ត្រូវ​កម្ដៅថ្ងៃ គេច​ផុតពី​ពពួក​មំសាសី​នានា​ផងដែរ​។​

​ក្រសួងទេសចរណ៍ បានបញ្ជាក់​បន្ថែមទៀត​ថា តើ​អ្វីដែល​កំពុង​បះ​ងើបៗ​នៅក្បែរ​មាត់ទឹក​នោះ មើលទៅ​ដូចជា​ច្រើន​ស្អេក​ស្អះ​ណាស់​? ចូល​ទៅជិត​បន្តិច​ទើប​ដឹងថា ទាំងនោះ​គឺជា​ហ្វូង​សត្វ​រនាល ចង្កៀលខ្យង ត្រដក់​តូច ក្រសារ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​កំពុង​ដើរ​ឆ្មក់​ចាប់​ត្រី ក្ដាម ខ្យង​យកមក​ធ្វើជា​អាហារ និង​បាន​ផ្ញើ​កូន​ប្រពន្ធ​នៅ​សំបុក​ខ្លះ​ផង​។ នរណា​កវែង​ជាងគេ​កំពុង​អើត​ង៉ិកង៉ក់ ហើយ​នរណា​ត្រដាងស្លាប​ខ្ពស់​ជាងគេ​? រួច​ចុះ​នរណា​ស្រែក​ឮ​ខ្លាំងជាងគេ​ម្ល៉េះ​? អីយ៉ា​! នៅ​ជិត​តែ​ប្រមាណ​៥​ម៉ែត្រ​ប៉ុណ្ណឹង​ហើយ នៅតែ​មិន​ផ្អើល​ហើរ​រត់ចេញ​ទៀត​! ពិតជា​សាំង​មែន​សត្វ​អស់នេះ​។​

​ងាក​ទៅ​កណ្ដាល​បឹង​ឯណោះ​វិញ នរណា​កំពុង​មុជ​ងើបៗ​ទៅនឹង​ទឹក​នោះ​? មើលទៅ​ចំពុះ​វែង​ហើយ​ធំៗ​ទៀត​។ អា​គាត់​ហ្នឹង ខ្ញុំ​ក៏​ធ្លាប់​ស្គាល់​ដែរ គឺ​ហ្វូង​សត្វ​ទុង​កំពុង​លយ​សំពៅ​ចាប់​ត្រី ព្រោះ​ធ្លាប់​អាន​រឿង “​ត្រដក់​ជាន់​កូន​ក្រួច​” ដែល​ត្រង់ចំណុច​មួយ​គេ​សរសេ​ថា ទុង​លយ​សំពៅ ត្លុម​ទូងស្គរ​ទ្រហឹង​អឹងកង ក្អែកទឹក​លើកទ័ព​សម្រុក​ចូល ក្រសារ​ហូត​ដាវ​ខ្វាកៗ​។​

​នៅ​ប៉ប្រះ​ទឹក​រាក់ៗ សត្វ​ជើងទៀន​តូចៗ​ច្រឡឹង​កំពុង​ហក់ចុះ​ឡើងៗ​ឆ្មក់​ចឹក​ចាប់​កូន​ត្រី​យ៉ាង​មមាញឹក​។ ទិដ្ឋភាព​បែបនេះ ប្រសិនបើ​មិត្ត​នារីៗ​បានឃើញ​ហើយ​នោះ ប្រាកដជា​លាន់មាត់​ថា​គួរឱ្យ​ស្រលាញ់​ជាក់​ជាមិនខាន រីឯ​កុក​សម្បុរ​សៗ​ធ្វើក​ង៉ិកង៉ក់​ដូចជា​កំពុង​សម្លឹងមើល​ចាំ​ចាប់​ចំណី មើលទៅ​មាឌ​គឺ​ធំធាត់​ល្អ​ដល់​ហើយ​។ មិន​ត្រឹមតែ​នៅលើ​ទឹក​និង​ដី​ប៉ុណ្ណោះ​ទេ នៅលើ​អាកាស​ក៏​ឃើញ​មាន​ពពួកសត្វ​ស្លាប​ធំៗ​ច្រើន មិនដឹង​លើកគ្នា​ហោះហើរ​ទៅណា​ខ្លះ​ទេ ក្នុងនោះ​ហ្វូង​ក្អែកទឹក​សម្បុរ​ខ្មៅៗ ក៏​កំពុង​បង្រៀន​កូនៗ​ឱ្យ​ចេះ​ហើរ​ឆក់​ឆាប​ចាប់​ត្រី​ចុះឡើងៗ​ផងដែរ​។​

​ទិដ្ឋភាព​ល្អៗ​សប្បាយៗ​នៅ​សហគមន៍​បឹង​ពារាំង​នេះ មិនមែន​អស់​ត្រឹម​ការ​រាយរាប់​តែ​បន្តិចបន្តួច​ប៉ុណ្ណេះ​នោះទេ គឺមាន​ច្រើន​អនេក​ជាងនេះទៅទៀត​ដែល​ភ្ញៀវទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ​គួរតែ​អញ្ជើញ​មក​ទស្សនា​ឱ្យបាន​យ៉ាងហោចណាស់​ក៏​ម្ដង ឬ​ពីរដង​ដែរ ដើម្បីឱ្យ​ស្គាល់​ថា​ជីវភាព​រស់នៅ​របស់​ព​ពួ​ល​សត្វ​ស្លាប រួមផ្សំ​នឹង​ទេសភាព ទិដ្ឋភាព​នៅ​ទីនោះ ដូចគ្នា ឬ​ខុសគ្នា​យ៉ាងណាខ្លះ​ទៅនឹង​អ្វីដែល​លោកអ្នក​ធ្លាប់​ជួប​៕

ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×