Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរដ្ឋបាល​ជលផល ហាម​ពលរដ្ឋ ទទួលទាន​ត្រី​ក្រពត​ពុល ទាំង​៥​ប្រភេទ ខណៈ​មនុស្ស​២​នាក់​នៅ​ខេត្តកំពង់ស្ពឺ ស្លាប់​ពេល​ពិសា​ត្រី​នេះ​

spot_img

​ស្ទឹងត្រែង​៖​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល បាន​ហាម​ពលរដ្ឋ​កុំ​ឲ​ទទួលទាន​ត្រីក​ពត ព្រោះ​បណ្តាល​ឲ្យ​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​មាន​សារធាតុពុល​។​

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា យោងតាម​ការស្រាវជ្រាវ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​រកឃើញ​នៅ​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ ក្នុងនោះ​៥​ប្រភេទ មាន​សារធាតុពុល​។

​ត្រី​ក្រពត​ពុល​ទាំង​៥​ប្រភេទ​នោះ គឺ ១.​ក្រពត​កូសាំងស៊ីន ២.​ក្រពត​អុច​ធំ ៣.​ក្រពត​ភ្នែក​ក្រហម ៤.​ក្រពត​អុច​បៃតង និង​៥.​ក្រពត​ខ្មៅ (​សូម​ពិនិត្យ​រូបភាព​ភ្ជាប់​ជាមួយ​)​។ សារធាតុពុល នៅក្នុង​ក្រពត​ប្រែប្រួល ទៅតាម​រដូវ​កាល គឺ​កម្រិត​ពុល​ខ្ពស់បំផុត នៅ​រដូវ​ពង​កូន​ដែលជា​ធម្មតា ចាប់ពី​ខែកុម្ភៈ ដល់​ខែកញ្ញា​។

​ចំពោះ​សារធាតុពុល​ក្នុង​ខ្លួន​ក្រពត ក៏មាន​កម្រិត​ខុសគ្នា​ដែរ​គឺ ពង និង​ស្ពែ​ម មាន​សារធាតុពុល​ខ្ពស់​ជាងគេ បន្ទាប់មក​គឺ​ថ្លើម ពោះវៀន ស្បែក​និង​សាច់​។

​អ្នក​ដែល​បាន​បរិភោគ​ត្រី​ក្រពត​ទាំង​៥​ប្រភេទ​ខាងលើ អាច​បណ្តាល​ឲ្យ​ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុងដៃ​ជើង រាគ​រួស ក្អួតចង្អោរ​ឬ អាច​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​
ដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​របស់​យើង សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ពិនិត្យ​ប្រភេទ​ក្រពត ឲ្យ​បានច្បាស់លាស់ ជាពិសេស​ក្រពត​ទាំង​៥​ប្រភេទ ដូច​បាន​ជម្រាបជូន​ខាងលើ​។ ម្យ៉ាងទៀត​បើ​មាន​អាការ​ដូច​ពោល​ខាងលើ សូម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ ដើ​ម្បើ​ជួ​យស​ង្រោះ​បន្ទាន់ ដោយ​កុំ​ធ្វេសប្រហែស​ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ម៉ោង​៦ ល្ងាច នៅក្នុង​ភូមិ​មួយ នៃ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មានដំណើរ​រឿង ពុល​ត្រី​កំពត​ស្លាប់ ក្រោយ​បរិភោគ​ទទួលទាន​អាហារ​ពេល​ល្ងាច មួយសន្ទុះ​ក្រោយមក​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ភ្លាមៗ រួមមាន ១)-​ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ២)-​ឈ្មោះ ហុង សា​រ៉ា​ត ហៅ ប៉ែ អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​មក​ស្នាក់នៅ​ធ្វើការ ភូមិ​ស្រែ​កិន ឃុំ ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​ក្នុង​ហេតុការណ៍​ខាងលើ មាន​មនុស្ស​៥​នាក់ បាន​ហូប​ត្រី​កំពត​ជាមួយគ្នា ប៉ុន្ដែ​អកុសល ២​នាក់​បាន​ពុល​ជួយសង្គ្រោះ​មិនបាន​ស្លាប់​តែម្ដង ចំណែក ៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ពួកគាត់​បាននាំគ្នា​យក​ត្រី​ដែល​អូស​បាន​យកមក​ធ្វើ​ម្ហូប​ដូច​សព្វមួយដង មិនដឹងថា​ត្រី​កំពត​មាន​ឥទ្ធិពល​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​អស្ចារ្យ​អាច​ប្រហារជីវិត​មនុស្ស​បាន​នោះទេ គ្រាន់តែ​អាចម៍​ត្រី​កំពត ដែល​ធ្វើ​បោះចោល​ទៅលើ​ដី ត្រូវ​សត្វ​មាន់ ឆ្កែ ស៊ី ក៏ត្រូវ​ពុល​ស្លាប់​ដែរ (​មាន់ ៧​ក្បាល​,​ឆ្កែ ១​ក្បាល​) ។​

​ជនរងគ្រោះ​ដែល​បាន​សង្គ្រោះ​ទាន់ពេលវេលា ១.​ឈ្មោះ​ម៉ៅ សេង ហៅ យាយ​ឡ​ច ភេទ​ស្រី​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ២.​ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ៣.​ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។​

​នគរបាល​ខេត្តកំពង់ស្ពឺ ជាការ​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស សូម​មេ​ត្ដា​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ការទទួល​ទាន​អាហារ​ប្រចាំ​ថៃ្ង ពិសេស​ករណី​ត្រី​កំពត​នេះ ជាទូទៅ​មាន​មនុស្ស​ពុល​ស្លាប់​មិនតិច​នាក់​ទេ​កន្លងមក អ្នកខ្លះ​មិន​ស្លាប់ ដោយសារតែ​ការជួយ​សង្គ្រោះបាន​ទាន់ពេល​តែប៉ុណ្ណោះ ៕

ដោយៈ​សុខុម​

spot_img
×