ខេត្តស្វាយរៀងៈនៅថ្ងៃអង្គារទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលាឃុំម្រាម ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ១៤ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារ មានជីវភាពខ្វះខាត ១២ គ្រួសារ ) សរុបចំនួន ២៩ គ្រួសារ មកពីឃុំម្រាម ស្រុករមាសហែក ដែលពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមានការនិមន្តចូលរួមពី ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា និងជាព្រះគ្រូចៅអធិការវត្ត នន្ទមុនី ព្រមទាំងលោកជំទាវជាសមាជិកគណៈកម្មាធិការសាខា ។
នាឱកាសនោះ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿ បានមានសង្ឃដីកាសាកសួរសុខទុក្ខ និងការផ្តាំផ្ញើក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ព្រះតេជគុណ ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ព្រោះថាប្រទេសកម្ពុជាយើងទើបតែរកឃើញករណីឆ្លងថ្មីពីរករណីបន្ថែមទៀត ដែលសរុបអ្នកកើតជំងឺកូវីដ ១៩ កើនដល់ ១២៤ នាក់ ជាសះស្បើយ ១២២ នាក់ ៕
ដោយ៖ វ៉ៃកូ