Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បានស្នើ​សមត្ថកិច្ច​តាម​ព្រំដែន​ទប់ស្កាត់​ពលរដ្ឋ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ និង​ចាប់​មេខ្យល់​យកមក​ផ្តន្ទាទោស​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈមមុខ នឹង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ ពិសេស​មុខសញ្ញា​ងាយ​រងគ្រោះ ក្នុង​អំពើ​ជួញដូរ​មនុស្ស និង​ក្រុម​ប្រជាពលរដ្ឋ ជា​ពលករ​ដែល​ប៉ុនប៉ង​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ សម្ដេច​ក្រឡាហោម បានស្នើ​សមត្ថកិច្ច​តាម​ព្រំដែន​ទាំងអស់ ពិសេស​រដ្ឋបាល​ដែនដី កម្លាំង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ កងកម្លាំង​នគរបាលជាតិ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត រួម​សហការគ្នា​ទប់ស្កាត់​ពលរដ្ឋ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ និង​ចាប់​មេខ្យល់​យកមក​ផ្តន្ទាទោស​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​អញ្ជើញ​ជា​អធិបតី ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ ។​

​ជា​កិច្ច​ចាប់ផ្ដើម លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​គូសបញ្ជាក់​អំពី​ស្ថានភាព​ប្រឈម នៃ​អំពើ​ជួញដូរ​មនុស្ស​នាពេល​ចុងក្រោយ​នេះ ដែល​កើតឡើង​ដោយសារ​ការនាំ​ពលរដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់ ពិសេស​ឆ្លងដែន​ពី​កម្ពុជា​ចូលទៅ​កាន់​ប្រទេស​ថៃ នៅក្នុងពេល​ប្រទេស​ថៃ​បាន​រឹតបន្តឹង​ទាំង​ផ្ទៃក្នុង​ប្រទេស និង​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មី​នេះ​ជា​ចាំបាច់ ។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​មានប្រសាសន៍​បញ្ជាក់ជូន​សម្ដេច និង​អង្គពិធី​អំពី​លទ្ធផល​ការងារ ប្រ​យ​ទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស ពាក់ព័ន្ធ​នឹង​ការងារ​ច្បាប់ គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្តិ និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ការបង្ការ​ទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​ឆ្លើយតប​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស កិច្ចការពារ​ជនរងគ្រោះ និង​ការផ្ដល់សេវា​គាំទ្រ ការលើកកម្ពស់​សមត្ថ​ភាព​គាំទ្រ ទាំង​នៅក្នុង​កម្រិត​ផ្ទៃ​ប្រទេស និង​ក្រៅប្រទេស​។​

​លោកជំទាវ​បន្តថា កាលពី​ឆ្នាំ​២០១៩ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​បាន​តាមដាន ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​ចំនួន​១៦៩​លើ​១៣៤​ករណី កើន​៣៥​ករណី ស្មើនឹង​២៦,១១​ភាគរយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​២២៩​លើ​២២៤​នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ និង​បាន​សង្គ្រោះ​ជនរងគ្រោះ​ចំនួន​៤៥៦​នាក់​លើ​២៣០​នាក់ ព្រមទាំង​បាន​ផ្ដន្ទាទោស​ជនល្មើស​បានជា​ច្រើន​កររ​ណី​ទៀត​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សាទរ​ចំពោះ​លទ្ធផល នៃ​ការ​ប្រ​យ​ទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​ការព្យាបាល​អ្នក​ជំងឺ​ឱ្យបាន​ជាសះស្បើយ និង​គ្មាន​អ្នកស្លាប់ ដែល​ការងារ​នេះ​ត្រូវបាន​សម្ដេច​សង្កត់ធ្ងន់​ថា ជា​លទ្ធផល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ ពិសេស​អង្គការ​សុខភាព​ពិភពលោក​។​

​យ៉ាងណាក៏ដោយ សម្ដេច​នៅតែ​បន្ត​ទទូច​ឱ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​បន្ត​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធាន​ការការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជា​បន្តទៀត​ជាមួយ​រាជរដ្ឋាភិបាល ដោយ​មិនត្រូវ​មើលស្រាល​សភាពការណ៍ និង​បាត់​ការប្រុងប្រយ័ត្ន​នោះទេ ដ្បិត​សម្ដេច​សង្កេតឃើញថា​មួយ​រយៈពេល​មកនេះ ប្រជាពលរដ្ឋ​ហាក់ដូចជា​បន្ធូរដៃ​ខ្លះ​ចំពោះ​ការប្រុងប្រយ័ត្ន និង​ថា​ដរាបណា​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩​មិនទាន់​រកឃើញ​ទេ យើង​មិនអាច​ធ្វេសប្រហែស​បានឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ និង​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់ ទោះបី​មានការ​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​ក៏ដោយ​។ សម្ដេច​បាន​មានប្រសាសន៍ថា​បញ្ហា​ថ្មីៗ​ចុងក្រោយ​នេះ គឺ​ការប្រឈមមុខ​នឹង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ ពិសេស​មុខសញ្ញា​ងាយ​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស និង​ក្រុម​ប្រជាពលរដ្ឋ​ជា​ពលករ​ដែល​ប៉ុនប៉ង​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។​

​ជាថ្មី​ម្ដងទៀត សម្ដេច​បានស្នើ​សមត្ថកិច្ច​តាម​ព្រំដែន​ទាំងអស់ ពិសេស​រដ្ឋបាល​ដែនដី កម្លាំង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ កងកម្លាំង​នគរបាលជាតិ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត រួម​សហការគ្នា​ទប់ស្កាត់​ពលរដ្ឋ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ និង​ចាប់​មេខ្យល់​យកមក​ផ្តន្ទាទោស​។ សម្ដេច​ក្រឡាហោម ក៏បាន​បន្ត​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ អំពី​ហា​នី​ភ័យ​សម្រាប់​ពលករ​នៅក្រៅ​ប្រទេស ដោយ​ត្រូវ​សហការ​ជាមួយ​ស្ថានទូត​នៅ​ប្រទេស មាន​ពលករ​ទៅធ្វើ​ការ​នូវ​លទ្ធភាព​ផ្សេងៗ​ដែល​អាច​នាំឱ្យ​ងាយ​រងគ្រោះ​ដោយ​អំ​ពោះ​កេង​ប្រ​វ​ញ្ញ និង​ការជួញដូរ​ក្រោមរូបភាព​ផ្សេងៗ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​អំពី​លទ្ធផល​នៃ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​នីតិវិធីតុលាការ​ពាក់ព័ន្ធ​នឹង​ការងារ​នេះដែរ ដោយ​សម្ដេច​បាន​ឆ្លៀត​យក​ឱកាស​នេះ បង្ហាញ​ការគាំទ្រ​ជាថ្មីទៀត​ចំពោះ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ដែល​បាន និង​កំពុង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌​។ សម្ដេច​បានចាត់ទុក​យុទ្ធនាការ​នេះ​ថា ជាការ​ឈានទៅ​ដោះស្រាយ​ភាព​អសកម្ម​មួយចំនួន ដូចជា​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដែលនាំឱ្យ​ខាតបង់​ថវិកាជាតិ​ផង នាំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ជាប់ឃុំ​ផង និង​នាំឱ្យមាន​ការរិះគន់​ពី​អង្គការ និង​សហគមន៍​អន្តរជាតិ​ផង​។​
​ពាក់ព័ន្ធ​នឹង​យុទ្ធនា​ការដែល​អាចឈាន​ទៅ​ដោះលែង​អ្នក​ជាប់ឃុំ​មួយចំនួន ដូចជា​ជន​ដែល​អនុវត្ត​ទោស​បាន​ជិត​រួល​រាល់ ឬ​មានទោស​ក្នុង​កម្រិត​ស្រាល​ជាដើម​នោះ សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ជាមុន​ហើយ​អំពី​លទ្ធភាព​នៃ​ការគ្រប់គ្រង និង​តាមដាន​អ្នក​ទាំងនោះ ពោលគឺ​ប្រសិនបើ​ពួកគេ​បន្ត​ប្រព្រឹត្តល្មើស​បន្ទាប់ពី​មាន​សេរីភាព នោះ​ការទទួលខុសត្រូវ​ផ្លូវច្បាប់​នឹង​កាន់​តែមាន​ទំងន់​ធ្ងន់​ជាង​មុន​។​

​សម្ដេច​បាន​ថ្លែង​ទទួលស្គាល់ថា អាច​នឹងមាន​ការរិះគន់​បន្តទៀត​ចំពោះ​ការងារ​នេះ ប៉ុន្តែ​សម្ដេច​បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យ​ក្រសួង​យ​ត្តិ​ធម៌ និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខិតខំ​បំពេញភារកិច្ច​ឱ្យបាន​ល្អ ត្បិត​ថា​កាលពី​ពន្ធនាគារ​ចង្អៀត​ណែន យើង​បាន​រង​ការរិះគន់​រួចមកហើយ ហើយ​ពេល​មានការ​អនុវត្ត​នីតិវិធី​ដោះលែង​អ្នកទោស​ខ្លះ​នេះ យើង​ក៏​នឹង​អាច​ទទួលរង​ការរិះគន់​ទៀត​ដែល​នេះ គឺជា​រឿង​ធម្មតា​នៃ​សង្គម​ប្រជាធិបតេយ្យ ពោលគឺ​អ្វីដែល​សំខាន់​យើង​ត្រូវធ្វើ​ទៅតាម​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​អំពី​ដំណើរការ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​ចាប់តាំងពី​ថ្ងៃទី​១​ខែឧសភា​រហូតមកដល់​ថ្ងៃនេះ មាន​អ្នក​រិះគន់​ប្រមាណ​មិន​ដល់​១​ភាគរយ​ទេ ដែល​បាន​យល់​ខុស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​នគរបាល​ចរាចរណ៍​។ សម្ដេច​បានបញ្ជាក់​ជាថ្មី​ទៀតថា ប្រសិនបើ​ពលរដ្ឋ​អ្នកដំណើរ​មិន​ប្រព្រឹត្ត​ខុស​អ្វី​ពេល​កំពុង​បើកបរ គឺ​គ្មាន​សមត្ថកិច្ច​ណា​ឃាត់​សួរនាំ​រក​ឯកសារ​នោះទេ​។​

​សម្ដេច​បានបង្ហាញ​ភាព​រីករាយ ចំពោះ​អត្រា​ធ្លាក់ចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គិត​ត្រឹម​រយៈពេល​២៦​ថ្ងៃ​កន្លងមក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ និង​ធៀប​នឹង​ខែមេសា​ឆ្នាំ​២០២០​។ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ គឺ​គ្រោះថ្នាក់​បាន​ថយចុះ​១១២​លើក ស្មើនឹង​៣៨​ភាគរយ​, អ្នកស្លាប់​បាន​ថយចុះ​៣៤​នាក់ ស្មើនឹង​២៦​ភាគរយ​,​អ្នករបួស​ថយចុះ​១៦៥​នាក់ ស្មើនឹង​៣១​ភាគរយ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែមេសា​កន្លងទៅ មាន​អ្នកស្លាប់​ថយចុះ​៧​នាក់ រងរបួស​បាន​ថយចុះ​រហូតដល់​៨២​នាក់​។​

​ផ្អែកលើ​លទ្ធ​ផ​នេះ សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា វិធានការ​នេះ​នឹងមិន​ត្រូវ​ដកថយ​ជាដាច់ខាត គឺ​សមត្ថកិច្ច​ត្រូវ​បន្តធ្វើ និង​ប្រកបដោយ​ការយកចិត្តទុកដាក់​ក្នុង​ការគោរព​សីលធម៌​វិជ្ជាជីវៈ មាន​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ដើម្បី​បានការ​គាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ពេលនេះ​ការគោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា បាន​ដើរ​ដល់​របត់​ថ្មី​មួយ​ហើយ ហើយ​នេះ​គឺជា​កិត្តិយស​របស់​ជាតិ និង​ជាការ​ការពារ​អាយុជីវិត និង​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ ដែល​យើង​ត្រូវតែ​បន្ត​បេសកកម្ម​នេះ​ដោយ​គ្មាន​ការដកថយ​៕

ដោយ​៖​កូ​ឡាប​

spot_img
×