ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនឹងចុះចែកមួកសុវត្ថិភាពប្រាំម៉ឺនបន្ថែមទៀត ដល់ប្រជាពលរដ្ឋខ្មែរ នៅឆ្នាំ២០១៨នេះ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើង ជាពិសេសសមត្ថកិច្ចត្រូវរកវិធានការណ៍ជាជំហានៗ ដើម្បីឲ្យមានភាពសមស្រប ដើម្បីអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះអ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព។
ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ឋផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ដើម្បីជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋឲ្យកាន់តែនៅកម្រិតទាប គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងចុះចែកមួកសុវត្ថិភាពដល់ពលរដ្ឋខ្មែរប្រាំម៉ឺនបន្ថែមទៀត ហើយមិនតែប៉ុណ្ណោះក្រុមការងារពាក់ព័ន្ធទាំងអស់ ក៏ត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ ឲ្យបានខ្លាំងក្លាបន្ថែមទៀតផងដែរ ប៉ុន្តែមិនត្រូវធ្វើឲ្យពលរដ្ឋមានការអាក់អន់ចិត្តពេលចុះអនុវត្តន៍នោះឡើយ ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា “មន្ត្រីអ្នកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការរឹតបន្តឹង ចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ឲ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីជាការពញ្ញាក់ស្មារតីពួកគាត់ ឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ព្រោះថាអត្រាគ្រោះថ្នាក់ និងស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូ ជាក់ស្តែងដូចអ្វីដែលសមត្ថកិច្ចបាននឹងកំពុងធ្វើក្នុងពេលបច្ចុប្បន្នចំពោះអ្នកជិះម៉ូតូដែលមិនពាក់មួក “។
ចំពោះអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាពនេះ គឺសមត្ថកិច្ចក្នុងពេលបច្ចុប្បន្ននេះ គឺធ្វើការឃាត់ម៉ូតូយកទៅទុកមុនធ្វើការពិន័យ ពីព្រោះថាការបាត់បង់ម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារតែកំណើននៃម៉ូតូដែលចាប់បាននេះគឺមានចំនួនច្រើន ដែលវាមិនសមស្របទៅនឹងកន្លែងដែលត្រូវទុកដាក់ម៉ូតូទាំងនេះ ហើយគ្រប់ខេត្តទាំងអស់ មិនថានៅរាជធានីភ្នំពេញនោះទេ គឺត្រូវធ្វើការវិធីដោះស្រាយចំពោះបញ្ហានេះ ធ្វើយ៉ាងណារួមគ្នាកិច្ចសិក្សា និងដោះស្រាយបញ្ហានេះ នេះជាលើកឡើងរបស់សម្តេចក្រឡាហោមស ខេង ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា អ្នកបើកបរតាមដងផ្លូវសាធារណៈគ្មានស្មារតីគោរពច្បាប់ចរាចរណ៍ទេនោះ បើទោះបីមានការរឹតបន្ដឹងច្បាប់យ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើតមាន។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា “ពួកគាត់អ្នកប្រើម៉ូតូ អ្នកប្រើប្រាស់ផ្លូវ អ្នកប្រើប្រាស់ឡានទាំងអស់ហ្នឹង បើសិនណាជាគាត់គ្មានស្មារតីគោរពច្បាប់ទេ ចង់យើងធ្វើមិចក៏នៅតែគ្រោះថ្នាក់ អីចឹងទេកាលដែលយើងយកចិត្តទុកដាក់ ដើម្បីនឹងប្រមូលផ្ដុំផ្សព្វផ្សាយ អប់រំច្បាប់នេះ គឺជាការត្រឹមត្រូវហើយ ដែលទិសដៅក៏មានរំលឹកអំពីបញ្ហានេះដែរ”។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រៅពីបញ្ហាទាំងអស់នេះ ក៏នៅមានបញ្ហារួមផ្សំផ្សេងទៀត ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជា ការផ្សព្វផ្សាយអប់រំមិនទាន់បានទូលំទូលាយ ការរឹតបន្ដឹងច្បាប់មិនទាន់មាននិរន្ដរភាព មិនទាន់ម៉ឺងម៉ាត់ មិនទាន់ព្រមៗគ្នា ឬនៅខ្លាចប៉ះពាល់អារម្មណ៍របស់ប្រជាជន ការរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវមិនទាន់បានល្អប្រសើរ និងការផ្លាកសញ្ញាតាមដងផ្លូវ មិនទាន់បានគ្រប់គ្រាន់។ល។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧ មានចំនួន៣៨១៥លើក មានការថយចុះ បើធៀបជាមួយឆ្នាំ២០១៦ ដែលមានគ្រោះថ្នាក់ចំនួន៤០២៩លើក ។ ប៉ុន្តែ អ្នកស្លាប់មានការកើនឡើងរហូតដល់ជាង៦០នាក់ ក្នុងនោះអត្រាអ្នកស្លាប់ ដោយគ្មានពាក់មួកសុវត្ថិភាពរហូតដល់ជាង៨០ភាគរយ ។
របាយការណ៍បានបន្តថា ចំនួនម៉ូតូខូចខាតឆ្នាំ២០១៧ មានចំនួន៣៩៣៥ គ្រឿង បើធៀបឆ្នាំ២០១៦ ចំនួននេះមានការថយចុះ ដោយឆ្នាំ២០១៦ មានចំនួន៤១៩១គ្រឿង ។ ចំនួនរថយន្តតូចខូចខាតឆ្នាំ២០១៧មានចំនួន ១៥០៨គ្រឿង សម្រាប់ឆ្នាំ២០១៦មានចំនួន១៥៤២គ្រឿង បើប្រៀបធៀប គ្នាចំនួននេះមានការថយចុះ ។ ចំនួនរថយន្តធំខូចខាតឆ្នាំ២០១៧មានចំនួន ៧៦៧គ្រឿង ឆ្នាំ២០១៦មានចំនួន៣១១គ្រឿង ចំនួននេះមានការថយចុះ ។ ចំនួនអ្នកថ្មើរជើងមានគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧មានចំនួន៤០៨នាក់ មាន ការកើនឡើងបើធៀបជាមួយឆ្នាំ២០១៦មានចំនួន៣៩៤នាក់ ។ សម្រាប់អ្នក ដែលមិនបានពាក់មួកសុវត្ថិភាពមានគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧មានចំនួន ២៧៩៦នាក់ បើធៀបជាមួយមានថយចុះ ខណៈឆ្នាំ២០១៦មានចំនួន ២៩០៤នាក់៕ ដោយ៖បញ្ញាស័ក្តិ