Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ពិនិត្យ​វឌ្ឍនភាព​ការងារ​រៀបចំតាក់តែង​សេចក្ដីព្រាង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ត្រួតពិនិត្យ​កម្មវិធី​គោលនយោបាយ​វិស័យ​ពាណិជ្ជកម្ម​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំតាក់តែង​សេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​កម្មវិធី​គោលនយោបាយ​វិស័យ​ពាណិជ្ជកម្ម ក្នុង​គោលដៅ​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​អនុគណៈកម្មការ​ទាំង​១០ នៅក្រោម​គណៈកម្មការ​នេះ​។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី​បានកត់សម្គាល់​នូវ​វឌ្ឍនភាព​ល្អប្រសើរ​នៃ​ការរៀបចំ​សេចក្ដីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ជាពិសេស​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទាក់ទង​នឹង​ច្បាប់​ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

​ក្រៅពីនោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រឹងប្រែង របស់​អនុគណៈកម្មការ​រៀបចំ​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្ដីពី​ម្ហូបអាហារ ដែល​បាន​ជិត​នឹង​ឈានដល់​ដំណាក់កាល​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​។
​ជាមួយ​នោះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី និង​អង្គប្រជុំ​ទាំងមូល​ក៏បាន​ស្ដាប់​នូវ​របាយការណ៍​វឌ្ឍនភាព របស់​អនុគណៈកម្មការ​ដទៃទៀត រួមមាន​អនុគណៈកម្មការ​ទទួល​បន្ទុក​៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​កិច្ចសន្យា​ពាណិជ្ជកម្ម​, ការវាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​, សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា និង​ច្បាប់​ស្ដីពី​ក្ស័យធន​, សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម និង​ច្បាប់​ស្ដីពី​សហគ្រាស​ពាណិជ្ជកម្ម​, សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ភ្នាក់ងារ​ពាណិជ្ជកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត និង​ផ្ដល់​អនុសាសន៍​ណែនាំ​មួយចំនួន​ជូន​ដល់​អនុគណៈកម្មការ​ទាំ​ង​អស់ ដើម្បី​អនុវត្ត និង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​តាក់តែង​សេចក្ដីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ខ្លួន ក្នុង​គោលបំណង​អភិវឌ្ឍន៍​ប្រព័ន្ធ​ច្បាប់ ក្រោម​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ឱ្យ​កើនឡើង និង​មាន​ភាពទំនើប​មួយ​ជំហាន​ទៀត ក៏ដូចជា​បំពេញ​កាតព្វកិច្ច​ការធ្វើ​កំណែទម្រង់​ច្បាប់ របស់​កម្ពុជា​នៅក្រោម​កិច្ចព្រមព្រៀង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​កិច្ចព្រមព្រៀង​ដទៃទៀត​ដែល​កម្ពុជា​ជា​ហត្ថលេខី​៕​

ដោយ​៖​សម្ផស្ស​


spot_img
×