Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ករណី​អតីត​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ

spot_img

​ភ្នំពេញ​៖ Cambodian Center for Human Rights មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ករណី​លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ស្នើ​សុំឱ្យ​ប្រគល់​នូវ​វត្ថុ​ដែល​ចាប់យក​។

​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ កន្លងទៅ សាលាឧទ្ធរណ៍​បាន​តម្កល់​សេចក្តីសម្រេច របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ច្រានចោល​ការស្នើសុំ​របស់​អ្នក​ទាំងពីរ ឱ្យ​ប្រគល់​វត្ថុ​ដែល​ចាប់យក​ត្រឡប់មកវិញ​ដោយ​លើក​ហេតុផល​ថា វត្ថុ​ទាំងនោះ​ចាំបាច់​សម្រាប់​ការស៊ើបអង្កេត​បន្ថែម​។

​អ្នក​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ពីបទ ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើឱ្យ​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ កាលពី​ខែតុលា​ឆ្នាំមុន សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ការស៊ើបអង្កេត លើ​ករណី​របស់​អ្នក​ទាំងពីរ​ធ្វើឱ្យ​ពួកគេ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ ខណៈពេលដែល​ការបន្ត​នីតិវិធី​ខុស​ប្រក្រតី ជាការ​រារាំង​ដល់​ដំណោះស្រាយ ក្នុងករណី​របស់​ពួកគេ​។​

​លោក យាង សុធា​រិន្ទ និង​លោក អួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។ អ្នក​ទាំងពីរ​ជាប់ចោទ​ពីបទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើឱ្យ​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ សំណើរ​សុំ​នៅក្រៅ​ឃុំ​លើកដំបូង​អ្នក​ទាំងពីរ​ធ្លាប់​បានធ្វើ​ការឱ្យ​វិទ្យុ​អាស៊ីសេរី​ដែល​បច្ចុប្បន្ន​បាន​បិទ​ការិយាល័យ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​បដិសេធ​មុនពេល​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ហើយ​ក្រោយមក​មិនយូរប៉ុន្មាន សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពួកគេ​ទាំងពីរ​ពីបទ “​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស តាម​មាត្រា ៣៩ នៃ​ច្បាប់​ស្ដីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ បើ​បទ​ចោទ​ទាំងនេះ​បូក​បញ្ចូល​គ្នា ពួកគេ​ម្នាក់ៗ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ១៦ ឆ្នាំ​។ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ អ្នក​ទាំងពីរ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បន្ទាប់ពី​ជាប់ឃុំ​ឃាំង​រយៈពេល​ជាង​ប្រាំបួន​ខែ ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×