Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​ក្លាយជា​គោលដៅដំបូង​មុនគេ ដែល​ទេសចរ​អន្តរជាតិ ត្រូវ​ត្រឡប់មក​កម្សាន្ត​វិញ ក្រោយ​ចប់​វិបត្តិ​កូ​វីដ -១៩

spot_img

​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Chiho Kang បាន​លើកឡើងថា “​ក្រោយពី​វិបត្តិ​កូ​វីដ​-១៩ ធូរស្បើយ​ទៅវិញ នៅ​ទូទាំង​ពិភពលោក ព្រះរាជាណាចក្រ កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ដំបូង​គេ​ដែល​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រូវ​ត្រឡប់មក​ទស្សនា​កម្សាន្ត​វិញ ។​

ការ​ថ្លែង កោត​ស​សើរ​និង​ការវាយតម្លៃ​ខ្ពស់​បែបនេះ របស់ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានធ្វើ​ឡើង​ក្នុង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ ។​

​បានជា​លោក Pablo Chiho Kang លើកឡើង​យ៉ាង​ដូច្នេះ ក៏ដោយ​សារ​លោក​បាន​ទៅ​ទស្សនកិច្ច​ដោយផ្ទាល់​នៅតាម​គោលដៅ​ទេសចរណ៍​នានា តាំងតែ​ពី​លោក​បាន​មកដល់​ប្រទេស​កម្ពុជា ប្រទេស​ក្នុង​ក្ដី​ស្រមៃ​របស់លោក​លើកដំបូង ​ដូចជា​នៅ​សៀមរាប​-​អង្គរ តំបន់ឆ្នេរ​សមុទ្រ (​ព្រះសីហនុ កំពត កែប កោះកុង​) ខេត្តបាត់ដំបង ភូមិភាគ​ឦសាន​ជាដើម ​ដោយ​លោក​បាន​កោតសរសើរ​ថា​នៅ​តំបន់​ទាំងនោះ គឺ​ពិតជា​ស្រស់ស្អាត​ប្លែក​ភ្នែក និង​មាន​ភាព​ទាក់ទាញ​ខ្ពស់​ដែលជា​ក្ដី​ប៉ងប្រាថ្នា​របស់​ភ្ញៀវទេសចរ​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​បន្ត ព័ត៌មាន​អំពី​សក្ដានុពល​ទេសចរណ៍ ទិដ្ឋភាព ទេសភាព​ដ៏​ស្រស់ត្រកាល​មាននៅ​កម្ពុជា​នេះ ​លោក​ក៏មាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅ​ប្រទេស​កំណើត​របស់លោក​ដែរ​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ច្រើនណាស់​ដែល​ចង់​មក​ទស្សនា​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រសាត់​ផុត​ទៅ​។​​ម្យ៉ាងវិញទៀត កិត្តិនាម​មនុស្សធម៌​សប្បុរសធម៌​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ​បាន​សណ្ដោស​ប្រណី​ចំពោះ​ភ្ញៀវទេសចរ​នៅលើ​នាវា Westerdam ឱ្យចូល​ចត​នៅ​ក្រុងព្រះសីហនុ​នោះ ​គឺ​ពិតជា​មាន​ភាព​ល្បី​សុះសាយ​ខ្លាំង​នៅក្នុង​សង្គម​អូស្ត្រាលី ដូច្នេះហើយ​ប្រជាពលរដ្ឋ​ច្រើនណាស់ ​តែងតែ​ចង់​មក​ទស្សនា​ដោយផ្ទាល់​នៅលើ​ទឹកដី​ករុណា​ធម៌​មួយ​នេះ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការ​អរគុណ​ចំពោះ​ការចូលរួម​របស់​ស្ថានទូត​អូស្ត្រាលី ក៏ដូចជា​លោក​ឯកអគ្គរដ្ឋទូត​ផ្ទាល់​ដែលមាន​ក្ដី​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មានការ​ផ្សព្វផ្សាយ​បន្ថែម​កាន់តែខ្លាំង ពី​គោលដៅ​ទេសចរណ៍​នៅកម្ពុជា​ទៅកាន់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​កម្ពុជា​កំពុង​ខិតខំ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​របស់ខ្លួន​យ៉ាង​យកចិត្តទុកដាក់និង​បង្កើន​ស្ដង់ដា​ការពារ​សុវត្ថិភាព​សុខភាព​កាន់​តែមានប្រសិទ្ធ​ភាព​ជាង​មុន ​ត្រៀម​ទទួល​វត្តមាន​ភ្ញៀវទេសចរ​ដែល​នឹង​ត្រលប់មក​ទស្សនា​នៅពេល​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​នេះ​។

ឯកឧត្ដម​បណ្ឌិត ថោង ខុន ក៏បាន​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ជួយផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្តទៀត​។

​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណ ៣.៥០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដោយ​ទទួលបាន​អាហា​រូបករណ៍​ពី​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា ក្នុងនោះ​ក៏មាន​មុខវិជ្ជា​ទេសចរណ៍​ផងដែរ​។​

ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ទៅកាន់​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត Pablo Chiho Kang ​ជួយ​ព​ន្លឿ​ន​ការរៀបចំ​ឱ្យមាន​ជើងហោះហើរ​ត្រង់ កម្ពុជា​-​អូស្ត្រាលី ដើម្បី​ជំរុញឱ្យមាន​កំណើន​ទេសចរកាន់តែច្រើន ​ខណៈ​ចំនួន​ភ្ញៀវទេសចរ​ពី​អូស្ត្រាលី​មក​កម្ពុជា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ (​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ​១២​ម៉ឺន​នាក់​)​។

​កន្លងមក ដើម្បី​ធ្វើដំណើរ​ទៅមក​កម្ពុជា​-​អូស្ត្រាលី ភ្ញៀវទេសចរ និង​អ្នកដំណើរ​ត្រូវ​ឆ្លងកាត់​ប្រទេស​ថៃ ឬប្រទេស​សិង្ហ​បុរី​មួយ​ដំណាក់​សិន មុន​ចូល​មកដល់​ប្រទេស​កម្ពុជា ឬ​ទៅដល់​ប្រទេស​អូស្ត្រាលី​។​

សំណើ​រទាំង​អម្បាលម៉ាន​ខាងលើនេះ ត្រូវបាន​លោក​ឯកអគ្គរដ្ឋទូត Pablo Chiho Kang ទទួលយក​ទាំង​ក្ដី​រីករាយ​ដោយបាន​សន្យាថា​នឹង​លើកឡើង​ជូន​រដ្ឋាភិបាល​របស់លោក​សំដៅ​បន្ត​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​អូស្ត្រាលី​ឱ្យ​កាន់តែ​ល្អប្រសើរ​ខ្លាំង​ឡើង​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×