Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែ​ពិភាក្សា​ជាមួយនឹង​ភាគី​ថៃ លើ​របប​គ្រោះថ្នាក់​ការងារ ថែទាំ​សុខភាព និង​ប្រាក់​សោធន​និវត្តន៍ ជូន​ដល់​ពលករ​កម្ពុជា ដូច​ពលករ​ថៃ​ដែរ​

spot_img

​ប្រទេស​ថៃ ​៖ លោក អ៊ិត សំហេង បាន​ថ្លែង​ប្រាប់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅតាម​បណ្តា​រោងចក្រ ក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​ថា ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការរៀបចំ​ផ្តល់​ភាពស្របច្បាប់ ជូន​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ធ្វើការ នៅក្នុង​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​ពិភាក្សា ជាមួយនឹង​ភាគី​ថៃ ដើម្បី ការពារ​សុវត្ថិភាព សិទ្ធិ​ការងារ ដែល​ក្នុងនោះ​រួមមាន របប​គ្រោះថ្នាក់​ការងារ របប​ថែទាំ​សុខភាព និង​ប្រាក់​សោធន​និវត្តន៍ ជូន​ដល់​ពលករ​កម្ពុជា ដូច​ពលករ​ថៃ​ដែរ​។​

​ថ្ងៃ​ពុធ ទី​២៤ ខែ​មករា ឆ្នាំ​២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ ចំនួន​៥២៦ នាក់ ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន​១.៧៣០ នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត​សាច់មាន់ របស់​ក្រុមហ៊ុន​សាន់​ហ្វូត អិន​ធើ​ណាសិ​នណាល់ នៅ​រោងចក្រ (Sun Food International Co.,Ltd) ក្នុង​ខេត្ត​សារ៉ាក់​បុរី នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។​

​លោក​រដ្ឋមន្ត្រី​បាន​ពាំនាំ​មក​នូវ ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ខ្មែរ​រស់នៅ​ថៃ​ទាំងអស់ ទោះបីជា​បងប្អូន​ចាក​ចេញ​មក​ធ្វើការ​នៅ​ក្រៅ​ស្រុក​ក៏ដោយ ក៏​សម្តេច​នៅតែ​ចាត់​គណៈប្រតិភូ​ចុះ​មក​តាមដាន​ពី សុខទុក្ខ និង​តាមមើល​ការខុសត្រូវ​បងប្អូន​យើង​ជាប់​ជានិច្ច​ធ្វើយ៉ាងណា​ឲ្យ​បងប្អូន​ពលករ​យើង​ទទួលបាន​នូវ​ភាពស្របច្បាប់​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ “​ខ្ញុំ​បាន​មក​ជួប​ចរចា​ម្តង​ទៀត​ជាមួយ​ភាគី​ថៃ​ជា​លទ្ធផល ភាគី​ថៃ​បាន​ព្រម​ពន្យា​ពេល​រយៈពេល​៦​ខែ​ទៀត​រហូតដល់​ខែមិថុនា ២០១៨ ដើម្បី​ក្រុមការងារ រៀបចំ​ឯកសា​ផ្តល់​ភាពស្របច្បាប់​ជូន​ដល់​បងប្អូន​ពលក​រដែ​ល​កំពុងធ្វើការ និង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ហេតុដូចនេះ​សូម​បងប្អូន​ធ្វើការ​ដោយ​ស្ងប់ចិត្ត ហើយ​បើ​បងប្អូន​មិន​ទាន់​មាន​ឯកសារ​ស្របច្បាប់​សូម​នាំគ្នា​ទៅ​ធ្វើ​អោយបាន​ទាន់ពេលវេលា​”​។ លោក​បញ្ជាក់ថា ទាំងនេះ​ក៏​ដោយសារ​តែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ ដែល​បាន​ផ្ដល់ឱកាស​ជូន​ពលករ​កម្ពុជា​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រមទាំង បន្ត​គោលនយោបាយ​ធានា សុវត្ថិភាព និង​ភាពស្របច្បាប់​ចំពោះ​បងប្អូន​ខ្មែរ​នៅ​ទីនេះ​ផងដែរ ។​

​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​លើកឡើងថា ក្រុម​ការងារ​ផ្តល់​ភាពស្របច្បាប់ យើង​កំពុង​បន្ត​ការងារ​ដោយ​៖
១-​ផ្ដល់​លិខិត​ធ្វើ​ដំណើរ​និង​ប័ណ្ណ​ពលករ ៣ មណ្ឌល ដែល​មាន​ទីតាំង​នៅ​ទីក្រុង​បាងកក ខេត្ត​រ៉ាកយ៉ង និង​ខេត្ត​សុង​ខ្លា ធ្វើ​មួយ​ថ្ងៃ​ហើយ តម្លៃ ២.៣៥០​បាត​។​២-​ចែក​ឯកសា​ធ្វើដំណើរ​(TD) និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (OCWC) ដែល​ធ្វើ​រួច​ហើយ​ចំនួន​១២​ម៉ឺន នៅសល់​១១​ម៉ឺន តម្លៃ​៩៥០​បាត​។ ៣-​រៀបចំ បន្ថែម​ក្រុម​ចល័ត​២​ទៀត ចុះ​តាម​កន្លែង​ដែល​មាន​ពលករ​ខ្មែរ​ច្រើន​តាម​សំណូមពរ​ភាគី​ថៃ ៤-​អនុញ្ញាតិ​ឲ្យ​សុំ​លិខិត​ពី​មន្ទី​រកា​ងារ​ថៃ​ដោយ​អាច​ទៅ​ធ្វើ​ឯកសារ​ពី​ក្នុង​ប្រទេស​បាន ៥-​បើក​មណ្ឌល​ផ្ដល់​ឯកសា​ធ្វើដំណើរ​(TD) និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (OCWC)​ចំនួន​បី កន្លែង រយៈពេល​បី​ថ្ងៃ នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ កោត​ស​សើរ​ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​យើង​ថា “​បងប្អូន​គឺ​ជា​ពលរដ្ឋ​ដ៏​ឆ្នើម​របស់​ជាតិ ដែល​បាន​រក​ចំណូល​ជួយ​ដល់​គ្រួសារ អោយមាន​ជីវភាព​កាន់តែ​ប្រសើរ កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍន៍ ប្រទេសជាតិ​។​ម្យ៉ាងវិញទៀត បងប្អូន​ពលករ​យើង ចេះ​ជំនាញកា​ងារ​ដែល​កំពុង​ធ្វើ​នេះ​ស្រាប់ ហើយ​ពេល​ត្រឡប់​ទៅ​ប្រទេស​វិញ​អាច​យក​ជំនាញ​ទាំងនេះ​ទៅ​ធ្វើការ​នៅក្នុង​ស្រុក​បាន​” ។​

​ឯកឧត្តម ក៏​បាន​ធ្វើការ អំពាវនាវ​ដល់​បងប្អូន​ពលករ​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ថៃ គឺ​ត្រូវ​អនុវត្ត​ច្បាប់​របស់​ប្រទេស​គេ​អោយ​បានល្អ ជៀសវាង​កុំ​ធ្វើ​ពលករ​ខុសច្បាប់ ដែល​នាំឲ្យ​គេ​កេង​ប្រវ័ញ្ចយក​ផលប្រយោជន៍​ពី​បងប្អូន ត្រូវ​ពិន័យ និង ត្រូវ​ជាប់ទោស​ទៀតផង​។ បងប្អូន​ត្រូវ ថែរក្សា​សុខភាព ខំរៀន​ជំនាញ​ដើម្បី​អនាគត និង​ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​បី​ដូចជា​ក្រុម​គ្រួសារ​តែ​មួយ ដូច​ពាក្យចាស់​ពោល​ថា “​នៅ​ផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែ​មួយ​”​។ ទន្ទឹមនឹងនេះ​ឯកឧត្តម បាន​ស្នើសុំ​ថៅកែ​ក្រុមហ៊ុន បន្ត​ទទួល​ពលករ​ខ្មែរ និង​ផ្ដល់​ក្ដី​ស្រឡាញ់ ព្រមទាំង​អត្ថប្រយោជន៍​ដូច​ពលករ​ថៃ និង សុំ​ស្ថានទូត​បន្ត​យកចិត្តទុកដាក់​តាមដាន​ដោះស្រាយ​រាល់​បញ្ហា​នានា​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ថៃ​ផង​ដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×