អង្គការសុខភាពពិភពលោកកាលពីថ្ងៃចន្ទបានធ្វើការព្រមានថា ប្រទេសទាំងឡាយណាដែលមានអត្រាឆ្លងវីរុសកូរ៉ូណាកំពុងធ្លាក់ចុះ អាចនៅតែប្រឈមនឹង “ការឆ្លងកម្រិតខ្ពស់ជាលើកទី ២” ប្រសិនជាប្រទេសទាំងនោះធ្វើការបន្ធូរបន្ថយវិធានការ ក្នុងការទប់ស្កាត់ការរាតត្បាតលឿនពេក។
លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក បាននិយាយថា ពិភពលោកកំពុងស្ថិតនៅចំណុចកណ្តាលនៃរលកទី ១នៃការរាតត្បាតវីរុសកូរ៉ូណា ដោយលោកបញ្ជាក់ថា ខណៈដែលមានការឆ្លងធ្លាក់ចុះនៅក្នុងប្រទេសមួយចំនួន ការឆ្លងនៅតែកើនឡើងនៅអាមេរិចកណ្តាល និងខាងត្បូង នៅអាស៊ីខាងត្បូង និងអាហ្វ្រិច។
លោកថ្លែងថា ការរាតត្បាតជារឿយៗកើតឡើងជារលក ដែលមានន័យថា ការផ្ទុះវីរុសអាចនឹងកើតឡើងវិញនៅចុងឆ្នាំនេះ នៅកន្លែងណាដែលរលកនៃការរាតត្បាតទី ១ស្រាកស្រាន្ត។ វាក៏មានឱកាសផងដែរ ដែលអត្រាឆ្លងអាចនឹងកើនឡើងម្តងទៀតយ៉ាងលឿន ប្រសិនជាវិធានការដើម្បីទប់ស្កាត់ការរាតត្បាត ត្រូវបានគេដកចេញលឿនពេក។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការណ៍ថា COVID-19 បានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ វីរុសមរណៈនេះ បានសម្លាប់មនុស្សជាង ៣៤៦.០០០នាក់ និងឆ្លងទៅកានមនុស្សជិត ៥,៥លាននាក់ទូទាំងពិភពលោក។ អ្នកជំងឺជាង ២,២៣លាននាក់ជាះស្បើយទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters